តិច​ច្រឡំ Great Khali ឬ Big Show ជា​អ្នក​កីឡាកាស​ខ្ពស់​ជាង​គេ តាម​ពិត​គឺ ៣ រូប​នេះ​ទេ

បើ​សួរ​អ្នក​គាំទ្រ​វិស័យ​កីឡាកាស WWE ថា​តើ​អ្នក​កីឡាកាស​រូប​ណា​មួយ​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ? ជឿ​ថា​មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​ឆ្លើយ​ថា អាច​រវាង Big Show ឬ​បុរស​យក្ស The Great Khali។

យ៉ាង​ណា​ចម្លើយ​ពិត​ប្រាកដ​គឺ​មិន​ត្រូវ​នោះ​ទេ ខណៈ​អ្នក​ទាំង​ពីរ​បាន​ត្រឹម​ឈរ​នៅ​លេខ​រៀង​ទី ៤ និង​ទី ៥ តែ​ប៉ុណ្ណោះ។ តាម​របាយការណ៍​ពី Sportskeeks យើង​ធ្វើ​ការ​បង្ហាញ​ឈ្មោះ​អ្នក​កីឡាកាស​ទាំង ១០ ដែល​មាន​កម្ពស់​ខ្ពស់​បំផុត​ដូច​ត​ទៅ៖

=៩) The Undertaker

អ្នក​កីឡាកាស​ដែល​មាន​ឈ្មោះ​ពិត Mark William Calaway ឬ​ជាប់​រហស្សនាម​ស្តេច​ខ្មោច The Undertaker បាន​ប្រលូក​អាជីព​នៅ​លើ​សង្វៀន WWE នា​ឆ្នាំ ១៩៨៧ ហើយ​ប្រកាស​ចូល​និវត្ត​នៅ​ឆ្នាំ ២០២០។ លោក​មាន​កម្ពស់ ២,០៨ ម៉ែត្រ និង​ទម្ងន់ ១៤០ គីឡូក្រាម។

=៩) Kevin Nash

បុរស​វ័យ ៦១ ឆ្នាំ ក៏​ទើប​តែ​ប្រកាស​ចូល​និវត្ត​ពី​សង្វៀន WWE នៅ​ដើម​ឆ្នាំ ២០២០ ក្រោយ​ពី​ប្រលូក​អាជីព​បាន​រយៈ​ពេល​ជាង ៣០ ឆ្នាំ។ លោក​មាន​កម្ពស់ ២,០៨ ម៉ែត្រ និង​ទម្ងន់ ១៤៩ គីឡូក្រាម។

=៥) Robert Maillet

បុរស​ជនជាតិ​កាណាដា​រូប​នេះ ប្រហែល​ជា​មិន​សូវ​មាន​អ្នក​ស្គាល់​នោះ​ទេ តែ​គេ​ក៏​ជា​អ្នក​កីឡាកាស​ម្នាក់​ផង​ដែរ ហើយ​បាន​ចូល​និវត្ត​នៅ​ឆ្នាំ ២០១១។ គេ​មាន​កម្ពស់ ២,១៣ ម៉ែត្រ និង​ទម្ងន់ ១៥៩ គីឡូក្រាម។

=៥) Big Cass

គេ​មាន​ឈ្មោះ​ពិត William Morrissey ដែល​នៅ​បន្ត​អាជីព​លើ​សង្វៀន WWE មក​ទល់​សព្វថ្ងៃ។ កម្ពស់​របស់​គេ​គឺ ២,១៣ ម៉ែត្រ និង​មាន​ទម្ងន់ ១២៥ គីឡូក្រាម។

=៥) Kane


ជា​អ្នក​កីឡាករ​ជនជាតិ​អេស្ប៉ាញ ដែល​ធ្លាប់​ជា​អតីត​ដៃ​គូ​របស់ The Undertaker ហើយ​ក៏​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់ World Heavyweight Championship ១ លើក​ផង​ដែរ។ គេ​មាន​កម្ពស់ ២,១៣ ម៉ែត្រ និង​ទម្ងន់ ១៤៧ គីឡូក្រាម។

=៥) Big Show

ឃើញ​តែ​មាឌ​ឌាំង​អ៊ីចឹង តាម​ពិត Big Show ក៏​មាន​កម្ពស់​ខ្ពស់​ណាស់​ដែរ។ បុរស​វ័យ ៤៩ ឆ្នាំ មាន​កម្ពស់ ២,១៣ ម៉ែត្រ និង​ទម្ងន់ ១៧៤ គីឡូក្រាម។ លោក​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​ខែ​ធ្នូ ឆ្នាំ ១៩៩៤ ហើយ​បាន​បន្ត​អាជីព​មក​ទល់​ពេល​បច្ចុប្បន្ន។

៤) The Great Khali

ជា​អ្នក​កីឡាកាស​ជនជាតិ​ឥណ្ឌា ដែល​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ស្គាល់ នៅ​ពេល​ដែល​គេ​ឈ្នះ​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់ World Heavyweight Championship កាល​ពី​ឆ្នាំ ២០០៧។ បុរស​ម្នាក់​នេះ​មាន​កម្ពស់ ២,១៦ ម៉ែត្រ និង​ទម្ងន់ ១៥៧ គីឡូក្រាម។

៣) Giant Silva

ក្រៅ​ពី​អាជីព​ជា​អ្នក​កីឡាកាស បុរស​ជនជាតិ​ប្រេស៊ីល​ក៏​ធ្លាប់​ជា​កីឡាករ​បាល់បោះ​ជម្រើស​ជាតិ​មួយ​រូប​ផង​ដែរ។ លោក​បាន​ចូល​និវត្ត​ពី​សង្វៀន WWE នៅ​ឆ្នាំ ២០១១ ហើយ​បើ​និយាយ​ដល់​កម្ពស់​គឺ ២,១៨ ម៉ែត្រ និង​ទម្ងន់ ១៧៥ គីឡូក្រាម។

២) Andre the Giant

ជា​អតីត​អ្នក​កីឡាកាស​ជើង​ចាស់ ដែល​បាន​ទទួល​មរណភាព​នៅ​ឆ្នាំ ១៩៩៣។ លោក​បាន​ហែល​កាត់​លើ​សង្វៀន WWE រយៈ​ពេល ២៧ ឆ្នាំ ដោយ​លោក​មាន​កម្ពស់ ២,២៤ ម៉ែត្រ និង​ទម្ងន់ ២៣៦ គីឡូក្រាម។

១) Jorge Gonzalez

នេះ​ហើយ​ជា​អ្នក​កីឡាកាស​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​​បង្អស់ ហើយ​ក៏​មិន​សូវ​មាន​អ្នក​ស្គាល់​នោះ​ដែរ ព្រោះ​លោក​បាន​ចូល​និវត្ត​ពី​សង្វៀន​តាំង​ពី​ឆ្នាំ​ ១៩៩៥។ បុរស​ជនជាតិ​អាហ្សង់ទីន ក៏​ធ្លាប់​ប៉ះ​គ្នា​ទល់ The Undertaker មួយ​លើក​ដែរ​កាល​ពី​ឆ្នាំ ១៩៩៣ ហើយ​កម្ពស់​របស់​គេ​គឺ​ខ្ពស់​ដល់​ទៅ ២,៤៤ ម៉ែត្រ និង​ទម្ងន់​ខ្លួន ២០៩ គីឡូក្រាម ប៉ុន្តែ​សោកស្តាយ​លោក​បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ ២០១០ ដោយ​សារ​ជំងឺ​ទឹកនោម​ផ្អែម​និង​បេះដូង៕

ប្រភព៖ Sportsgeeks

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT