ក្លឹប Juventus បានអះអាងថាអនាគតរបស់ Cristiano Ronaldo និង Pirlo គឺបន្ដនៅ Juventus ទៀត បើទោះជាយប់មិញលេងចាញ់ក្រុម Benevento ក៏ដោយ។
វាជារឿងគួរឱ្យភ្ញាក់ផ្អើលមួយនៅពេលដែលឃើញក្រុម Juventus ដែលពោរពេញដោយកីឡាករល្អៗនោះ បែរជាភ្លាត់ទៅចាញ់ក្រុមក្បែរបាតតារាង Benevento ក្នុងលទ្ធផល ១-០ ទៅវិញ។ កត្តាបរាជ័យនេះហើយ បានធ្វើឱ្យមានមតិជាច្រើនលើកឡើងពីអនាគតរបស់អ្នកចាត់ការក្រុម Pirlo ក៏ដូចជាកីឡាករ Ronaldo ដែរ ដែលមានតម្លៃពលកម្មខ្ពស់ជាងគេក្នុងក្លឹប។
ទាក់ទងទៅនឹងរឿងនេះ លោក Fabio Paratici ថ្នាក់ដឹកនាំក្រុមសេះបង្កង់បាននិយាយបញ្ជាក់ច្បាស់ថា៖ “វាមិនមែនជាប្រកួតដែលផ្លាស់ប្ដូរគំនិតរបស់យើងទេ។ យើងមានគោលដៅ នឹងមិនទាន់ផ្លាស់ប្ដូរអ្វីឡើយ។ Pirlo ជាអ្នកចាត់ការរបស់យើងដដែល ហើយ Ronaldo ក៏ជាកីឡាកររបស់យើងដែរ។ គាត់នឹងបន្ដនៅជាមួយយើងទៀត”៕ប្រភព Marca