ហាយឡាយ​សំខាន់​ៗ​៣គូ​​ពី​សង្វៀន ONE: FISTS OF FURY II

ONE Championship ​ធ្វើ​ឲ្យ​កក្រើក​ដល់​​អ្នក​គាំទ្រ​តាម​រយៈ​ព្រឹត្តិការណ៍​ ONE: FISTS OF FURY II ដែល​​ត្រូវ​បាន​ផ្សាយ​​ពី​ប្រទេស​​សិង្ហបុរី កាល​​ថ្ងៃ សុក្រ​​ទី ៥ ខែ​​មីនា​ កន្លង​ទៅ។

៥​គូ​ក្នុង​ចំណោម ៦ គូ​បាន​បញ្ចប់​ទៅ​​មិន​អាច​បំភ្លេច​បានក្នុង​នោះ​រួម​បញ្ចូល​​ទាំង​ការ​បង្ហាញ​ខ្លួន​ដ៏​​អស្ចារ្យ​បំផុត​​សម្រាប់​​តារា​ទម្ងន់​ធ្ងន់​ heavyweight នា​យប់​នោះ​ផង។

បន្ទាប់​ពី​ការ​ប្រកួត​​គួរ​ឲ្យ​ចង់​ទស្សនា​នៅ​​កម្មវិធី​ខាង​លើ​  ​យើង​សូម​ជ្រើស​រើស​​យក​​​ហាយឡាយ​ចំនួន ៣ គូ​​​ល្អ​បំផុត​ពី​​​​កីឡដ្ឋាន​ Singapore Indoor Stadium ​ដូច​ខាង​ក្រោម៖

#1 Kang ​បង្អាក់​ដំណើរ​កីឡាករ​អ៊ីរ៉ង់

“Mighty Warrior” Kang Ji Won  ​​បាន​ប្រើ​កណ្ដាប់​ដៃ​វ៉ៃ​ចូល​ត្រឹម​មួយ​ដៃ​គត់​ដើម្បី​ផ្ដួល​តារាអ៊ីរ៉ង់​ Amir Aliakbari  ដែល​បង្ហាញ​ខ្លួន​លើក​ដំបូងឲ្យ​សន្លប់​ឈឹង​នៅ​ទឹក​ទី១។

ពេល​ទឹក​ដំបូង​ភ្លាម Aliakbari ​បាន​ព្យាយាម​ចេញ​កណ្ដាប់​ដៃ​ស្ដាំ​ដ៏​​មាន​ថាមពល​ពីរ​ដង​លើ​​ភ្នែក​ខា​ង​ឆ្វេង​របស់​ Kang។  ​បែប​ណា​​ក្ដី “Mighty Warrior” ​អាច​​​ទប់​ទល់​​​បាន​ និង​មិន​ធ្វេស​ប្រហែស​ផ្ដេសផ្ដាស​ឡើយ។

ជើង​ខ្លាំង​អ៊ីរ៉ង់​នៅ​តែ​ដើរ​ចូល​​ឥត​ឈប់​ឈរ ប៉ុន្តែ Kang ​វាយ​បក​វិញ​ដោយ​ប្រើ​កណ្ដាប់​ដៃ​ពេញ​ចំ​ចង្កា។ ហើយ Aliakbari ​ដួល​​ច្រងាង​មិន​អាច​​តដៃ​បាន​ឡើយ។

គួរ​ដឹង​ថា តារា​កូរ៉េ ​ឈ្នះ​ពីរ​លើក​ជាប់​គ្នា​ទល់​នឹង​​កូន​សិស្ស​មក​ពី​ក្លិប AAA Team ​នៅ​ទឹក​ដំបូង​ដូចគ្នា។

ជ័យជម្នះ​នេះ​ នាំ​ឲ្យ​កូន​សិស្ស​មក​ពី​ក្លិប  Wang Ho ​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE Heavyweight World Title ​នា​ពេល​ខាង​មុខ។

#2 Tang ​រក្សា​កំណត់​ត្រា​ល្អ​​ឥតខ្ចោះ​នៅ​សង្វៀន​ ONE

Tang Kai កាន់​តែ​កើន​ចំណត់​ថ្នាក់​នៅ​ទម្ងន់​ featherweight ​ក្រោយ​បញ្ចប់ Ryogo “Kaitai” Takahashi ត្រឹម​ទឹក​ទី​១​កាល​ថ្ងៃ​សុក្រ។

​​កីឡាករ​មក​ពី​ចិន​ទទួល​បាន​ពិន្ទុ​លឿន​ៗ ​នៅ​ពេល​គេ​ខាវ​ចំ​មុខ​របស់​ Takahashi ​នៅ​​នា​ទី​ដំបូង​នៃ​ការ​ប្រកួត។  ​ល្បឿន​កណ្ដាប់​ដៃ​​នេះ​​​លឿន​ណាស់​​ដែល​ចេញ​សន្ធាប់​​លើ​កីឡាករ​ជប៉ុន។

បន្ទាប់​មក Tang ​រក្សា​ជំហរ​បាន​ល្អ ​ដែល​អាច​ចេញ​កណ្ដាប់​ដៃ​ញាប់​ៗ​​មួយ​ពិរ​លើ​ Takahashi ​​បន្ថែម​ទៀត។ ​ហើយ​នៅ​ពេលគូ​ប្រជែង​ដួល​ទៅ​ក្ដារ​រេញ​ ​កូន​សិស្ស​មក​ពី​ក្លិប Dragon Warrior Shanghai ​ប្រើ​វិធី​ចល័ត​​ដើម្បី​យក​ឈ្នះ។

​កណ្ដាប់​ដៃ​របស់​​កីឡាករ​ចិន​ធ្វើ​ឲ្យ Takahashi ​ដួល​​ហើយ​ត្រៀម​ងើប​មក​វិញ។  ​មិន​យូរ​ប៉ុន្មាន Tang ​ ចេញ​កណ្ដាប់​ដៃ​ខាវ​ឆ្វេង​  ដែល​នាំ​ឲ្យ​អាជ្ញា​កណ្ដាល​​បញ្ឈប់​ការ​ប្រកួត​តែ​ម្ដង។  ទីបំផុត Tang ​ផ្ដួល​កីឡាករ​ជប៉ុន​ឲ្យ​សន្លប់​​នៅ​នា​ទី​ទី ១:៥៩  នៃ​ទឹក​ទី១។

Tang ធ្វើ​បាន​ល្អ​ដោយ​បញ្ចប់​គូ​ប្រកួ​ត​រហូត​ដល់ ៨៣ ភាគរយ និង ឈ្នះ​រហូត​ដល់ ៧ លើក​ជាប់​គ្នា។ ​តារា​ទម្ងន់​ featherweight ​កំពុង​​ស្វែង​រក​គូ​ប្រកួត​ថ្មី​នា​​ពេល​ខាង​មុខ។

#3 Abelardo ​ប្រើ​កែង​ល្អ​ផ្ដួល​គូ​ប្រកួត

Mark “Tyson” Fairtex Abelardo  មាន​ឆន្ទៈ​ក្នុង​ការ​ដាក់​សម្ពាធ ​និង​ចង់​ផ្ដួល​ Emilio “The Honey Badger” Urrutia ​ក្នុង​ការ​ប្រកួត​គុន​ចម្រុះ​​ទម្ងន់  bantamweight។

រយៈ​ពេល​ជាង ៤នាទី​ ​កីឡាករ​ទាំង​ពីរ​បាន​ងើប​ឈរ និង​​ចេញ​​ស្នៀត​ប្រយុទ្ធ​ធ្ងន់​ៗ​ទៅ​វិញ​ទៅ​មក។ ​ ប៉ុន្តែ ពេល​នៅ​សល់ ៣០ វិនាទី មុន​ចប់​ទឹក​ទី​១ Abelardo ​បាន​ចេញ​កណ្ដាប់​ដៃ​ស្ដាំ​ចំ​​ថ្គាម​របស់ Urrutia។

“The Honey Badger” ​ទ្រេត​ទៅ​​ខ្សែ​រេញ ​ហើយ​តារា​​កូនកាត់​ហ្វីលីពីន-គីវី ​បាន​​ហក់​ទៅ​វ៉ៃ​​កែ​​ងស្ដាំ​ទៀត​មួយ​ទំហឹង។  យ៉ាង​ណា​ក្ដី Urrutia អាច​ងើប​ឈរ និង​បន្ត​ការ​ប្រកួត​រហូត​ចប់​ទឹក​ទី១។

នៅ​ពេល​ទឹក​ទី ២​ចាប់​ផ្ដើម  “Tyson” ​បាន​ប្រើ​ពេល​មើល​ស្នៀត​​គូ​ប្រជែង​ជា​ថ្មី។  ​ពេល​មាន​ឱកាស Abelardo ​បាន​ចេញ​ខាវ​ឆ្វេង និង​​ដើរ​សំដៅ​វ៉ៃ​កែង​យ៉ាង​ល្អ​ចំ​គំថ្គាម​ដែល​ធ្វើ​ឲ្យ Urrutia ​ខ្ទាត​ទៅ​ខ្សែ​រេញ​​ម្ដង​ទៀត។

ទីបំផុត ការ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​នេះ ​បាន​កើត​ឡើង​នៅ​នាទី​ទី ៣:២០ ​នៃ​ទឹក​ទី​២ ​ដែល​​នាំ​ឲ្យ​ Abelardo ​ស្ដារ​​​មក​​រក​ភាព​ឈ្នះ​​​ឡើង​វិញ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT