ផ្លូវ​ការ! នារី​ខ្លាំង​​៨​នាក់​ប្រកួត​ជើង​ឯក​ពិភព​លោក Atomweight World Grand Prix

ស្ថាប័ន​ផ្សព្វផ្សាយ​កីឡា​ ONE Championship បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​បេក្ខភាព​ និង​កាល​បរិច្ឆេទ​នៃ​​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​គុន​ចម្រុះ​នារី​ធំ​បំផុត​​ក្នុង​ពិភពលោក​នេះ។

កាល​ពី​ថ្ងៃពុធ​នេះ នាយក​ប្រតិបត្តិ និង​អគ្គនាយក​ប្រតិបត្តិ​ ONE លោក​ Chatri Sityodtong បាន​បញ្ជាក់​ពី​កីឡាការិនី​គុន​ចម្រុះ​ទាំង​៨​នាក់​មក​ពី​បណ្តាល​ប្រទេស​៨​ផ្សេង​គ្នា​​ក្នុង​លោក​ដើម្បី​ចូល​រួម​ប្រកួត​​ពាន​រង្វាន់ និង​ជា​ខ្សែ​ក្រវាត់​គុន​ចម្រុះ​នារី​ពិភព​លោក ONE Atomweight World Grand Prix ដែល​នឹង​ចាប់​ប្រកួត​ជា​ផ្លូវ​ការ​នៅ​ជុំ​ទី​១​ នា​ថ្ងៃ​ទី​២៨ ខែ​ឧសភា ខាងមុខ​នេះ។

អ្នក​ដែល​ទទួល​បាន​ជ័យជម្នះ​ពី​​កម្មវិធី​ដ៏​អស្ចារ្យ​នេះ​នឹង​​ត្រូវ​ឡើង​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក​ ONE Atomweight ពី​ម្ចាស់​ជើង​ឯក​ដែល​ជា​កីឡាការិនី​សិង្ហបុរី “Unstoppable” Angela Lee នា​ខែ​វិច្ឆិកា ចុង​ឆ្នាំ​នេះ។

ដូច​ការ​បញ្ជាក់​របស់​លោក​ Sityodtong បេក្ខនារី​ទាំង​៨​នាក់​ដែល​ត្រូវ​ប្រជែង​គ្នា​ដណ្តើម​ពាន​រង្វាន់ពិភព​លោក ONE Atomweight World Grand Prix មាន​ដូច​ខាង​ក្រោម៖

  • កីឡាការិនីហ្វីលីពីន Denice Zamboanga (ប្រកួត​ឈ្នះ​​៨​ដង មិន​ដែល​ចាញ់​)
  • កីឡាការិនី​ចិន Meng Bo (ប្រកួត​ឈ្នះ​១៧​ដង និង​ចាញ់​៥​ដង​)
  • កីឡាការិនី​ថៃ Stamp Fairtex (ប្រកួត​ឈ្នះ​៥​ដង និង​ចាញ់​១​ដង​)
  • កីឡាការិនីអាមេរិក Alyse Anderson (ប្រកួត​ឈ្នះ​៥​ដង និង​ចាញ់​១​ដង​)
  • កីឡាការិនី​ជប៉ុន Itsuki Hirata (​ប្រកួត​ឈ្នះ​៧​ដង មិន​ដែល​ចាញ់​)
  • កីឡាការិនី​អ៊ុយក្រែន Alyona Rassohyna (ប្រកួត​ឈ្នះ​១៣​ដង និង​ចាញ់​៤​ដង)
  • កីឡាការិនី​ឥណ្ឌា Ritu Phogat (​ប្រកួត​ឈ្នះ​៤​ដង មិន​ដែល​ចាញ់​)
  • កីឡាការិនី​កូរ៉េ​ខាង​ត្បូង Seo Hee Ham (​ប្រកួត​ឆ្នះ​២៣​ដង និង​ចាញ់​៨​ដង)

សូម​បញ្ជាក់​ថា ដៃ​គូ​ប្រកួត​ដែល​ត្រូវ​ប៉ះ​គ្នា​នៅ​​ជុំ​ទី​១​នា​​ថ្ងៃ​ទី​២៨ ខែ​ឧសភា នឹង​ត្រូវ​ប្រកាស​ជា​សាធារណៈ​ឆាប់​ៗ​ខាង​មុខ​នេះ។ សូម​បន្ត​តាមដាន​ទាំង​អស់​គ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT