កំណត់ត្រា​ខ្នាត​យក្ស​ទាំង ៦ ដែល Messi ​មាន​ឱកាស​អាច​បំបែក​បាន មុន​ដើរ​ចេញ​ពី Barcelona

តារា​ឆ្នើម Lionel Messi ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កីឡាករ​ដែល​មាន​ឈ្មោះ​ស្ថិត​ក្នុង​កំណត់ត្រា​ជា​ច្រើន ហើយ​ពាក់ព័ន្ធ​នឹង​កំណត់ត្រា​ខ្លះ​មាន​ការ​ប្រកួតប្រជែង​ជាមួយ Cristiano Ronaldo ឥត​ឈប់។

ដោយឡែក​នៅ​រដូវ​កាល ២០២០/២១ ក៏​មាន​ភាគរយ​ខ្ពស់ ដែល​អាច​ថា​នឹង​ក្លាយ​ជា​រដូវ​កាល​ចុង​ក្រោយ​របស់​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ជាមួយ​ក្លឹប Barcelona ព្រោះ​កុងត្រា​របស់​លោក​ត្រូវ​ផុត​នៅ​ចុង​ខែ មិថុនា ខាង​មុខ។

យ៉ាងណា​សម្រាប់ M10 ក៏​នៅ​សេសសល់​ឱកាស​បំបែក​កំណត់ត្រា​ខ្នាត​យក្ស​ចំនួន ៦ កំឡុង​ពេល​ឈរ​ជើង​ឲ្យ Barcelona ជាង ៣ ខែ​ដែល​សេសសល់​នេះ។ ទំព័រ CTS Sports ធ្វើ​ការ​បង្ហាញ​ដូច​ត​ទៅ៖

៦) ក្លាយ​ជា​កីឡាករ​ទី​មួយ​ដែល​រក​បាន ២០ គ្រាប់​ក្នុង​លីគ ចំនួន ១៣ រដូវ​កាល

Lionel Messi ​សព្វថ្ងៃ​ជា​កីឡាករ​មួយ ក្នុង​ចំណោម ២​ រូប​ជាមួយ​នឹង Ronaldo ដែល​អាច​រក​បាន​យ៉ាង​តិច ២០ គ្រាប់​ក្នុង​លីគ ចំនួន ១២ រដូវ​កាល។ ប៉ុន្តែ​នៅ​​ពេល​នេះ Messi ក៏​កៀក​នឹង​ឈាន​ចូល​រដូវ​កាល​ទី ១៣ ហើយ ព្រោះ​គ្រាប់​បាល់​នៅ​ក្របខ័ណ្ឌ La Liga របស់​លោក​មាន​ដល់​ទៅ ១៩ គ្រាប់ ហើយ​រំពឹង​អាច​នឹង​ធ្វើ​បាន​នៅ​ការ​ប៉ះ Osasuna ​នា​ថ្ងៃ​អាទិត្យ​ខាង​មុខ។

បញ្ជាក់​ថា​កំណត់ត្រា​នេះ Messi បាន​ចាប់ផ្តើម​ធ្វើ​បាន​តាំង​ពី​រដូវ​កាល ២០០៨/០៩ ដែល​កាល​នោះ​រក​បាន ២៣ គ្រាប់ ហើយ​នៅ​រដូវ​កាល ២០១០/១១ ជា​ពេល​ជោគជ័យ​យ៉ាង​សម្បើម​ដោយ​រក​បាន ៥០ គ្រាប់​ឯ​ណោះ។

៥) ក្លាយ​ជា​កីឡាករ​ទី ២ ដែល​រក​បាន ៥០ គ្រាប់​នៅ​វគ្គ Knockout-Stage UCL

វគ្គ Knockout-Stage ពាន​រង្វាន់ UEFA Champions Leagueគឺ​គេ​រាប់​ចាប់​ពី​វគ្គ ១៦ ក្រុម​ឡើង​ទៅ ដោយ​សម្រាប់​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​គឺ Cristiano Ronaldo ធ្វើ​បាន ៦៧ គ្រាប់ រី​ឯ​ Lionel Messi បាន ៤៨ គ្រាប់។

ប្រសិន​ណា​នៅ​ជើង​ទី ២ ទល់​ក្លឹប PSG តារា​ឆ្នើម​អាហ្សង់ទីន​អាច​បង្កើត​គ្រាប់​បាល់​ជួយ Barcelona តប​ត​បាន​នោះ លោក​នឹង​អាច​ឈាន​មក​ដល់​តួ​លេខ​គ្រាប់​បាល់​ទី ៥០ បន្ទាប់​ពី Ronaldo បាន។ បញ្ជាក់​ថា​នៅ​ជើង​ទី ១ ក្រុម​បារាំង PSG បាន​យក​ឈ្នះ​ក្រុម​អេស្ប៉ាញ Barcelona ៤-១ ក្នុង​ទឹកដី Camp Nou។

៤) ក្លាយ​ជា​កីឡាករ​ទី ១ ក្នុង​លោក ដែល​រក​បាន Hat-Trick ៩ លើក​នៅ UCL

សព្វថ្ងៃ​ទាំង​ Lionel Messi និង Cristiano Ronaldo គឺ​មាន​គ្រាប់​បាល់ Hat-Trick ៨ លើក ដូច​គ្នា​នៅ Champions League ហើយ​នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ដែល​ជើង​ទី ២ ត្រូវ​លេង​នៅ​សប្តាហ៍​ក្រោយ ទាំង CR7 និង M10 គឺ​មាន​ឱកាស​ដូច​គ្នា​ក្នុង​ការ​បង្កើត​គ្រាប់​បាល់ Hat-Trick លើក​ទី ៩។

៣) ឈ្នះ​ពាន​រង្វាន់ Pichichi ចំនួន ៨ លើក

កាល​ពី​រដូវ​កាល​មុន Messi បាន​បន្ត​ឈ្នះ​ពាន​រង្វាន់ Pichichi Award ឬ​យើង​ស្គាល់​ថា ជា​ពាន​ដែល​ប្រគល់​ឲ្យ​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ LaLiga ហើយ​កាល​នោះ​គឺ​ជា​លើក​ទី ៧ សម្រាប់​ Messi។ លោក​បាន​យក​ឈ្នះ​កំណត់ត្រា​អ្នក​ចាស់ អតីត​វីរបុរស​ Telmo Zarra ដែល​ឈ្នះ​បាន ៦ លើក។

ដោយឡែក​នៅ​រដូវ​កាល ២០២០/២១ នេះ កីឡាករ​វ័យ ៣៣ ឆ្នាំ​ក៏​កំពុង​នាំ​មុខ​នៅ​តំណែង​ Top Scorer ដែល​មាន ១៩ គ្រាប់ ហើយ​គេ​នឹង​ប្រជែង​ជាមួយ​មិត្ត​ចាស់​ Luis Suarez នៅ​ការ​ទទួល​ពាន​លើក​ទី ៨។

២) ជា​កីឡាករ Assist បាន​ច្រើន​បំផុត​នៅ UCL

សព្វថ្ងៃ​កំណត់ត្រា​នេះ​គឺ​គ្រោង​ដោយ​ឈ្មោះ Cristiano Ronaldo ដែល​មាន​បាល់ Assist ៤១ លើក ហើយ Lionel Messi មាន ៣៦ លើក។ ប្រសិន​ណា​រដូវ​កាល ២០២០/២១ អ្នក​មាន​បុណ្យ​អាច​បន្ត​ព្យុះភ្លៀង​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ទាប់ នោះ​សម្រាប់ M10 ក៏​អាច​មាន​ឱកាស​បំបែក​កំណត់ត្រា​នេះ​ផង​ដែរ។

១) កីឡាករ​ទី​ប្រាំ​ដែល​បង្ហាញ​ខ្លួន ១៥០ ប្រកួត​នៅ UCL

រាប់​ទាំង​កាល​ប៉ះ​ PSG នៅ​ជើង​ទី ១ គឺ Messi បង្ហាញ​ខ្លួន ១៤៨ ប្រកួត​ហើយ​នៅ Champions League ដោយ​គេ​អាច​មាន​ឱកាស​ឈាន​ដល់​តួ​លេខ​ទី ១៥០ និង​ក្លាយ​ជា​កីឡាករ​ទី ៥ ដែល​ឈោង​បាន​កំណត់ត្រា​មួយ​នេះ។

មិន​ខុស​ពី​កំណត់ត្រា​ខាង​លើ​គឺ Messi ទាមទារ​ជ័យជម្នះ​ជា​ចាំ​បាច់​របស់ Barcelona ទៅ​លើ PSG ដែល​ចាញ់ ៤-១ នៅ​ជើង​ទី ១។

បញ្ជាក់​ថា​ការ​ប្រកួត​ជើង​ទី ២ រវាង PSG និង Barcelona នៅ​ឯ​ទឹកដី​ទីក្រុង​ប៉ារីស នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ០៣:០០ នាទី​រំលង​អាធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី ១១ មិនា ​មាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ CTS Sports៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT