Dortmund បើក​ភ្លើង​ខៀវ​ឲ្យ Haaland ចាកចេញ​ហើយ តែ​កុំ​មើល​តម្លៃ​ខ្លួន​ចង់​ដាច់​ផ្ងារ

មាន​ក្រុម​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប ដែល​ចាប់​អារម្មណ៍​លើ​ការ​នាំ​យក Erling Haaland ដោយ​មិន​ថា​តែ Barcelona, Real Madrid, Chelsea, Man Utd ក៏​ដូច​ជា Liverpool ជា​ដើម។ យ៉ាង​ណា​នៅ​ពេល​ចុង​ក្រោយ​នេះ ក្លឹប​ Borussia Dortmund បាន​ដាក់​តម្លៃ​របស់​គេ​ចេញ​មក​ហើយ។

ត្បិត​បើ​កុងត្រា​របស់​កីឡាករ​ន័រវេស​ត្រូវ​ផុត​នៅ​ឆ្នាំ ២០២៤ តែ​ក្លឹប​យល់​ឃើញ​ថា ប្រហែល​ជា​ចង​ជើង​គេ​ឲ្យ​បន្ត​នៅ​ហួស​ពី​រដូវ​កាល​នេះ​លែង​បាន​ហើយ ព្រោះ​មាន​ក្លឹប​ធំៗ​ជា​ច្រើន​កំពុង​គរ​ជើង​គ្នា​ចង់​បាន​គេ​ជា​ខ្លាំង។

បែប​នេះ Dortmund មាន​តែ​រក​ផ្លូវ​លក់​យក​លុយ​ចំណេញ​កប់ក្តោង​តែ​ម្តង ដោយ​បាន​កំណត់​តម្លៃ​ខ្លួន Haaland ដល់​តៅ ១៨០ លាន​អឺរ៉ូ អាច​ស្មើ​នឹង Kylian Mbappe ឬ​ឈ្មោះ​ជា​កីឡាករ​ថ្លៃ​បំផុត​លំដាប់​ទី ២ បន្ទាប់​ពី Neymar។ នេះ​បើ​តាម ESPN បាន​ចុះ​ផ្សាយ។

ទន្ទឹម​ពេល​ដែល​ក្លឹប​ទាំង​អស់​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ព្រម​គ្នា​នោះ ក៏​ជឿ​ថា​បើ​ក្លឹប​ណា​ចង់​បាន Haaland ប្រាកដ​ជា​ត្រូវ​លក់​ចេញ​កីឡាករ​ជា​ច្រើន​ដើម្បី​ប៉ះប៉ូវ ជា​ពិសេស​គឺ Barcelona ដែល​កំពុង​ជាប់​បំណុល​ខ្ទង់​ពាន់​លាន​ដុល្លារ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT