គន្លឹះ​សំខាន់​៤ក្នុង​ជំនួប​​ខ្សែក្រវាត់​រវាង Regian Eersel និង Mustapha Haida

ម្ចាស់​ខ្សែ​ក្រវាត់​ឃីកបុកសីង​ពិភព​លោក ONE Lightweight កីឡាករ Regian “The Immortal” Eersel និង​អ្នក​ដណ្តើម​ចំណាត់​ថ្នាក់​លេខ២ Mustapha “Dynamite” Haida ត្រូវ​ជួប​គ្នា​ក្នុង​សមរភូមិ​ ONE: FISTS OF FURY III ដែល​ជំនួប​របស់​ពួក​គេ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង។

នៅ​ពេល​សមរភូមិ​ដណ្តើម​ខ្សែ​ក្រវាត់​ត្រូវ​ចាក់​ផ្សាយ​ថ្ងៃ​សុក្រ ទី​១៩ ខែមីនា ខាង​មុខ​នេះ អ្នក​គាំទ្រ​​ពិត​ជា​រំពឹង​ទុក​ថា នឹង​បាន​ឃើញ​ផ្ទាំង​ទស្សនីយភាព​ប្រយុទ្ធ​ដ៏​អស្ចារ្យ​តាំង​ពី​នាទី​ដំបូង​រហូត​ដល់​ចុង​បញ្ចប់។

មុន​ការ​ប្រកួត​មក​ដល់ យើង​ខ្ញុំ​សូម​លើក​យក​គន្លឹះ​សំខាន់​៤​យ៉ាង​​ដែល​ជា​ស្នៀត​យក​​ជ័យជម្នះ​​លើ​ដៃ​គូ​ក្នុង​ជំនួប​ដណ្តើម​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោកនៅ​កីឡដ្ឋាន Singapore Indoor Stadium។

ការ​ដាក់គំនាបដ៏​ឆ្លាត​វៃ​របស់ Eersel

ម្ចាស់​ខ្សែ​ក្រវាត់​ជា​កីឡាករ​ដែល​មាន​ក្បាច់​​វ៉ៃ​ដាក់​គំនាប​ឥត​ឈប់​ឈរ​។ ស្នៀត​នេះ​បាន​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​អ្នក​ប្រយុទ្ធ​សកម្ម​ខ្លាំងជាង​ប្រតិកម្ម​ដែល​បង្ខំ​ឲ្យ​ដៃ​គូ​ចូល​ទៅ​ក្នុង​ក្បាច់​របស់​គាត់។

ស្នៀត​​ដែល​មាន​ប្រសិទ្ធភាព​ខ្លាំង​នៅ​ក្នុង​ក្បាច់​វ៉ៃរបស់ Eersel គឺ​សមត្ថភាព​ដាក់​សម្ពាធ​ដៃ​គូ រួចវ៉ៃ​សន្ធាប់​ដោយ​កណ្តាប់​ដៃ​ដ៏ល្អ​របស់​គេ។

កីឡាករហុល្លង់​កំណើត​សូរីណាមប្រើ​ប្រាជ្ញា​ដើម្បីស្វែង​រក​ចន្លោះ​ប្រហោង ហើយ​ក៏​វ៉ៃ​លុកដោយ​កណ្តាប់ដៃ​ឆ្វេង ព្រម​ជា​មួយ​នឹង​គោល​ជំហរ​ការពារ និង​បំលាស់​ទី​យ៉ាង​លឿន។

នៅ​ពេល​ដៃ​គូ​កំពុង​មាន​អារម្មណ៍​ច្របូក​ច្របល់​ចំពោះ​ក្បាច់​វ៉ៃ​របស់​គាត់ ហើយ​មើល​ទៅ​ដូច​ជាមិន​ច្បាស់​អ្វី​មួយ​​ឲ្យ​ប្រាកដ ហើយ​ដៃ​គូ​បាន​ដើរ​ទៅ​រក។ ពេល​នោះ​ហើយ​ជា​ពេល​ដែល​ដៃ​គូ​ចូល​ទៅ​ក្នុង​ការ​បញ្ឆោត​របស់​គាត់ និង​ទទួល​រងព្យុះ​ភ្លៀង​ទាំង​កណ្តាប់​ដៃ និង​ទាត់​ដែល​ស័ក្តិសម​ជា​ម្ចាស់​ខ្សែ​ក្រវាត់។

កណ្តាប់​ដៃ​រន្ទះ​របស់ Haida

កីឡាករ​រហស្សនាម “Dynamite”មាន​គោល​ជំហរ​វ៉ៃ​ឆ្ពោះ​ទៅ​មុខ​ជា​និច្ច និង​មិន​មែន​ដើរ​ទៅ​ឲ្យ​គេ​វ៉ៃ​ទេ ប៉ុន្តែ​​ទៅ​ជា​មួយ​អាវុធ​ចេញ​​ទាំង​ព្រម។

ក្នុង​នាម​ជា​កីឡាករ​វ៉ៃ​ជំហរ​ឆ្វេង រូប​គេរីក​រាយ​ឲ្យ​ដៃ​គូ​ដើរ​សម្រុក​ចូលដើម្បី​បាន​ចេញ​កណ្តាប់​ដៃ​វ៉ៃ​សន្ធាប់។ នៅ​ពេល​ពួក​គេ​ព្យាយាម​បោះ​ជំំហាន​ទៅ​វ៉ៃ​លុក Haida មានស្នៀត​ការពារ​ខ្លួន​យ៉ាង​ល្អ និង​អាច​វ៉ៃ​សង​វិញ​បាន​យ៉ាង​គ្រោះ​ថ្នាក់​ទាំង​ដៃ​ឆ្វេង និង​ជើង​ឆ្វេង។

ក្រៅ​ពី​កណ្តាប់​ដៃវ៉ៃ​ចេញ​ដូច​រន្ទះ រូប​គេ​ក៏​មាន​កម្លាំង​ស៊ុហ្វ​អាច​វ៉ៃ​បាន​ពេញ​ល្អ​ទាំង​៥​ទឹក និង​មាន​ចលនា​ផ្លាស់​ទី​បាន​យ៉ាង​លឿន។

ជង្គង់​ហោះ​របស់ម្ចាស់​ខ្សែ​ក្រវាត់

Eersel តែង​តែ​មាន​ប្រៀប​លើ​ដៃ​គូ​តាម​រយៈ​កម្ពស់​ដែល​ជា​អំណោយ​ផល​ពី​ធម្ម​ជាតិ និងជាលក្ខណៈ​ពិសេស​ដែល​រូប​គេ​អាច​ប្រើ​ជង្គង់​ហោះ​បាន​យ៉ាង​ល្អ។

រាល់​ការ​ប្រកួត​នីមួយ​ៗ ជើង​ខ្លាំង​រហស្សនាម “The Immortal”​តែង​តែ​យក​ជង្គង់​ហោះ​ជា​អាវុធ​សំខាន់​មួយ​ដើម្បី​ដាក់​គំនាប​លើ​ដៃ​គូ។​ ​ដោយ​មាន​កម្ពស់​១.៨៩​ម៉ែត្រ កីឡាករ​របស់​​ក្លឹប​ Sityodtong Amsterdam តែង​តែឆ្លៀត​ចេញ​ជង្គង់​ហោះ​ជា​រឿយ​ៗ ហើយ​ដៃ​គូ​ក៏​មិន​តិច​ទេ​ដែល​ភ្ញាក់​ផ្អើល​នឹង​ជង្គង់​ហោះ​បុក​ទៅមុខ ឬ​ក្បាលរបស់ពួក​គេ។

ជង្គង់​ហោះ​របស់ Eersel​ពិត​ជា​មាន​ប្រសិទ្ធភាព​ណាស់​។ ជាក់​ស្តែង​រូប​គេបាន​ផ្តួល​កីឡាករ Nieky “The Natural” Holzken ដើម្បី​ទទួល​បាន​ខ្សែ​ក្រវាត់​ពិភព​លោក

ពេល​នេះ រូប​គេ​មាន​ឱកាស​ប្រើ​ជង្គង់​ហោះ​ទៀត​ហើយ។ ចាំ​មើល​ដៃ​គូ​របស់​គេ​អាច​ទប់​ទល់​នឹង​ជង្គត់​ឥត​ស្រមោល​របស់​គេ​បាន​អត់។

អាវុធ​វ៉ៃសកល​ឥត​ស្រមោល​របស់​អ្នក​ប្រជែង

នៅ​ពេល​​ជង្គង់​ហោះ​របស់​ដៃ​គូ​ជា​អាវុធ​សម្លាប់​ដ៏​គ្រោះ​ថ្នាក់ អ្នក​ឡើង​មក​ដណ្តើម​ខ្សែ​ក្រវាត់ក៏​មិនដំឡូង​មូល​នោះ​ទេ ប៉ុន្តែ​ជំនាញ​វ៉ៃ​សកល​របស់​គាត់​ជា​អាវុធ​ប្រចាំ​ត្រកូល​ទៅ​ហើយ។

ដៃ​គូ​ជា​ច្រើន​នាក់​ហើយ​ដែល​បាន​ដេក​សន្លប់​ដោយ​សារ​កណ្តាប់​ដៃ​របស់ Haida រាប់​បញ្ចូល​ទាំងDaniel “The Rock” Dawson នៅ​ព្រឹត្តិការណ៍ ONE: BEYOND THE HORIZON ជា​ដើម ហើយ​ Eersel ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​កណ្តាប់​ដៃ​វ៉ៃ​បែប​សកល​របស់​គាត់។

កីឡាករ​រហស្សនាម “Dynamite” ចេញ​កណ្តាប់​ដៃ​បាន​ល្អ​ណាស់ ជា​ពិសេស​រូប​គេ​អាច​ប្រើ​បាន​ល្អ​ទាំង​នៅ​ពេល​កៀក​គ្នា​ទៀត​ផង។

ចាំ​មើល Haida អាច​ប្រើ​ជំនាញ​វ៉ៃ​សកល​ផ្តួល​អ្នក​ពូកែ​ជង្គង់​ហោះ​ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ថ្មី​ឬ​ទេ?

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT