កូនខ្មែរនៅអាមេរិក អែម សុវណ្ណារី ប្រាប់ពីរឿង​រ៉ាវ​ប៉ះ Colbey Northcutt នៅអាមេរិក

កីឡាការិនីខ្មែរ-អាមេរិក អែម សុវណ្ណារី បានឱកាសឡើងសង្វៀនអន្តរជាតិទៀតហើយ បន្ទាប់ពីប្រកួតឈ្នះកាលពីខែមករា កន្លងទៅនៅប្រទេសសិង្ហបុរី។

នៅព្រឹត្តិការណ៍ប្រកួត ONE: Unbreakable II កីឡាការិនីខ្មែរ-អាមេរិក អែម សុវណ្ណារី បានផ្តួលកីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun នៅក្នុងទឹកទី២ដើម្បីបង្កើនជ័យជម្នះលើកទី២ក្នុងការប្រកួត៣ដងនៅស្ថាប័ន ONE Championship។

ក្រោយចប់ការប្រកួត អែម សុវណ្ណារី បានប្រាប់ក្រុមការងារ ONE ថា នាងចង់បានឱកាសឡើងប្រកួតឲ្យបានញឹកញាប់ចាប់ពីឆ្នាំ២០២១នេះ បន្ទាប់ពីចាប់តាំងពីការចូលប្រឡូកក្នុងអាជីពគុនចម្រុះឆ្នាំ២០១៦មក គេបានឡើងប្រកួត១ដងក្នុងមួយឆ្នាំប៉ុណ្ណោះ។

ទីបំផុត ស្ថាប័ន ONE បានផ្តល់ឱកាសឲ្យនាងទៀតហើយដែលមានន័យថា ឆ្នាំ២០២១នេះគឺជាឆ្នាំដែលបានត្រូវឡើងប្រកួតចាប់ពីពីរដង។ ក្នុង​ឱកាសលើកនេះ អែម សុវណ្ណារី ត្រូវជួបដៃគូដែលនៅក្នុងប្រទេសជាមួយគ្នាគឺកីឡាការិនីអាមេរិក Colbey Northcutt នៅព្រឹត្តិការណ៍ ONE: TNT IV នាថ្ងៃទី២៨ ខែមេសា ខាងមុខនេះ។

កីឡាការិនីអាមេរិក Colbey Northcutt ជាកីឡាការិនីចាស់វស្សាម្នាក់ ប៉ុន្តែមានប្រវត្តិឡើងប្រកួតមិនលើ សុវណ្ណារី ប៉ុន្មានឡើយ។ កីឡាការិនី​រូប​នេះ​មានអាយុ២៧ឆ្នាំ ធ្លាប់ប្រកួតបាន៧ដងគឺឈ្នះ៥ដង និងចាញ់២ដង។

សម្រាប់នៅស្ថាប័ន ONE Championship វិញ កីឡាការិនី Northcutt ទើបប្រកួតបាន១ដងប៉ុណ្ណោះគឺឈ្នះកីឡាការិនីឥណ្ឌូណេស៊ី Putri Padmi ដោយពិន្ទុ។

សម្រាប់ការទទួលបានឱកាសប្រកួតលើកទី២ក្នុងឆ្នាំ២០២១នេះគឺមានន័យថា អាជីពរបស់ អែម សុវណ្ណារី កំពុងដើរនៅលើផ្លូវឆ្ពោះទៅរកគោលដៅរបស់ខ្លួនហើយ។  កីឡាការិនី​វ័យ ២៨ ឆ្នាំធ្លាប់បានប្រាប់ថា គោលបំណងរបស់នាងគឺធ្វើយ៉ាងណាបានប្រកួតចាប់ពីពីរដងក្នុងមួយឆ្នាំ។

ជាពិសេសទៀតនោះ អែម សុវណ្ណារី ចង់ក្លាយជាកីឡាការិនីទី១ដែលបានក្លាយជាជើងឯកគុនចម្រុះពិភពលោកក្នងប្រភេទទម្ងន់ Flyweight ប្រចាំស្ថាប័នប្រដាល់ ONE Championship។

កើតនៅអាមេរិកដែលមានឪពុកម្តាយជាខ្មែរ អែម សុវណ្ណារី បានកំពុងរៀននិយាយភាសាខ្មែរ និងជារឿយនាងបានផុតពីរបៀបរៀននិយាយភាសាខ្មែរនៅលើ Facebook របស់នាង។ បន្ទាប់មកនាងចង់មកលេងប្រទេសកម្ពុជាដែលស្រុកកំណើតរបស់អ្នកមានគុណ។

រហូតដល់ពេលនេះ សុវណ្ណារី មានប្រវត្តិប្រកួត៥លើកហើយគឺឈ្នះ៤ និងចាញ់១ ហើយប្រកួតខាងមុខនេះនឹងក្លាយជាការប្រកួតលើកទី៦ក្នុងអាជីពរបស់នាង៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT