សមាជិកក្របខ័ណ្ឌលីគកំពូលកម្ពុជា ក្លឹបបាល់ទាត់វិសាខាបានជូនដំណឹងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះថា ថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្វឹក កីឡាករទាំងអស់សរុបចំនួន១៦៦នាក់ បានធ្វើតេស្តសំណាករកជំងឺកូវីដ-១៩ លើកទី២រួចរាល់ហើយ ជាលទ្ធផលគឺអវិជ្ជមានទាំងអស់គ្នា បន្ទាប់ពីបានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃ ទី២១ ខែមីនា ឆ្នាំ២០២១។
ក្នុងសេចក្តីជូនដំណឹងរបស់ក្លឹបបាល់ទាត់វិសាខាបានបញ្ជាក់ទៀតថា ក្នុងនាមគ្រួសារបាល់ទាត់ក្លឹបមួយនេះបានបង្ហាញនូវអំណរគុណដោយស្មោះ ចំពោះស្មារតីចូលរួមធ្វើតេស្តសំណាកលើកទី១ និងលើកទី២ និងការធ្វើចត្តាឡីស័ករយៈ១៤ថ្ងៃ ដោយគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្តាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានោះ ក្លឹបវិសាខាក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បន្តរស់នៅតាមគន្លងថ្មី ដោយគោរពឱ្យបានខ្ជាប់ខ្ជួនតាមវិធាន ៣ការពារ និង៣កុំ ដើម្បីកាត់ផ្តាច់ការចម្លងជំងឺដ៏កាចសាហាវនេះ។
ចំពោះការប្រកួតរបស់ក្លឹបបាល់ទាត់វិសាខា រួមទាំងប្រកួតជាច្រើនផ្សេងទៀតក៏ត្រូវបានលើក ពេលជាបន្តបន្ទាប់ ដោយក្របខ័ណ្ឌលីគកំពូលរដូវកាលថ្មី ២០២១នេះទើបនឹងចាប់ផ្តើមការប្រកួតបាន១សប្តាហ៍ ដោយមាន៦ប្រកួតពេញ និងបន្តការប្រកួតខ្លះ និងខ្លះទៀតត្រូវលើកពេលជាបន្តបន្ទាប់ផងដែរ៕