បឹងកេត ប្តេជ្ញាយកឈ្នះណាហ្គាវើលដ៍ បើករដូវកាលថ្មី លីគកំពូលកម្ពុជា

ក្រុមការពារតំណែងជើងឯករដូវកាលចាស់២០២០ បឹងកេត បានប្តេជ្ញាចិត្តថា នឹងខិតខំ ដើម្បីប្រជែង៣ពិន្ទុ ជាមួយក្រុមណាហ្គាវើលដ៍ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នៃក្របខ័ណ្ឌ លីគកំពូលកម្ពុជា ដែលគ្រោងប្រកួតបើករដូវកាលថ្មី ២០២១ ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១។

លោក គីម ភក្ដី គ្រូបង្គោលក្រុមបឹងកេតបានបញ្ជាក់ថា ក្នុងឋានៈជាក្រុមការពារម្ចាស់ តំណែងជើងឯក គ្រប់ក្រុមដែលត្រូវជួបបឹងកេតសុទ្ធតែត្រៀមខ្លួនយ៉ាងល្អ ដើម្បីចង់ឈ្នះ។ ដូច្នេះក្រុមបឹងកេតក៏ត្រូវត្រៀមទ្វេដង ដើម្បីដណ្ដើមជ័យជម្នះ ពិសេសប្រកួតបើករដូវកាលថ្មី ជាមួយណាហ្គាវើលដ៍ ដែលជាការប្រកួតក្នុងដីដំបូង នាចុងសប្ដាហ៍នេះ។ ជាមួយគ្នានោះ គ្រូបង្គោលក្លឹបបឹងកេតរូបនេះ សម្តែងការស្តោកស្តាយ ដែលការប្រកួតត្រូវបិទទ្វារជាបណ្តោះ អាសន្នមិនអនុញ្ញាតឱ្យទស្សនិកជនចូលរួមទស្សនាដោយផ្ទាល់នៅកីឡដ្ឋាននោះឡើយ ក្រោយពីផ្ទុះជំងឺកូវីដ-១៩ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ)។

រដូវកាលថ្មី ២០២១នេះ មាន១៣ក្រុមចូលរួមប្រកួតប្រជែងជើងឯក ដូចរដូវកាលចាស់ ២០២០ កន្លងទៅដែរ និងប្រើប្រាស់២៦សប្តាហ៍ ដែលការប្រកួតប្រើប្រាស់រូបមន្តសន្សំ ពិន្ទុសុទ្ធចំនួនពីរជើង (ម្ចាស់ផ្ទះ-ភ្ញៀវ) ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាម្ចាស់ ជើងឯកតែម្តង។

សម្រាប់ការប្រកួតសប្តាហ៍ទី១ បើកឆាករដូវកាលថ្មី ២០២១នេះមាន ៦ប្រកួត រួមមានថ្ងៃទី០៦ ខែមីនា គឺមាន៣ប្រកួត ដែលជាការប៉ះជាគ្នារវាងក្រុមសូលទីឡូអង្គរ និងភ្នំពេញក្រោន, នគរបាលជាតិទៅជួបក្រុមអគ្គិសនីកម្ពុជា ខណៈក្រុមចំណូលថ្មី ខេត្តព្រៃវែងបើកទ្វារផ្ទះទទួលក្រុមអង្គរថាយហ្គឺរ។ ចំពោះការប្រកួតនៅថ្ងៃទី០៧ ខែមីនា គឺក្រុមការពារតំណែងជើងបឹងកេតត្រូវជួបក្រុមណាហ្គាវើលដ៍ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ, ក្រុមវិសាខាជួបក្រុមកងយោធពលខេមរភូមិន្ទ និងក្រុមគីរីវង់សុខសែនជ័យ បើកទ្វារផ្ទះទទួល ក្រុមអាស៊ីអឺរ៉ុប៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT