Gerrard ​បាន​កាត​ក្រហម ​ក្រោយ​តវ៉ា​ជាមួយ​អាជ្ញាកណ្ដាល​ខ្លាំង​

​លោក​ Steven Gerrard ​អ្នក​ចាត់ការ​ក្រុម Rangers ​ទទួល​បាន​កាត​ក្រហម​នៅ​យប់មិញ​នេះ ​ក្រោយ​ពី​លោក​តវ៉ា​ខ្លាំង​ជាមួយ​អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួត​។

​ក្រុម Rangers ​បាន​យក​ឈ្នះ​លើ​ក្រុម Livingston ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ការ​ប្រកួត​លីគ​កំពូល​ស្កុតឡែន​នៅ​យប់មិញ​នេះ​។ ​យ៉ាងណាមិញ​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​អ្នក​ចាត់ការ Gerrard ​របស់​ក្រុម Rangers ​ទទួល​បាន​កាត​ក្រហម​នៅ​ចប់​តង់​ទី​១ ​ក្រោយ​ពី​លោក​ជជែក​និង​តវ៉ា​ខ្លាំង​ពេក​ជាមួយ​អាជ្ញាកណ្ដាល។ ដំបូង​ឡើយ​លោក​បាន​ត្រឹម​កាត​លឿង​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​ទទួល​បាន​កាត​នេះ​ហើយ ​នៅ​តែ​បន្ដ​តវ៉ា​ទៀត ទើប​អាជ្ញាកណ្ដាល​សម្រេច​ដក​កាត​ក្រហម​ឱ្យ​តែ​ម្ដង។

កាត​ក្រហម​នេះ ​នឹង​ធ្វើ​ឱ្យ​អតីត​កីឡាករ Liverpool ​ខកខាន​ដឹក​នាំ​ក្រុម​សម្រាប់​ការ​ប្រកួត​នា​ចុង​សប្ដាហ៍​នេះ។ ដោយ​ការ​ប្រកួត​នោះ ​បើ Rangers ​ឈ្នះ​ទៀត ​នោះ​នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​តែ​ម្ដង ​បើ​ទោះ​ជា​នៅ​សល់​ការ​ប្រកួត​៧​ប្រកួត​ទៀត​ក៏​ដោយ ព្រោះ​ពួកគេ​នាំ​មុខ​ក្រុម​លេខ​២ Celtic ​ដល់​ទៅ ​១៨​ពិន្ទុ​ទៅ​ហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT