Pochettino ​ថា​ Mbappe ត្រូវ​ការ​តែ​រឿង​មួយ​គត់ ដើម្បី​ឈាន​ដល់​កម្រិត Ronaldo/Messi

តារា​ឆ្នើម Kylian Mbappe នឹង​អាច​ឈាន​ដល់​កម្រិត​របស់ Cristiano Ronaldo ក៏​ដូច​ជា Lionel Messi បាន ប៉ុន្តែ​សព្វថ្ងៃ​គឺ​ទាមទារ​ពេលវេលា​ដើម្បី​បង្ហាញ​ចម្លើយ។ នេះ​បើ​តាម​ការ​បកស្រាយ​ពី​អ្នកចាត់ការ​ក្លឹប PSG ផ្ទាល់​គឺ​លោក Mauricio Pochettino។

Kylian Mbappe

Mbappe គេ​ទើប​តែ​រក​បាន Hat-Trick នៅ Camp Nou ហើយ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ខណៈ​ក្នុង​អាជីព​រយៈ​ពេល​ជាង ៧ ឆ្នាំ រាប់​ទាំង​នៅ​ថ្នាល​យុវជន​គឺ​គេ​រក​បាន ១៤៣ គ្រាប់ Assist ៧៧ លើក​នៅ​ការ​បង្ហាញ​ខ្លួន ២១៨ ប្រកួត​សរុប។

ថ្មីៗ​នេះ​មាន​ការ​សួរនាំ​ពី​សារព័ត៌មាន AFP ថា​តើ Mbappe អាច​ជោគជ័យ​ដូច​ Messi/Ronaldo បាន​ឬ​អត់? បុរស​សញ្ជាតិ​អាហ្សង់ទីន​និយាយ​ថា៖ “គេ​មាន​ឥទ្ធិពល​ដែល​អាច​សម្រេច​ទៅ​បាន ហើយ​គេ​មិន​ខ្វះខាត​អ្វី​នោះ​ទេ ពោល​គឺ​ត្រូវ​ការ​តែ​ពេលវេលា​មួយ​គត់”។

Mauricio Pochettino

លោក​បន្ថែម​ថា៖ “យើង​មិន​អាច​ពន្លឿន​ល្បឿន​នៃ​ការ​ដំណើរការ​នេះ​បាន​ឡើយ ដោយ​ខ្ញុំ​គិត​ថា Mbappe សព្វថ្ងៃ​គេ​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​បណ្តើរៗ​ហើយ តែ​ត្រូវការ​ពេលវេលា​ដើម្បី​ធ្វើ​ឲ្យ CV របស់​គេ​កាន់​តែ​មាន​ន័យ និង​មាន​របៀបរៀបរយ​តាម​រយៈ​ការ​ឈ្នះ​ពាន​ជោគជ័យ​ផ្សេងៗ”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT