លីគកំពូលកម្ពុជាសល់៣ប្រកួតប៉ុណ្ណោះសម្រាប់សប្តាហ៍ទី៤នេះ

ការប្រកួតកីឡាបាល់ទាត់ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១ សម្រាប់សប្តាហ៍ទី៤ នារសៀល​ថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២១ នៅសល់៣ប្រកួត ខណៈការប្រកួតផ្សេងៗទៀតត្រូវបានលើកពេល​ការ​ប្រកួតជាបណ្តោះអាសន្ន។

យោងតាមកម្មវិធីប្រកួតរបស់គណៈកម្មការបាល់ទាត់ជាតិកម្ពុជា (CNCC) បានបង្ហាញថា ការប្រកួត​សន្សំពិន្ទុ សម្រាប់សប្តាហ៍ទី៤ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ មាន១ប្រកួត ដែលជាការជួបគ្នារវាង​ក្រុម​ម្ចាស់ផ្ទះ គិរីវង់សុខសែនជ័យប៉ះជាមួយក្រុមភ្ញៀវ ភ្នំពេញក្រោន។ រីឯ២ប្រកួតនាថ្ងៃអាទិត្យទី២៨ ខែមីនា ឆ្នាំ២០២១ គឺក្រុមអាស៊ីអឺរ៉ុបយូណាយធីតជួបក្រុមនគរបាលជាតិ ខណៈព្រះខ័នរាជស្វាយរៀង​នឹងត្រូវ​ប្រជែងក្រុមណាហ្គាវើលដ៍។



ការលើកពេលការប្រកួតសម្រាប់សប្តាហ៍ទី២ និងសប្តាហ៍ទី៣ កន្លងមកនេះ ដោយសារតែមានក្លឹប​ខ្លះៗ​ជាប់ពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័ក ក្រោយពេលដែលសង្ស័យប៉ះពាល់ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩​ (ប៉ុន្តែ​អវិជ្ជាមាន), ការរៀបចំធ្វើម្ចាស់ផ្ទះការប្រកួត សម្រាប់ក្លឹបខ្លះៗ ដែលស្ថិតក្នុងតំបន់ជាប់ពាក់ព័ន្ធនឹង​កាផ្ទុះ​ជំងឺកូវីដ-១៩ និងការត្រូវការពេលវេលាសម្រាកមិនអាចហ្វឹកហាត់ និងការប្រកួតភ្លាមៗ នៅក្នុងពេល​ទទួល​ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

បើទោះបីជាការប្រកួតខ្លះៗដែលត្រូវបន្តការប្រកួត​តាមកម្មវិធី​គ្រោង​ទុក មិនបានលើកពេលក៏ដោយ ក៏គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នៃសហព័ន្ធ​កីឡាបាល់​ទាត់កម្ពុជាតែងតែក្រើនរំឭករៀងរាល់ពេល ដោយគ្រប់ការប្រកួតទាំងអស់ត្រូវអនុវត្តន៍ឱ្យបាន​ខ្ជាប់​ខ្ជួន​នូវ​វិធានការសុខាភិបាល ដើម្បីបង្ការជំងឺកូវីដ-១៩ ហើយ CNCC ក៏បានស្នើឱ្យគ្រប់បណ្តាក្លឹបនានា​ត្រួត​​ពិនិត្យ​គ្រប់​គ្រងតាមដានសុខភាពបុគ្គលិក​ គ្រូបង្វឹក គ្រូជំនួយ កីឡាករឱ្យបានជាប់ជាប្រចាំផងដែរ៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT