រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ៤ ពាក់ព័ន្ធ​នឹង​ប្រធាន​ក្លឹប​ថ្មី Barcelona លោក Joan Laporta

នៅ​ថ្ងៃ​ទី ៧ មិនា ឆ្នាំ ២០២១ ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ក្លឹប​ថ្មី​របស់ Barcelona ក៏​បាន​បញ្ចប់​ទៅ​ជា​ស្ថាពរ ហើយ​ជា​លទ្ធផល​យើង​ឃើញ​ថា​លោក Joan Laporta បាន​ក្លាយ​ជា​អ្នក​ឈ្នះ​ឆ្នោត ទទួល​បាន​សំឡេង ៥៤,២៨ ភាគរយ នៃ​សំឡេង​ឆ្នោត​អ្នក​ចូលរួម​សរុប ៥៥ ៦១១ នាក់។

ជឿ​ថា​មាន​អ្នក​គាំទ្រ​វិស័យ​កីឡា​បាល់ទាត់​មួយ​ចំនួន ជា​ពិសេស​អ្នក​គាំទ្រ​កាន់​ឆ្នាំ​របស់ Barcelona ប្រាកដ​ជា​ធ្លាប់​ស្គាល់​ខ្លះៗ​រួច​មក​ហើយ​ពី​លោក Laporta ហើយ​អ្នក​គាំទ្រ​ខ្លះ​ទៀត​ក៏​រាប់​ថា​ ជា​ដំណឹង​ថ្មី​ស្រឡាង​ជាមួយ​បុរស​វ័យ ៥៨ ឆ្នាំ​រូប​នេះ។ កុំ​រង់ចាំ​យូរ ទំព័រ CTS Sports ​ធ្វើ​ការ​បង្ហាញ​ពី​ចំណុច​រសើប​ ៤ ដែល​អ្នក​គួរ​តែ​ដឹង​ពី​លោក Joan Laporta៖

៤) ជីវប្រវត្តិ​និង​មុខ​តំណែង

លោក​មាន​ឈ្មោះ​ពេញ Joan Laporta Estruch កើត​នៅ​ថ្ងៃ​ទី ២៩ ​មិថុនា ឆ្នាំ ១៩៦២ ក្នុង​ទីក្រុង Barcelona ​ប្រទេស​អេស្ប៉ាញ។ លោក​ធ្លាប់​ជា​ប្រធាន​ក្លឹប​ដឹកនាំ​ Barcelona កាល​ពី​ ១៨ ឆ្នាំ​មុន ហើយ​ក្រៅ​ពី​នោះ​លោក​ក៏​មាន​មុខ​តំណែង​ជា​មេធាវី ដែល​មាន​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​ឈ្មោះ Laporta & Arbos ហើយ​ធ្លាប់​បាន​បម្រើការ​ក្នុង​ឆាក​នយោបាយ មាន​តួ​នាទី​ជា​សមាជិក​សភា​នៅ​ក្នុង​តំបន់​កាតាឡូញ៉ាចន្លោះ​ឆ្នាំ ២០១០ ដល់ ២០១២។

លោក Laporta បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នក​ស្រី Constanza Echevarria និង​មាន​កូន​ប្រុស ៣ នាក់ ហើយ​ក្នុង​ចំណោម​នោះ​មាន​ម្នាក់​ឈ្មោះ Pol Laporta អាយុ ២៧ ឆ្នាំ ​ជា​កីឡាករ​បាល់ទាត់​ធ្លាប់​បម្រើ​អាជីព​ឲ្យ​ក្លឹប​នៅ​ប្រទេស​បែលហ្សិក តែ​សព្វថ្ងៃ​ជា​កីឡាករ​ទំនេរ​ជើង។

៣) សមិទ្ធផល​ដែល​ធ្លាប់​សម្រេច​បាន​កាល​ដឹកនាំ​ Barcelona លើក​ទី ១

នៅ​ថ្ងៃ​ទី ១៦ ​មិថុនា ឆ្នាំ ២០០៣ លោក Joan Laporta ត្រូវ​បាន​ចាត់​តាំង​ជា​ប្រធាន​ក្លឹប Barcelona ហើយ​នៅ​ប៉ុន្មាន​ឆ្នាំ​ដំបូង​នោះ​លោក​បាន​នាំ​យក​កីឡាករ​កំពូល ២ រូប​ចូល​ក្រុម ដោយ​មាន​ដូច​ជា​តារា​ឆ្នើម Ronaldinho និង​ Samuel Eto’o ជួន​ពេល​ដែល​ក្លឹប​យក្ស​ជា​គូ​ប្រជែង ២ ​កំពុង​ល្បី​ខ្លាំង​គឺ Real Madrid បាន​ចុះ​ហត្ថលេខា​យក David Beckham និង Arsenal យក​បាន Thierry Henry។

រហូត​ដល់​ឆ្នាំ​ ២០០៥ លោក Laporta បាន​សម្លឹង​ឃើញ​ពី​សមត្ថភាព​របស់ Lionel Messi ដែល​គ្រា​នោះ​គេ​ទើប​តែ​មាន​អាយុ ១៨ ឆ្នាំ ហើយ​កំពុង​ហ្វឹកហាត់​នៅ​ទ្រនំ​ថ្នាល​យុវជន។ Laporta បាន​សម្រេច​យក Messi ឲ្យ​មក​ចូលរួម​នៅ​ឈុត​ធំ ហើយ​ថែម​ទាំង​និយាយ​កាល​នោះ​ថា Messi អាច​ក្លាយ​ជា​កីឡាករ​លំដាប់​កំពូល​នៅ​ថ្ងៃ​អនាគត ព្រោះ​ចង្វាក់​លេង​របស់​គេ​គឺ​មើល​ទៅ​ដូច​ Diego Maradona ក៏​ដូច​ជា Johan Cruyff។

ក្រៅ​ពី​ជោគជ័យ​លើ​ទីលាន Laporta ក៏​មាន​ចក្ខុវិស័យ​ដឹកនាំ​ច្បាស់លាស់​ផង​ដែរ លើ​ផ្នែក​ហិរញ្ញវត្ថុ ដែល​នាំ​ឲ្យ​ចំណូល​របស់​ក្លឹប Barcelona កើន​ឡើង ២៥០ ភាគរយ​ចន្លោះ​ពី​ឆ្នាំ ២០០៣ ដែល​មាន​ត្រឹម ១២៣,៤ លាន​អឺរ៉ូ ឡើង​មក​ទល់​ ៣០៨,៩ លាន​អឺរ៉ូ​នៅ​ឆ្នាំ ២០០៨ ហើយ​វា​ជា​លើក​ដំបូង​ដែល​ក្លឹប​បាន​កើន​ឡើង​ប្រាក់​ចំណូល​ច្រើន​ជាង ១០០ លាន​អឺរ៉ូ។

ចន្លោះ​ពេល​ដែល​ Laportaដឹកនាំ​ក្លឹប​រយៈ​ពេល ៧ ឆ្នាំ​ដល់​ឆ្នាំ ២០១០ Barcelona បាន​ស្គាល់​រសជាតិ​ឈ្នះ​ពាន​ចំនួន ១២ លើក ដោយ​មាន​ពាន​សំខាន់ៗ Champions League ២ លើក La Liga ៤ លើក និង Copa del Rey ១ លើក។ អ្វី​ដែល​អស្ចារ្យ​នោះ​ក៏​លោក​ស្ថិត​ក្នុង​សម័យ​កាល ដែល​មាន​អ្នកចាត់ការ​លោក Pep Guardiola ដឹកនាំ​ក្រុម​ឈ្នះ​ពាន​ចំនួន ៦ ក្នុង​ឆ្នាំ ២០០៩ ហើយ​វា​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។​​

២) ការ​ធ្លាក់​តំណែង​ប្រធាន​ក្លឹប​នៅ​ឆ្នាំ ២០១០

នៅ​ថ្ងៃ​ទី ៣០ ​មិថុនា ឆ្នាំ ២០១០ ក្លឹប Barcelona មាន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ក្លឹប​សារ​ជា​ថ្មី ហើយ​លោក Laporta ក៏​បាន​ឈរ​ឈ្មោះ​ដែរ​នៅ​កាល​នោះ ប៉ុន្តែ​លទ្ធផល​សំឡេងឆ្នោតគឺ​អតីត​ទីប្រឹក្សាជាន់​ខ្ពស់​របស់​លោក​ផ្ទាល់​គឺ​លោក Sandro Rosell បាន​ជាប់​ឆ្នោត ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង ៦០ ភាគរយ។

បើ​សួរ​ថា​តើ​មាន​បញ្ហា​អ្វី​ទើប​ឈាន​ឲ្យ​លោក Laporta ​ចាញ់​ឆ្នោត វា​ក៏​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដូច​គ្នា ព្រោះ​មិន​ថា​តែ​ភាព​ជោគជ័យ​នៃ​ពាន​រង្វាន់​ដែល​ក្លឹប​ទទួល​បាន និង​ជា​ពិសេស​ផ្នែក​ហិរញ្ញវត្ថុ​គឺ​សុទ្ធ​សឹង​តែ​ដំណើរការ​ល្អ​ព្រម​គ្នា ហើយ​ចុង​ក្រោយ Laporta បាន​ត្រឹម​តែ​ស្ថិត​ក្នុង​ការ​ចងចាំ​របស់​អ្នក​គាំទ្រ​ជា​ច្រើន។

ក្រោម​ការ​ដឹកនាំ​របស់ Rosell ចន្លោះ​ពេល ៤ ឆ្នាំ​ដល់​ឆ្នាំ ២០១៤ ក្លឹប Barcelona បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន ៩ ហើយ​ក្រោយ​មក​ទើប​ឡើង​ប្រធាន​ក្លឹប​ថ្មី​លោក Josep Maria Bartomeu ដែល​ក្លឹប​ឈ្នះ​ពាន ១៣ និង​ទើប​តែ​ដើរ​ចេញ​កាល​ពី​ថ្ងៃ​ទី ២៧ តុលា ឆ្នាំ ២០២០ ទំនង​ជា​ដោយសារ​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ​ជា​ធំ។

១) ចក្ខុវិស័យ​ថ្មី​របស់​លោក Joan Laporta

បញ្ហា​ចម្បង ៣ ដែល​លោក Joan Laporta ​នឹង​ចូល​មក​សម្របសម្រួល​នាម​ជា​ប្រធាន​ក្លឹប​លើក​ទី ២ គឺ​រួម​មាន វិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ក្លឹប​កំពុង​ជាប់​បំណុល​ខ្ទង់​ពាន់​លាន បញ្ហា​នៃ​ការ​បន្ត​កុងត្រា​ថ្មី​របស់ Lionel Messi និង​ស្ថានភាព​ដឹកនាំ​របស់​លោក Ronald Koeman។

តាម​រយៈ​ការ​ឡើង​កាន់​តំណែង​របស់ Laporta ធ្វើ​ឲ្យ​គេ​ជឿ​ថា ៩៩ ភាគរយ Messi នឹង​បន្ត​កុងត្រា​ថ្មី ហើយ​មិន​បញ្ចប់​ការ​ឈរ​ជើង​នៅ Barcelona ត្រឹម​ចុង​ខែ​មិថុនា​នោះ​ទេ។ ជាង​នេះ​លោក​នឹង​ប្រើប្រាស់​យុទ្ធសាស្រ្ត​ចាស់​ដោយ​ផ្តល់​ឱកាស​ឲ្យ​ក្រុម​យុវជន​នៅ La Masia ឲ្យ​មាន​ឱកាស​មក​ចូលរួម​នៅ​ឈុត​ធំ ដូច​កាល​ដែល​លោក Promote កីឡាករ Lionel Messi និង Andres Iniesta ​កាល​ពី​ ១៦ ឆ្នាំ​មុន​អ៊ីចឹង​ដែរ។

ចំពោះ​ផែនការណ៍​នៃ​ការ​នាំ​យក​គ្រូ​បង្វឹក​ថ្មី វា​ជា​រឿង​បន្ទាប់បន្សំ ពោល​គឺ​ស៊ីសង​លើ​ស្ថានការណ៍​ដឹកនាំ​របស់​លោក Ronald Koeman ប៉ុន្តែ​វាក៏មាន​សញ្ញា​អវិជ្ជមាន​ច្រើន ដែល​ថា​បុរស​សញ្ជាតិ​ហូឡង់​អាច​នឹង​គ្មាន​ឱកាស​ដឹកនាំ Barcelona នៅ​រដូវ​កាល​ក្រោយ​ ហើយជំនួសមក​វិញ​លោក Laporta នឹង​ផ្តល់​ឱកាស​ឲ្យ​លោក Mikel Arteta ដែល​ជា​អតីត​ដៃ​ស្តាំ​របស់​លោក Pep Guardiola និងជាគ្រូបច្ចុប្បន្ននៅក្លឹប Arsenal៕

រក្សាសិទ្ធ ហាមយកអត្ថបទពី CTS Sports ទៅចុះផ្សាយបន្តមិនថាលើគេហទំព័រឬក្នុងវីដេអូ

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT