កីឡាការនី​បាល់ទះ ៥ រូប​មាន Follower ច្រើន​ដាច់​គេ ដោយ​មាន ៣ នាក់​ស្ថិត​ក្នុង​តំបន់​អាស៊ាន

ក្រៅ​ពី​វិស័យ​កីឡា​បាល់ទាត់ និង​ប្រដាល់ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​សព្វថ្ងៃ បាល់ទះ​ក៏​ជា​ប្រភេទ​កីឡា​មួយ​ផ្សេង​ទៀត​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្ពស់​ផង​ដែរ។ ជារឿយៗ​ទំព័រ CTS Sports ក៏​បាន​ចុះ​ផ្សាយ​នូវ​ជ្រុង​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន ហើយ​ជ្រុង​ខ្លះ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​អ្នក​គាំទ្រ។

ដោយឡែក​នៅ​ក្នុង​អត្ថបទ​នេះ យើង​សូម​នាំ​អារម្មណ៍​អ្នក​រាល់​គ្នា​ឲ្យ​បាន​ស្គាល់​នូវ​កីឡាការនី​បាល់ទះ​លំដាប់​កំពូល និង​មាន​សម្រស់​ស្រស់​ស្អាត ៥ រូប ដែល​មាន Follower លើ​បណ្តាញ​សង្គម Instagram ច្រើន​ជាង​គេ​បង្អស់ ហើយ​មាន ៣ រូប​ជា​កីឡាការនី​ស្ថិត​នៅ​តំបន់​អាស៊ាន៖

៥) Nootsara Tomkom

ជា​កីឡាការនី​សញ្ជាតិ​ថៃ ដែល​មាន​វ័យ ៣៥ ឆ្នាំ ហើយ​បច្ចុប្បន្ន​កំពុង​បម្រើ​អាជីព​ឲ្យ​ក្លឹប Diamond Food ជា​ក្លឹប​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៣ ​ក្នុង​ក្របខ័ណ្ឌ​បាល់ទះ​ផ្នែក​នារី​ប្រចាំ​ប្រទេស​ថៃ។

ស្រ្តី​កម្ពស់ ១,៦៩ ម៉ែត្រ ​លេង​នៅ​តួនាទី​ជា អ្នក​ប៉ាសេ (Setter) ក៏​ធ្លាប់​បាន​ចូលរួម​ជួយ​ជម្រើស​ជាតិ​រយៈ​ពេល ១៩ ឆ្នាំ ចាប់​ពី​ឆ្នាំ ២០០១ ដល់ ២០២០ ហើយ​ឈ្នះ​មេដាយ​មាស​ចំនួន ១៣ គ្រឿង។ ជាមួយ​នឹង​ភាព​ល្បីល្បាញ​ច្រើន​ឆ្នាំ​មក​នេះ ក៏​នាំ​ឲ្យ Nootsara ទទួល​បាន Follower លើ Instagram ដល់​ទៅ ៩០៤ ០០០ នាក់ ឈរ​លេខ​រៀង​ទី ២ នាម​កីឡាការនី​នៅ​ប្រទេស​ថៃ​មាន Follower ​ច្រើន​បំផុត។

៤) Jaqueline Carvalho

កីឡាការនី​វ័យ ៣៧ ឆ្នាំ សញ្ជាតិ​ប្រេស៊ីល លេង​នៅ​តួនាទី​ជា អ្នក​វ៉ៃ ៣ ម៉ែត្រ សព្វថ្ងៃ​កំពុង​បម្រើ​អាជីព​ឲ្យ​ក្លឹប Osasco Audax ​ក្នុង​ប្រទេស​ប្រេស៊ីល ហើយ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​នាង​បាន​បញ្ចប់​អាជីព​នៅ​ឆ្នាំ ២០១៨។ ជោគជ័យ​ធំៗ​នៅ​ជម្រើស​ជាតិ​ប្រេស៊ីល​នាង​ធ្លាប់​បាន​ឈ្នះ​មេដាយ​មាស ៩ គ្រឿង ដោយ​មាន ២ គ្រឿង​ធំៗ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ ២០១២ និង ២០១៨។

ស្រ្តី​សម្បុរ​ស្រអែម កម្ពស់​ខ្ពស់ ១,៨៦ ម៉ែត្រ មិន​ចាញ់​តារា​ម៉ូដែល​រូប​នេះ ក៏​ជា​បុគ្គល​ល្បីល្បាញ​លើ​បណ្តាញ​សង្គម​មួយ​រូប​ផង​ដែរ ដោយ​ក្រៅ​ពី​ឈ្មោះ​ជា​កីឡាការនី​បាល់ទះ Carvalho ក៏​ជា Digital Influencer មួយ​រូប ដែល​នាំ​ឲ្យ​នាង​ឡើង​ Follower មក​ទល់ ១ លាន​នាក់​នា​ពេល​បច្ចុប្បន្ន។

៣) Pleumjit Thinkaow

ជា​កីឡាការនី​បាល់ទះ​ថៃ​ដែល​មាន Follower ខ្ពស់​ដាច់​គេ​ប្រចាំ​ផ្ទៃ​ប្រទេស ហើយ​សព្វថ្ងៃ​កំពុង​បម្រើ​អាជីព​ឲ្យ​ក្លឹប Supreme Chonburi ជា​ក្រុម​កំពុង​ឈរ​លេខ​ ១ នៅ​ក្របខ័ណ្ឌ​បាល់ទះ​ផ្នែក​នារី។

អ្នក​លោត​បាំង ដែល​មាន​កម្ពស់ ១,៨០ ម៉ែត្រ​រូប​នេះ ក៏​ធ្លាប់​បាន​ជួយ​ជម្រើស​ជាតិ​ថៃ​ឈ្នះ​មេដាយ​មាស ១៤ គ្រឿង​ផង​ដែរ ក្នុង​កំឡុង​ពេល​បម្រើ​អាជីព​រយៈ​ពេល ១៩ ឆ្នាំ ហើយ​ទើប​តែ​ប្រកាស​ដក​ឈ្មោះ​ចេញ​កាល​ពី​ឆ្នាំ​ ២០២០។ នៅ​លើ​បណ្តាញ​សង្គម Instagram នាង​មាន Follower ១ លាន​នាក់ ហើយ​តាម​រយៈ​រូបភាព​ជា​ច្រើន​របស់​នាង ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា Thinkaow អាច​ជា​មនុស្ស​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា។

២) Sabina Altynbekova

ជា​កីឡាការនី​បាល់ទះ​វ័យ ២៤ ឆ្នាំ ដែល​មាន​សម្រស់​ស្រស់​ស្អាត​បំផុត​ក្នុង​បញ្ជី​ឈ្មោះ​ទាំង ៥ រូប​នេះ តែ​នាង​មាន Follower ឈរ​នៅ​លេខ​រៀង​ទី ២ ត្រឹម ១,១ លាន​នាក់​តែ​ប៉ុណ្ណោះ។

កីឡាការនី​ដែល​មាន​សញ្ជាតិ​កាហ្សាក់ស្ថាន បាន​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​នៅ​ឆ្នាំ ២០១៤ ​នៅ​កម្មវិធី Asian Women’s Championship ហើយ​តាំង​ពី​ពេល​នោះ​មក​នាង​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ដោយសារ​តែ​ទេពកោសល្យ គួប​ផ្សំ​នឹង​សម្រស់​របស់​នាង​ផ្ទុះ​ភាព​ល្បីល្បាញ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។

១) Alyssa Valdez

នេះ​គឺ​ជា​កីឡាការនី​បាល់ទះ​ដែល​មាន Follower ច្រើន​ដាច់​គេ​បង្អស់ ដោយ​គិត​ត្រឹម​​សប្តាហ៍​ទី ២ ខែ​មិនា នាង​មាន Follower ១,៣ លាន​នាក់។ ជា​កីឡាការនី​សញ្ជាតិ​ហ្វីលីពីន មាន​អាយុ ២៧ ឆ្នាំ និង​កំពុង​បម្រើ​អាជីព​ឲ្យ​ក្លឹប Creamline Cool Smashers នៅ​តួនាទី​ជា អ្នក​វ៉ៃ ៣ ម៉ែត្រ។

ជាមួយ​ក្រុម​ជម្រើស​ជាតិ​ដែល​ឈរ​ឈ្មោះ​តាំង​ពី​ឆ្នាំ​២០០៨ នាង​ហាក់​មិន​ទទួល​បាន​ជោគជ័យ​ធំធេង​នោះ​ទេ ដោយ​ធ្លាប់​ឈ្នះ​មេដាយ​សម្រិត​ ១ គ្រឿង​គត់​កាល​ពី​ឆ្នាំ ២០១៩ នៅ​ព្រឹត្តិការណ៍ ASEAN Grand Prix។ ប៉ុន្តែ​ការ​លេង​ឲ្យ​ក្លឹប កីឡាការនី​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ​រូប​នេះ ធ្លាប់​បាន​ឆ្លង​កាត់​ដល់​ក្រៅ​ប្រទេស​ថែម​ទៀត​ផង​តាំង​ពី​ការ​លេង​ឲ្យ​ក្លឹប​នៅ​ប្រទេស​ថៃ 3BB Nakornnont និង​ក្លឹប​នៅ​តៃវ៉ាន់ Attack Line Volleyball ជា​ដើម៕

ប្រភព៖ Women Volleybox

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT