Laporta ទម្លាយ​មូលហេតុ​ដែល​មិន​យក Robinho ហើយ​ជ្រើស​យក Messi ដែល​ទើប​មាន​អាយុ ១៨ ឆ្នាំ

នៅ​ឆ្នាំ ២០០៥ ខ្សែ​ប្រយុទ្ធ Robinho បាន​ផ្ទេរ​ពី​ក្លឹប Santos មក​ចូលរួម​នៅ Real Madrid ហើយ​បាន​បង្កើត​ផ្លែផ្កា​ជោគជ័យ​គួរសម ដោយ​រក​បាន ៣៥ គ្រាប់​នៅ ១៣៧ ប្រកួត។

យ៉ាងណា​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​បែរ​ជា​ចង់​ចាកចេញ ហើយ​ចង់​ផ្ទេរ​ទៅ​ចូលរួម​នៅ Barcelona នា​រយៈ​ពេល ៣ ឆ្នាំ​ក្រោយ។ ប៉ុន្តែ​ការ​សម្រេច​របស់​លោក Joan Laporta ដែល​ជា​ប្រធាន​ក្លឹប​នៅ​កាល​នោះ គឺ​មិន​បាន​សម្រេច​ជ្រើស​យក Robinho ទេ ផ្ទុយ​ទៅ​វិញ​គឺ​យក Lionel Messi ដែល​មាន​អាយុ​ប្អូន Robinho ចំនួន ៤ ឆ្នាំ។

ហេតុផល​គឺ​ដោយសារ​តែ Laporta គិត​ថា M10 មាន​សមត្ថភាព​នៃ​ការ​លេង​ដូច​ទៅ​នឹង Maradona ក៏​ដូច​ជា Cruyff ហើយ​អាច​ក្លាយ​ជា​តារា​ឆ្នើម​លំដាប់​ពិភពលោក​ទៅ​ថ្ងៃ​ខាង​មុខ​បាន។

ប្រាប់ El Mundo លោក Laporta និយាយ៖ “Robinho គេ​ចង់​មក​ចូលរួម​នៅ Barcelona តែ​យើង​បាន​ចរចា​ជាមួយ Messi រួច​ទៅ​ហើយ ដោយ​យើង​មិន​ដែល​ចាប់​អារម្មណ៍​កីឡាករ​ប្រេស៊ីល​រូប​នោះ​ទេ ហើយ Messi ត្បិត​គេ​ទើប​អាយុ ១៨ ឆ្នាំ តែ​គេ​អាច​គ្រប់គ្រង​បាល់​បាន​ល្អ​ជាង​នរណា​ទាំង​អស់”។

លោក​បន្ថែម​ថា៖ “គេ​មាន​ចង្វាក់​លេង​ដូច​ជា Maradona និង Cruyff ហើយ​អាច​ក្លាយ​ជា​តារា​ឆ្នើម​ក្នុង​លោក ទើប​ខ្ញុំ​សម្រេច​ចិត្ត​ជ្រើសរើស​យក Messi”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT