សហព័ន្ធកីឡាបាល់ទាត់ថៃ បានកោះហៅលោក Worawut Namvech គ្រូបង្វឹកក្រុម U23 ថៃ មកសួរនាំរឿងដឹកនាំក្រុមជម្រើសជាតិនេះមិនទទួលបានលទ្ធផលល្អនៅ Asian Game ឆ្នាំនេះ។
U23 ជម្រើសជាតិថៃ បានធ្លាក់ត្រឹមវគ្គក្នុងពូល នៅព្រឹត្តិការណ៍ Asian Game នាប្រទេសឥណ្ឌូណេស៊ី ដោយឆ្លងកាត់៣ប្រកួត ស្មើ២និងចាញ់១។ ការធ្លាក់នេះទៀតសោត គឺជាការលេងអន់បំផុតរបស់ថៃ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ខណៈដែលពួកគេតែងតែធ្វើបានល្អជានិច្ចនៅព្រឹត្តិការណ៍អន្តរជាតិលើថ្នាលយុវជន។
ដោយសារតែដូច្នេះហើយ ទើបបានជាលោក Somyot Pumpanmuang ប្រធានសហព័ន្ធបាល់ទាត់ថៃបានកោះហៅគ្រូបង្វឹក U23 របស់ខ្លួន មកសួរនាំ និងឱ្យពន្យល់ពីការប្រកួតដែលពួកគេធ្វើមិនបានល្អនេះ។ លោក Worawut ដែលជាគ្រូបង្វឹកក្រុម U23 បាននិយាយថា៖“ខ្ញុំសូមទោសចំពោះអ្នកស្នេហាវិស័យកីឡាបាល់ទាត់ថៃទាំងអស់ ដែលខ្ញុំបានធ្វើឱ្យអស់សង្ឃឹម។ យើងបានព្យាយាមអស់ពីសមត្ថភាពហើយ”៕