អ៊ុំ សេរីរ័ត្នទំនងបញ្ចប់អាជីពបាល់ទាត់តែមិនទាន់​ច្បាស់១០០%នៅឡើយ

អ្នកចាំទីដ៏លេចធ្លោរបស់ក្លឹបបាល់ទាត់កងយោធពលខេមភូមិន្ទ អ៊ុំ សេរីរ័ត្ន បានប្រកាសបញ្ចប់​អាជីព​បាល់ទាត់ហើយ ក្នុងខណៈដែលក្បាលជង្គង់ខាងស្តាំ ដែលធ្លាប់រងបួសធ្ងន់ធ្ងរវះកាត់រយៈពេល៤ឆ្នាំ កន្លង ទៅនោះនៅតែជាបញ្ហាប្រឈមខ្ពស់ ហើយត្រូវបន្តការវះកាត់ជាលើកទី២ នាពេលខាងមុខ។

របួសជង្គង់ និង សរសៃពួររាំរ៉ៃរបស់គេដែលអូសបន្លាយអស់រយៈពេលជាង៤ឆ្នាំមកនេះ នៅតែបង្កបញ្ហាលំបាក​មិនអាច​ហ្វឹកហាត់ និងចូលរួមប្រកួតបានឡើយ ដោយបច្ចុប្បន្នការហ្វឹកហាត់របស់ក្លឹបកងយោធពលខេមរភូមិ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជាបានត្រឹមចូលរួមបង្ហាញវត្តមាន និងអង្គុយមើលការហ្វឹកហាត់របស់មិត្តរួម​ក្រុមប៉ុណ្ណោះ។

ពេលនេះ អ៊ុំ សេរីរ័ត្ន មិនទាន់នឹកឃើញមុខរបរណាមួយ ក្រៅពីវិស័យកីឡាបាល់ទាត់នោះទេ ដោយ​នៅតែមានឆន្ទៈស្រឡាញ់បាល់ទាត់ដដែល។ ទោះយ៉ាងនេះក្តី អ្នកចាំទីរូបនេះនៅតែបង្ហាញនូវស្មារតី​ស្រឡាញ់បាល់ទាត់ បើទោះបីជានាពេលខាងមុខមិនអាចបន្តធ្វើជាកីឡាករបានក្តី ក៏រូបគេអះអាងថា អាច​ទៅធ្វើជាគ្រូជំនួយនៃក្រុមយុវជនឈុតណាមួយ ដោយមិនចង់ចាកចេញពីវិស័យបាល់ទាត់នោះទេ ម្យ៉ាង​ទៀតរូបគេនៅតែទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំក្លឹបផងដែរ។

នៅក្នុងពេលស្ថិតក្នុងការរីករាលដាលនៃជំងឺកូវីដ-១៩ ខ្លួនកំពុង​រង់​ចាំការវះកាត់នៅក្រៅប្រទេស ដែលអាចនៅប្រទេសវៀតណាម ឬប្រទេសថៃ ក្រោយពីមានការបើក​ព្រំដែន​ឡើងវិញ។ ប្រសិនបើស្ថានភាពរបួសជង្គង់មានភាពល្អប្រសើរ ក្នុងរយៈពេលខាងមុខនោះ អ្នកចាំទីរូបនេះ​នឹងបន្តចូលរួមប្រកួតឡើងវិញ ប៉ុន្តែវាអាចនឹងមានរយៈពេលយូរឆ្នាំ។

អ៊ុំ សេរីរ័ត្ន ចាប់ផ្ដើមមានបញ្ហារបួសសរសៃ MCL នៅឆ្នាំ២០១៨ ហើយក៏បានចេញទៅព្យា​បាល​នៅប្រទេសវៀតណាម ដោយត្រូវសម្រាករយៈពេលជាង១០ខែ។ បន្ទាប់ពីជាសះស្បើយគេបានចាប់​ផ្តើម​​លេងវិញនាចុងឆ្នាំ ២០១៩ បន្ទាប់មកបានរងរបួសសរសៃពួរ ជាថ្មីក្រោយមកគេបានព្យាបាល​នៅ​ក្នុងស្រុក។ នៅឆ្នាំ២០២០ រូបគេបានចូលទីលានវិញសារជាថ្មីទៀត តែដោយកូវីដ១៩ គេបានសម្រាក ហើយមិនសូវបានហ្វឹកហាត់ជាប់លាប់បានធ្វើឱ្យសាច់ដុំស្រកខ្លាំង ដោយបានប៉ះពាល់ដល់របួសចាស់ ហើយមិនអាចព្យាបាលក្នុងស្រុកបន្តទៀតបានឡើយ។ ចូលដល់ឆ្នាំ២០២១ ពេលវេលាកាន់តែធ្វើឱ្យ​ភាគរយ​ជាសះស្បើយដូចដើមរបស់គេកាន់តែតិចតួចទៅៗ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT