បាល់​មូល​មើល​មិន​ឃើញ នេះ​ការ​វាយបក​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង ៥ នៅ UCL

ការ​ប្រកួត UEFA Champions League ​វគ្គ ១៦ ក្រុម ជើង​ទី ២ នឹង​ឈាន​ចូល​មក​ដល់​នៅ​ពាក់​កណ្តាល​សប្តាហ៍​នេះ ដោយ​មាន ៤ គូ​ដែល​នឹង​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports ដូច​ជា Juventus-Porto, Dortmund-Sevilla, PSG-Barcelona និង Liverpool-RB Leipzig។

សម្រាប់​ក្រុម​ទាំង ៨ នឹង​មាន ៤ ក្រុម​ដែល​ត្រូវ​ហាលអាវ ហើយ​មាន ៤ ក្រុម​កក់​កៅអី​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់។ ក្នុង​ចំណោម​គូ​ទាំង ៤ គឺ​មាន​គូ PSG-Barcelona ដែល​គ្រប់​គ្នា​ចង់​ដឹង​បំផុត​ថា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ Barcelona អាច​ Comeback បាន​ដែរ​ឬ​ទេ ព្រោះ​កាល​ពី​ជើង​ទី ១ នៅ​ឯ​ទឹកដី Camp Nou អ្នក​មាន​បុណ្យ​បាន​ចាញ់​ស្ពឹក​មុខ ៤-១ រួច​ទៅ​ហើយ។

ពាក់ព័ន្ធ​នឹង​លទ្ធផល​វាយបក​មិន​គួរ​ឲ្យ​ជឿ ទំព័រ CTS Sports ​ក៏​សូម​ធ្វើ​ការ​សង្ខេប​ឡើង​វិញ​នៅ​បាល់ Comeback ៥ លើក​ដែល​ធ្លាប់​កើត​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ UCL ហើយ​ក៏​ជា​សារ​លើក​ទឹក​ចិត្ត​បន្តិចបន្តួច​ដែរ​ផ្ញើ​ជូន​អ្នក​គាំទ្រ​ក្រុម Barcelona ជា​ពិសេស​គឺ​សម្រាប់ Admin ជីវ័ន្ត។

៥) Deportivo ទម្លាក់​ក្រុម​ជើងឯក ៧ សម័យ​កាល ៥-៤

នៅ​រដូវ​កាល ២០០៣/០៤ វគ្គ ៨ ក្រុម​ចុង​ក្រោយ Champions League ជើង​ទី ១ ក្នុង​កីឡដ្ឋាន Stadio San Siro ក្រុម AC Milan បាន​យក​ឈ្នះ ៤-១ ដូច​ដែល PSG ទើប​ធ្វើ​ដាក់ Barcelona កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​អ៊ីចឹង​ដែរ។ វា​ដូច​ជា​ពេល​នេះ គឺ​មាន​តែ ១ ភាគរយ​គត់​ដែល​រំពឹង​ថា Deportivo អាច​ឆ្លង​ផុត​នាទី​មរណៈ ក្រោម​ថ្វី​ជើង​របស់​ក្រុម​អ៊ីតាលី​ដែល​ជា​ម្ចាស់​ជើង​ឯក​ពាន​អឺរ៉ុប ៧ សម័យកាល។

ដូច​ការ​រំពឹង​ទុក​ពិត​មែន​ហើយ ១ ភាគរយ​នោះ​គឺ​បាន​កើត​ឡើង ដោយ​ពេល​ឈាន​ដល់​ការ​ប្រកួត​ជើង​ទី ២ ក្នុង​ទឹកដី​ប្រទេស​អេស្ប៉ាញ ក្រុម Deportivo បែរ​ជា​អាច​វាយបក​យក​ជ័យជម្នះ​ដោយ​លទ្ធផល ៤-០ ទៅ​លើ AC Milan នាំ​ឲ្យ​លទ្ធផល​សរុប​គឺ ៥-៤ ធ្វើ​ឲ្យ​ក្រុម​អ៊ីតាលី​ធ្លាក់​យ៉ាង​អាម៉ាស់​បំផុត។​

៤) Chelsea ទម្លាក់ Napoli ដោយ​លទ្ធផល ៥-៤

ត្រលប់​ទៅ​ការ​ប្រកួត Champions League រដូវ​កាល ២០១១/១២ នា​វគ្គ ១៦ ក្រុម​ចុង​ក្រោយ កាល​នោះ​នៅ​ជើង​ទី ១ ក្រុម Napoli បាន​យក​ឈ្នះ ៣-១ ទៅ​លើ Chelsea ក្នុង​ទឹកដី​ប្រទេស​អ៊ីតាលី ហើយ​នរណា​ទៅ​ជឿ​នោះ​ថា Chelsea អាច​វាយបក​បាន​វិញ?

សំណាង ១ ក្នុង ១ ពាន់​គ្រោះថ្នាក់ បាន​កើត​ឡើង​ក្នុង​ថ្ងៃ​នោះ​ពិត​មែន ដោយ​នៅ​ជើង​ទី ២ ត្រលប់​មក​ទឹកដី Stamford Bridge ក្រុម​តោ​ខៀវ Chelsea បែរ​ជា​មាន​ឱកាស​តាម​ស្មើ ៣-១ វិញ​ត្រឹម​បញ្ចប់ ៩០ នាទី​ទល់ Napoli ហើយ​ការ​ប្រកួត​ត្រូវ​បាន​បន្ថែម​ម៉ោង ១៥ នាទី​ពីរ​ដង ដើម្បី​សម្រេច​រក​ក្រុម​ឈ្នះ​ចាញ់។ រហូត​ដល់​នាទី​ទី ១០៥ កីឡាករ Ivanovic អាច​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​នាំ​ឲ្យ Chelsea មាន​ឱកាស​ឆ្លង​ផុត​ទៅ​កាន់​វគ្គ​បន្ទាប់​ទាល់​តែ​បាន។

៣) Barcelona ផ្តល់​មេរៀន​ចងចាំ​ឥត​ភ្លេច​ដល់ PSG ៦-៥

ត្រលប់​ទៅ​ឆ្នាំ ២០១៧ នៅ​ឯ​កីឡដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស ជើង​ទី ១ វគ្គ ១៦ ក្រុម​ចុង​ក្រោយ PSG បាន​បើក​ការ​នាំ​មុខ​មុន ៤-០ ទៅ​លើ Barcelona ហើយ​គ្រា​នោះ​អ្នក​គាំទ្រ​ក្រុម​អេស្ប៉ាញ​ជា​ច្រើន​បាន​បាក់​ទឹកចិត្ត​ដោយ​មិន​ហ៊ាន​សូម្បី​តែ​គិត​ថា​ក្រុម​របស់​ខ្លួន​អាច​ឆ្លង​ផុត​ទៅ​កាន់​វគ្គ​បន្ទាប់។

បាល់​មូល​ដូច​គេ​ថា​មែន លទ្ធផល​គឺ​មើល​មិន​ឃើញ ដោយ​ពេល​ឈាន​ដល់​ការ​ប្រកួត​ជើង​ទី ២ PSG ក៏​បាន​ទទួល​រង​បរាជ័យ​នៅ​ឯ​ទីលាន​មរណៈ Camp Nou ក្រោម​លទ្ធផល ៦-១ នាំ​ឲ្យ​លទ្ធផល​សរុប​គឺ Barcelona ឈ្នះ ៦-៥ ហើយ PSG ត្រូវ​ហាលអាវ​ទាំង​មិន​អស់​ចិត្ត។ បញ្ជាក់​ថា កាល​នោះ Barcelona គឺ​ពេញ​ជើង​ជាង​ពេល​បច្ចុប្បន្ន ជា​ពិសេស​តំបន់​ប្រយុទ្ធ​ខាង​លើ​មាន​ទាំង Suarez, Neymar និង Messi។

២) At Madrid អាម៉ាស់​ដោយសារ​បាល់ Hat-Trick របស់ Ronaldo

នៅ​រដូវ​កាល​ដំបូង​របស់​ Cristiano Ronaldo ជាមួយ​ក្លឹប Juventus ​គឺ​លោក​បាន​មាន​ឱកាស​សាកល្បង​សមត្ថភាព​ទល់​ក្រុម​ខ្លាំង Atletico Madrid នៅ​វគ្គ ១៦ ក្រុម Champions League។ កាល​នោះ​នៅ​ជើង​ទី ១ Atletico បើក​ការ​នាំ​មុខ​មុន ២-០ កំឡុង​ការ​ប្រកួត​ក្នុង​កីឡដ្ឋាន Estadio Metropolitano តែ​ឈាន​ចូល​ជើង​ទី ២ រឿង​ភ្ញាក់ផ្អើល​ក៏​បាន​កើត​ឡើង។

នោះ​គឺ​ការ​រក​បាន​គ្រាប់​បាល់ Hat-Trick របស់​ Cristiano Ronaldo ហើយ​ក៏​កើត​មាន​កាយវិកា​ឌឺដង​ទៅ​មក​ជា​ខ្លាំង​រវាង​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់ និង​អ្នកចាត់ការ​អាហ្សង់ទីន​លោក Diego Simeone។ វា​ជា​ពេល​ដែល At អាម៉ាស់​បំផុត​នៅ​ការ​ប្រកួត Champions League ហើយ​ទីលាន Juventus Stadium បាន​ក្លាយ​ជា​មេរៀន​ដែល​គួរ​ឲ្យ​ចងចាំ​ក្នុង​ទំព័រ​ឆ្នាំ​ ២០១៩។

១) Liverpool វាយបក​ទម្លាក់ Barcelona លើក​ពាន UCL

ពី​ក្រុម​ដែល​ប៊ិះ​តែ​ធ្លាក់​ត្រឹម​វគ្គ ៤ ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ចុង​ក្រោយ​បាន​ក្លាយ​ជា​ក្រុម​ឈ្នះ​ជើង​ឯក Champions League រដូវ​កាល ២០១៨/១៩ ហើយ​នោះ​គឺ​ជា Liverpool។

នៅ​ជើង​ទី ១ វគ្គ ៤ ក្រុម​ចុង​ក្រោយ Barcelona បាន​នាំ​មុខ​ ៣-០ តែ​ដល់​ជើង​ទី ២ ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp បែរ​ជា​មាន​ឱកាស Comeback វាយបក​ត្រលប់​មក​វិញ​តាម​រយៈ​លទ្ធផល ៤-០ ហើយ​នៅ​ឆ្នាំ​នោះ​គេ​បាន​ឧទ្ទេសនាម​ Anfield ជា​កីឡដ្ឋាន​ដ៏​គួរ​ឲ្យ​ខ្លាចរអា​បំផុត​ប្រចាំ​ឆ្នាំ ២០១៩៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT