ចំនុចគួរចាប់អារម្មណ៍ពីការប្រកួតទាំង ៦ នាសប្ដាហ៍ដំបូង

Metfone Cambodian League 2021 សប្ដាហ៍ដំបូងបានបញ្ចប់ទៅ ដោយមានរឿងរ៉ាវជាច្រើន ធ្វើឱ្យអ្នកនិយមបាល់ទាត់ក្នុងស្រុក មានប្រធានបទជាច្រើនលើកយកមកពិភាក្សាគ្នា។ សម្រាប់ពេលនេះ CNCC សូមធ្វើការរៀបរាប់ឡើងវិញ នូវចំនុចគួរចាប់អារម្មណ៍មួយចំនួន ពីការប្រកួតទាំង ៦។

សូលទីឡូអង្គរ និងភ្នំពេញក្រោន

សមាជិកសូលទីឡូ កែវ សុផល ក្លាយជាកីឡាករទទួលបានកាតក្រហមដំបូងគេ ប្រចាំរដូវកាលនេះ ក្រោយបង្កកំហុសលើ ពៅ ប៉ុនវុទ្ធី ត្រឹមនាទីទី ២ នៃការប្រកួត។ ការប៉ះទង្គិចនេះដែរ ធ្វើឱ្យកីឡាករមាឌល្អិតរបស់ភ្នំពេញក្រោន ភ្លាត់ជង្គង់ស្ដាំហើយត្រូវប្ដូរចេញភ្លាមៗផងដែរ។

ងាកទៅការប្រកួតទាំងមូលវិញ ជ័យជម្នះ ៧-១ របស់ក្រុមភ្ញៀវ ជាគ្រាប់បាល់ច្រើនបំផុតប្រចាំសប្ដាហ៍ដំបូងនេះ។ ក្នុងនោះដែរ គេសង្កេតឃើញថា អតីតសមាជិកសូលទីឡូសញ្ជាតិប្រេស៊ីល Matheus Suoza E Silva បំប៉ោងសំណាញ់ទីបាន ២គ្រាប់ តែគេមិនអបអរឡើយ ដោយលើកដៃសំពះជំនួសវិញ ដែលជាសញ្ញាផ្ដល់ការគោរពដល់ក្រុមចាស់។

អគ្គិសនីកម្ពុជា និងនគរបាលជាតិ

ក្រុមម្ចាស់ផ្ទះ EDC បានទាក់ទាញពាក្យកោតសរសើរយ៉ាងច្រើន ដ្បិតក្រុមប្រើតែកីឡាករក្នុងស្រុក ហើយភាគច្រើនជាយុវជនមួយនេះ បានបង្ហាញស្មារតីប្រយុទ្ធយ៉ាងអង់អាច និងវាយបកយកឈ្នះនគរបាលជាតិ ៣-២ ក្រោយត្រូវនាំមុខ ១គ្រាប់មុន ដោយ Baldwin Afanwi ។ ក្នុងប្រកួតនេះដែរ គ្រាប់បាល់បញ្ចូលទី EDC ត្រឹមនាទីទី ២ របស់ខ្សែប្រយុទ្ធនគរបាលជាតិ Baldwin ជាគ្រាប់បាល់ដំបូងគេ នៅរដូវកាលនេះ។

អ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះគឺ គ្រាប់បាល់ទាំង ៣របស់ EDC ទាត់បញ្ចូលទីដោយ ផាច សុជាវីឡា, យ៉ាន់ សុខា និង ឃុន សេងថៃ សុទ្ធតែជាការទាត់ពីចម្ងាយបញ្ចូលទីយ៉ាងអស្ចារ្យ។

ព្រៃវែង និងអង្គរថាយហ្គឺរ

ក្រុមកូនពៅលីគកំពូលកម្ពុជា ព្រៃវែង បានបង្ហាញសញ្ញាណវិជ្ជមានរបស់គេ ដោយយកបាន ១ពិន្ទុពីភ្ញៀវអង្គរថាយហ្គឺរ ពីគ្រាប់ ១-១ នៅកីឡដ្ឋានខេត្តព្រៃវែង។ អតីតខ្សែប្រយុទ្ធវិសាខា Elliel Da Cruz ជាអ្នកទាត់នាំមុខឱ្យថាយហ្គឺរ តែត្រូវខ្សែប្រយុទ្ធជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ វុធ តុលា តាមស្មើបានវិញ។

គេមើលឃើញថា ខ្សែប្រយុទ្ធព្រៃវែង គី រីណា ត្រូវប្ដូរចេញតាំងពីវគ្គទី ១ ដោយសារបញ្ហារបួស ខណៈខ្សែបម្រើជប៉ុនរបស់ថាយហ្គឺរ Kosuke Uchida ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយសន្លប់បាត់ស្មារតីបន្ទាប់ពីការប៉ះទង្គិចគ្នាបោកក្បាលទៅដី ជាមួយមិត្តរួមក្រុមរបស់គេ អ្នកចាំទី យី ប៊ុនហេង។

 

បឹងកេត និងណាហ្គាវើលដ៍

ក្រុមការពារតំណែងជើងឯកបឹងកេត របូតកំណត់ត្រាមិនចាញ់ក្នុងលីគ ១៧ប្រកួតជាប់គ្នា លើទឹកដីខ្លួនឯង ក្រោយបរាជ័យ ០-១ ដោយថ្វីជើងភ្ញៀវណាហ្គាវើលដ៍ ដែលគ្រាប់បាល់តែ ១គ្រាប់ក្នុងប្រកួតនេះ ធ្វើបានដោយខ្សែបម្រើ សុះ ស៊ូហាណា។

ចាន់ វឌ្ឍនាកា តារាដែលអ្នកគាំទ្រចង់ឃើញជាងគេ បានត្រលប់មកជាន់ទីលានវិញ នៅប្រមាណ ២០នាទីចុងក្រោយនៃការប្រកួត។ យ៉ាងណាក្ដី គេសង្កេតឃើញថា វត្តមានរបស់ CV11 ហាក់ពុំបង្កការលំបាកដល់តំបន់ការពាររបស់នាគមាសពេកនោះទេ។

 

គីរីវង់សុខសែនជ័យ និងអាស៊ីអឺរ៉ុបយូណាយធីត

ម្ចាស់ផ្ទះគីរីវង់បើករដូវកាលថ្មី ពោរពេញដោយទំនុកចិត្ត និងបានយកឈ្នះភ្ញៀវអាស៊ីអឺរ៉ុប ៤-២ នាទឹកដីខេត្តតាកែវ។ អ្នកនិយមបាល់ទាត់ក្នុងស្រុកបានមើលឃើញពីការវិវឌ្ឍខ្លាំងរបស់គីរីវង់ សម្រាប់រដូវកាល ២០២១នេះ ពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការផ្សព្វផ្សាយ និងការនាំចូលកីឡាករថ្មីៗជាច្រើនរូប។

ច្បាស់ណាស់ថា លទ្ធផលបែបនេះ ពិតជាពុំធ្វើឱ្យក្រុមលោក សុក វាសនា រីករាយនោះឡើយ ប៉ុន្តែក្រុមរបស់សាកលវិទ្យាល័យមួយនេះ តែងរក្សាឆន្ទៈប្រយុទ្ធរបស់ខ្លួន និងបង្កើតលទ្ធផលភ្ញាក់ផ្អើលជារឿយៗដល់ក្រុមធំៗក្នុងលីគ។

 

វិសាខា និងសមាគមកីឡាបាល់ទាត់ ខភម

ក្នុងឯកសណ្ឋានខួប ៥ឆ្នាំនៃការបង្កើតក្លិបរបស់ខ្លួន វិសាខា រកបានត្រឹម ១ពិន្ទុពីក្រុមប្រើឯកសណ្ឋានរដូវកាល ២០២០ សមាគមកីឡាបាល់ទាត់ ខភម ពោលការប្រកួតបញ្ចប់ទៅដោយលទ្ធផល ០-០។ ក្រុមទាំងពីរវាយសម្រុកលើតំបន់គ្រោះថ្នាក់គ្នាទៅវិញទៅមក ខណៈវិសាខាមានឱកាសច្បាស់ៗយ៉ាងហោច ៣លើក ពិសេសការទាត់បុករបាទីរបស់ ស៊ិន កក្កដា។ យ៉ាងណាក្ដី នៅតែពុំមានគ្រាប់បាល់កើតឡើង ក្នុងជំនួបដែលគេរំពឹងថា នឹងមានការបំប៉ោងសំណាញ់ទីគ្នាច្រើនគ្រាប់មួយនេះ។ការប្រកួត Metfone Cambodian League 2021 សប្ដាហ៍ទី ២ នឹងបន្តចូលមកបម្រើប្រិយមិត្ត នាថ្ងៃសៅរ៍ អាទិត្យ ចុងសប្ដាហ៍នេះបន្តទៀត ដោយមានជំនួបជក់ចិត្ត ៦គូ ស្របពេលភ្នំពេញក្រោន ត្រូវសម្រាក៕

អត្ថបទនិងរូបភាព៖ CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT