ទោះ​មាន​ទ្រព្យ​វាល់​លាន តែ Khabib ទម្លាយ​ថា Ronaldo ខ្លាច​រឿង​នេះ​បំផុត​ក្នុង​ឆាក​ជីវិត

ដូច​អ្នក​បាន​ដឹង​ស្រាប់​ហើយ តារា​ឆ្នើម​លើ​សង្វៀន UFC គឺ​កីឡាករ Khabib Nurmagomedov ​និង​តារា​ឆ្នើម​ក្នុង​វិស័យ​បាល់ទាត់​ Cristiano Ronaldo គឺ​ជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា ហើយ​ជានិច្ចកាល​អ្នក​ទាំង​ពីរ​រមែង​លេច​មុខ​ក្នុង​រូបភាព​ថត​រួម​គ្នា និង​ការ​ផ្ញើសារ​ទៅ​មក​នៅ​លើ​បណ្តាញ​សង្គម។

ដោយឡែក​ថ្មីៗ​នេះ Khabib ក៏​បាន​ទម្លាយ​ពី​អារម្មណ៍​ពិត​មួយ​របស់ Ronaldo ដែល​បាន​ព្រួយបារម្ភ​ខ្លាំង​បំផុត ជាមួយ​នឹង​កូន​ប្រុស​ច្បង​គឺ Cristiano Ronaldo Jr ដែល​មាន​អាយុ​ទើប​តែ ១០ ឆ្នាំ។ នោះ​គឺ​ពាក់ព័ន្ធ​នឹង​ឆន្ទៈ​នៃ​ការ​ខិតខំ និង​ភាព​ស្រេកឃ្លាន​នៃ​ជោគជ័យ ដែល​បារម្ភ​ថា Jr អាច​នឹង​មិន​អាច​ដើរ​តាម​គន្លង​ឪពុក។

នៅ​កិច្ច​សម្ភាសន៍​ជាមួយ​ប៉ុស្តិ៍ Krasava លើ YouTube អត្តពលិក​សញ្ជាតិ​រុស្ស៊ី Khabib និយាយ​ថា៖ “យើង​បាន​ជជែក​គ្នា​សឹង​តែ​រាល់​ថ្ងៃ ហើយ​មាន​ថ្ងៃ​មួយ​នោះ​យើង​ធ្លាប់​បាន​និយាយ​ដល់​កត្តា​អ្វី​ដែល​ជំរុញ​ទឹកចិត្ត​របស់​យើង​ឲ្យ​ទទួល​បាន​ជោគជ័យ​ទល់​សព្វថ្ងៃ ដោយ Ronaldo គាត់​បាន​ប្រាប់​ខ្ញុំ​ថា​ចង់​ឃើញ​កូន​របស់​គាត់​ដើរ​តាម​គន្លង​ជោគជ័យ​ដូច​ជា​គាត់”។

Khabib បន្ថែម​ទៀត​ថា៖ “ពេល Cristiano គាត់​នៅ​តូច កាល​នោះ​គាត់​ស្រមៃ​ត្រឹម​តែ​ចង់​បាន​ស្បែក​ជើង​លេង​បាល់​មួយ​គូ​តែ​ប៉ុណ្ណោះ តែ​ពេល​នេះ​វិញ​កូន​ប្រុស​របស់​គាត់​គឺ​អាច​មាន​គ្រប់​យ៉ាង ដែល​វា​ជា​រឿង​នាំ​ឲ្យ​គាត់​បារម្ភ​ខ្លាច​ក្រែង Jr មិន​មាន​ឆន្ទៈ​ស្រេកឃ្លាន និង​ចំណង់​ចង់​ទទួល​បាន​ជោគជ័យ​ដូច​ជា​គាត់”។

“ជា​ទូទៅ​មនុស្ស​យើង​ម្នាក់ៗ​លុះ​ត្រា​តែ​មាន​ចំណង់​ចង់​មាន​ចង់​បាន ទើប​អាច​ទទួល​បាន​ជោគជ័យ​ឬ​អាច​សម្រេច​រឿង​អ្វី​មួយ តែ​នៅ​ពេល​ដែល​អ្នក​មាន​គ្រប់​យ៉ាង​ក្នុង​ដៃ​ស្រាប់​នោះ វា​ពិត​ជា​ពិបាក​នឹង​កើត​មាន​អារម្មណ៍​ជំរុញ​ទឹក​ចិត្ត​ឲ្យ​យើង​ចង់​សម្រេច​អ្វី​មួយ​ខ្លាំង​ណាស់”។

ជាមួយ​សារ​ទាំង​អស់​នេះ​ដែរ តាម​ពិត​ទៅ​គឺ​យើង​បាន​ឃើញ Ronaldo ព្យាយាម​លុតដំ​កូន​ប្រុស​របស់​ខ្លួន​ជា​បណ្តើរៗ​ហើយ មិន​ថា​តែ​លើ​ផ្នែក​កាយសម្បទា និង​ការ​អប់រំ​ផ្លូវ​ចិត្ត។ កន្លង​មក​ធ្លាប់​លេចលឺ​ថា CR7 ពុំ​អនុញ្ញាត​សូម្បី​តែ​ការ​ទិញ​នូវ​ទូរសព្ទ iPhone ឲ្យ​ទៅ​កូន​ប្រុស ព្រោះ​ចង់​បង្រៀន​ឲ្យ​គេ​យល់​ថា​របស់​គ្រប់​យ៉ាង​នៅ​លើ​លោក គឺ​សុទ្ធ​តែ​ទាមទារ​ការ​ខិតខំ​ប្រឹងប្រែង​ទើប​អាច​សម្រេច​យក​វា​មក​បាន មិន​មែន​នៅ​ខ្ជិល​ច្រអូស ហើយ​ដេក​រង់ចាំ​ធ្លាក់​វា​ពី​លើ​មេឃ​មក​នោះ​ទេ។

សព្វថ្ងៃ Jr គឺ​ជា​យុវជន​ថ្នាល​នៅ​ឯ​ក្លឹប Juventus ហើយ​តាម​របាយការណ៍​ធ្លាប់​ចុះ​ផ្សាយ​កាល​ពី​ឆ្នាំ ២០១៩ គឺ​ក្មេង​ប្រុស​ម្នាក់​នេះ​ទំនង​ជា​មាន​ដុង​បាល់ទាត់​ពី​កំណើត​ពិតៗ ដោយ​ត្រឹម​ការ​បង្ហាញ​ខ្លួន ២៨ ប្រកួត គេ​រក​បាន​ដល់​ទៅ ៥៨ គ្រាប់ ហើយ​ក្នុង​ក្រុម​គេ​តែងតែ​បង្ហាញ​អាកប្បកិរិយា​ភាព​ជា​អ្នក​ដឹកនាំ និង​ដើរ​តួ​ជា​កីឡាករ​លេចធ្លោ​ជាង​សមាជិក​ដទៃ​ណា​ទាំង​អស់ មិន​ខុស​ពី​ឪពុក​របស់​គេ​ទេ។

បង្វែរ​មក Khabib ឯ​ណេះ​វិញ គេ​មាន​វ័យ ៣២ ឆ្នាំ បាន​ប្រកាស​ចូល​និវត្ត​ពី​វិស័យ MMA ​ក្រោយ​យ​ក​ឈ្នះ Justin Gaethje ដែល​ជា​ជ័យជម្នះ​លើក​ទី ២៩ ក្នុង​អាជីព កាល​ពី​ខែ​តុលា ឆ្នាំ ២០២០។ ខ្សែ​ជីវិត​របស់​អត្តពលិក​រូប​នេះ គឺ​ស្រដៀង​គ្នា​នឹង Ronaldo នៅ​រយៈ​ពេល​ចុង​ក្រោយ ព្រោះ​គេ​បាន​កំព្រា​ឪពុក​ដូច​គ្នា ហើយ​ធ្លាប់​សម្រក់​ទឹក​ភ្នែក​ដោយសារ​តែ​ស្តាយ​នឹង​ការ​បាត់បង់​ឪពុក។

ជានិច្ចកាល​ Khabib តែងតែ​ផ្សា​ភ្ជាប់​ខ្លួន​ឯង​ទៅ​ក្នុង​វិស័យ​បាល់ទាត់ ដោយ​កាល​ពី​ប៉ុន្មាន​ខែ​មុន​ទើប​តែ​ចូលរួម​ហ្វឹកហាត់​ខ្នាត​ខ្លី​ជាមួយ​ក្លឹប​នៅ​ឯ​ប្រទេស​រុស្ស៊ី ហើយ​ប្រកាស​ក្តែងៗ​ថា​នឹង​ចូលរួម​ជាមួយ​ក្លឹប​បាល់ទាត់​ណា​មួយ​ដោយ​ឥត​តម្លៃ​ខ្លួន។ ក្លឹប​ក្នុង​ក្តី​ស្រមៃ​របស់​គេ​គឺ Real Madrid ដោយ​តារា​ឆ្នើម​ UFC រូប​នេះ​ធ្លាប់​បាន​រៀបរាប់​ថា៖ “Real Madrid ជា​ក្រុម​ដែល​ខ្ញុំ​ចូលចិត្ត្​បំផុត ហើយ​ប្រកួត​ដំបូង​ដែល​ខ្ញុំ​ចេះ​ទស្សនា​ពេញ ៩០ នាទី គឺ​ពេល Real Madrid យក​ឈ្នះ Juventus នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ១៩៩៨”។

ជាមួយ​នឹង Roanldo ដែល​ទើប​តែ​ឈាន​ចូល​វ័យ ៣៦ ឆ្នាំ ហើយ​រក​បាន ២០ គ្រាប់​នៅ ២១ ប្រកួត​ក្នុង​ក្របខ័ណ្ឌ Serie A ក៏​ត្រូវ​បាន Khabib បង្ហាញ​ពី​ការ​យល់​ឃើញ​បែប​នេះ​ថា៖ “Ronaldo គាត់​គឺ​ជា​អ្នក​បញ្ចប់​ដ៏​ល្អ​ដាច់​គេ​ក្នុង​លោក ហើយ​ខ្ញុំ​គិត​ថា គាត់​អាច​បន្ត​នៅ​កម្រិត​ដ៏​ខ្ពស់​មួយ​នេះ​រយៈ​ពេល ២ ឬ ៣ រដូវ​កាល​ទៀត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT