ខ្សែប្រយុទ្ធ Gareth Bale បានបញ្ជាក់ថាខ្លួនជិតលេងបានល្អ ដល់កម្រិតដែលខ្លួនចង់បានវិញហើយ ក្រោយពីទទួលបានឱកាសលេងទៀងទាត់ឡើងវិញ។
Bale មានឱកាសបានលេងជម្រើសដំបូងឱ្យក្រុម Spurs ទល់ក្រុម Burnley កាលពីយប់មិញនេះ និងជួយក្រុមឈ្នះក្នុងលទ្ធផល ៤-០។ ដោយក្នុងចំណោម៤គ្រាប់នេះ កីឡាករជម្រើសជាតិវែលរកបាន២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន១គ្រាប់ផងដែរ។ ក្រោយពីទទួលបានឱកាសលេងច្រើន និងរកគ្រាប់បាល់បានញឹកញាប់នេះហើយ ទើបសាមីខ្លួនថាបច្ចុប្បន្នរូបគេចាប់ផ្ដើមលេងល្អឡើងវិញហើយ។
Bale បាននិយាយថា៖ “ខ្ញុំសប្បាយចិត្តក្នុងការលេងឱ្យ Spurs ។ ខ្ញុំចាប់ផ្ដើមលេងបានល្អឡើងវិញ ហើយវាជិតដល់កម្រិតមួយដែលខ្ញុំចង់បានហើយ។ វាត្រូវការពេលវេលា ដើម្បីពង្រឹងទាំងកាយសម្បទា និងទំនុកចិត្តក្នុងនាមជាអ្នកលេងនៅតំបន់ប្រយុទ្ធម្នាក់”៕ប្រភព Marca