ខ្សែប្រយុទ្ធOusmane Dembele បានអះអាងថានៅពេលផ្លាស់មកលេងនៅក្រុម FC Barcelona ដំបូង ខ្លួនខ្សោយសមត្ថភាព ដោយសារតែមានបញ្ហារបួសច្រើនខ្លាំងពេក។
កីឡាករបារាំងខាងលើនេះ ផ្លាស់មកទឹកដី Camp Nou ក្នុងតម្លៃខ្លួន៩០លានផោន ប៉ុន្តែរូបគេមិនអាចជួយក្រុមអ្វីបានច្រើនឡើយ ព្រោះខកខានប្រកួតដោយសាររបួសច្រើនពេក។ យ៉ាងណាមិញ នៅពេលនេះ Dembele បានបញ្ជាក់ថាគ្រប់យ៉ាងត្រលប់មករកភាពល្អប្រសើរវិញហើយ។ រូបគេ មិនមានបញ្ហារបួសទៀតនោះទេ ដូច្នេះទម្រង់លេងក៏កើនឡើងវិញតាមនេះដែរ។
កីឡាករដែលផ្លាស់មកតាំងពីឆ្នាំ២០១៧ខាងលើនេះ បាននិយាយបែបនេះថា៖ “ខ្ញុំចង់ធ្វើការច្រើន និងផ្ដល់គ្រប់យ៉ាងដល់ក្រុម ប៉ុន្តែដោយស្មោះត្រង់ទៅតាំងពីឆ្នាំ២០១៧មក ខ្ញុំខ្សោយខ្លាំងណាស់។ ឥឡូវនេះ កាយសម្បទាខ្ញុំបានផ្លាស់ប្ដូរហើយ ខ្ញុំមានអារម្មណ៍ល្អនិងត្រៀមខ្លួនសម្រាប់ការប្រកួត។ ឆ្នាំនេះកាន់តែល្អថែមទៀត”៕ប្រភព Goal