នៅវេលាម៉ោង ១១:៣០ នាទីយប់ថ្ងៃអាទិត្យស្អែក ក្រុមមាន់ខ្នាយមាស Tottenham Hotspur នឹងត្រូវទៅចូលតតាំងម្ចាស់ដី Emirate Stadium គឺក្លឹបកាំភ្លើងធំ Arsenal នាជំនួបជុំទី ២៨ ក្នុងក្របខ័ណ្ឌ Premier League។
សម្រាប់ប្រកួតដែលមានការផ្សាយផ្ទាល់លើទំព័រ CTS Sports នៅរាត្រីនេះ ក៏នាំឲ្យយើងហ៊ានព្យាករណ៍ទុកជាមុនថា លទ្ធផលបញ្ចប់នឹងស្មើចែកគ្នាម្នាក់ ១ ពិន្ទុ។ ខាងក្រោមយើងបង្ហាញស្ថិតិ សមាសភាពកីឡាករ និងលទ្ធផលទស្សន៍ទាយគ្រាប់បាល់។
យប់នេះគឺជាប្រកួតទី ២០៣ ហើយសម្រាប់ក្រុមទាំងពីរ កន្លងមក Arsenal ឈ្នះ ៨២ លើក ស្មើ ៥៤ លើក ចាញ់ ៦៦ លើក។ ៥ ប្រកួតប៉ះគ្នាលើកចុងក្រោយបង្អស់ Spurs ទទួលបានជ័យជម្នះ ៣ លើក និងស្មើ ២ លើក ហើយនៅទឹកដី Arsenal លើកចុងក្រោយគឺស្មើ ២-២។ Tottenham នឹងមានឱកាសអាចឈ្នះ Arsenal នៅលីគ ៣ ប្រកួតជាប់គ្នានារាត្រីនេះជាលើកដំបូង ខកខានកើតមានតាំងពីខែតុលា ឆ្នាំ ១៩៧៤ ប៉ុន្តែអ្នកត្រូវដឹងថាគូនេះគឺស្មើគ្នាច្រើនលើកបំផុតលំដាប់ទី ២ នៅ PL ដោយស្មើ ២៣ លើក ចាញ់តែគូ Everton-Liverpool ប៉ុណ្ណោះដែលស្មើ ២៤ លើក។
ចំពោះសមាសភាពកីឡាករនៃក្រុមទាំងពីរ គឺពេញជើងទាំងសងខាង ដោយជម្រើស ១១ រូបអាចមានដូចខាងក្រោម៖
Arsenal: Leno; Bellerin, Luiz, Mari, Tierney; Xhaka, Partey; Saka, Odegaard, Pepe; Aubameyang
Tottenham Hotspur: Lloris; Doherty, Sanchez, Alderweireld, Reguilon; Hojbjerg, Ndombele; Bale, Lucas, Son; Kane
សរុបមកដូចបង្ហាញខាងលើ បើទោះបីជា Spurs ប៉ុន្មានប្រកួតចុងក្រោយលេងបានល្អ ហើយមានប្រៀបជាងបន្តិច ជាពិសេសនៅតំបន់ប្រយុទ្ធក្តី ប៉ុន្តែការប៉ះ Arsenal ក្នុងដីគឺកម្រនឹងអាចយកឈ្នះបានស្រួលណាស់ អ៊ីចឹងនាំឲ្យយើងទាយថាគូនេះគឺស្មើ ១-១៕