រៀប​ឈុត ១១ រូប​ប្រចាំ​តំបន់​អាស៊ី​មាន​តម្លៃ​ថ្លៃ​បំផុត សរុប​ថ្លៃ​ជាង ២៣០ ​លាន​ដុល្លារ

វិស័យ​បាល់ទាត់​គឺ​ជា​កីឡា​ដ៏​ពេញ​និយម​មួយ​នៅ​តំបន់​អាស៊ី ហើយ​នៅ​រយៈ​ពេល​ចុង​ក្រោយ​ក៏​មាន​កីឡាករ​ជា​ច្រើន​ដែល​បាន​វិវត្ត​ខ្លួន​ផ្ទេរ​ទៅ​ចូលរួម​នៅ​លីគ​កំពូល​អឺរ៉ុប​ជា​បន្តបន្ទាប់។

ដោយសារ​តែ​ភាព​ប៉ិនប្រសព្វ​ដែល​អំណោយទាន​ពី​ធម្មជាតិ លាយឡំ​នឹង​ការ​ខិតខំ​ប្រឹងប្រែង ក៏​បាន​រុញ​ឲ្យ​តម្លៃ​ខ្លួន​របស់​ពួក​គេ​ឡើង​ដល់​រាប់​សិប​លាន​ដុល្លារ ​និង​ខ្លះ​មិន​ចាញ់​កីឡាករ​កំពូល​ប្រចាំ​តំបន់​អឺរ៉ុប​នោះ​ឡើយ។

ត​ទៅ​នេះ​ទំព័រ CTS Sports ធ្វើ​ការ​បង្ហាញ​នូវ​ឈុត ១១ រូប​នៃ​កីឡាករ​ដែល​មាន​ដើម​កំណើត​នៅ​តំបន់​អាស៊ី ហើយ​មាន​ហាងឆេង​ថ្លៃ​ខ្លួន​ខ្ពស់​បំផុត ដែល​សរុប​ជា​ទឹក​ប្រាក់​ច្រើន​ជាង ២៣០ លានដុល្លារ៖

អ្នកចាំទី: Mathew Ryan មាន​តម្លៃ ៩,៦០ លាន​ដុល្លារ

Ryan ជា​កីឡាករ​មាន​ដើម​កំណើត​នៅ​ប្រទេស​អូស្ត្រាលី ដែល​បាន​រាប់​ចូល​ជា​ផ្នែក​នៃ​សហព័ន្ធ​បាល់ទាត់​អាស៊ី​តាំង​ពី​ឆ្នាំ ២០០៦។ អ្នកចាំទី​វ័យ ២៨ ឆ្នាំ ធ្លាប់រួមអាជីពនៅក្លឹបធំៗដូចជា Brighton, Arsenal និង Valencia ជាដើម។

ខ្សែ​ការពារ​កណ្តាល: Maya Yoshida ​មាន​តម្លៃ ៤,៦០ លាន​ដុល្លារ

កីឡាករ​ជប៉ុន​រូប​នេះ គឺ​ជា​សមាជិក​កាន់​ឆ្នាំ​ដែល​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប Southampton ច្រើន​ជាង ២០០ ប្រកួត។ ក្រោយ​ចាយ​ពេល ៨ រដូវ​កាល​នៅ​ក្លឹប​អង់គ្លេស បុរស​វ័យ ៣២ ឆ្នាំ ​ក៏​ទើប​តែ​ផ្ទេរ​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន​មក​ចូលរួម​នៅ​ក្លឹប​អ៊ីតាលី Sampdoria។

ខ្សែ​ការពារ​កណ្ដាល: Takehiro Tomiyasu ​មាន​តម្លៃ ២១,៧០ លាន​ដុល្លារ

ជា​ខ្សែ​ការពារ​ជប៉ុន​ដូច Yoshida ដែរ ហើយ​គេ​ក៏​បាន​ផ្ទេរ​មក​ចូលរួម​នៅ​ក្លឹប​អ៊ីតាលី Bologna ដែល​ជា​ក្លឹប​បច្ចុប្បន្ន បន្ទាប់​ពី​ចូលរួម​នៅ​ក្លឹប​ក្នុង​ប្រទេស​បែលហ្សិក។ នៅ​ជាង ៥០ ប្រកួត​ឲ្យ​ Bologna គេ​រក​បាន ៣ គ្រាប់​និង Assist ៣ លើក។

ខ្សែ​ការពារ​ស្លាប​ស្តាំ: Hiroki Sakai ​មាន​តម្លៃ ៦,៦៤ លាន​ដុល្លារ


ជា​ខ្សែ​ការពារ​សញ្ជាតិ​ជប៉ុន កំពុង​លេង​ឲ្យ​ក្លឹប Marseille ​ដែល​បាន​ចាយ​ពេល ៤ រដូវ​កាល​មក​ហើយ និង​ឆ្លងកាត់​ការ​បង្ហាញ​ខ្លួន ១៧៨ ប្រកួត រក​បាន ២ គ្រាប់​និង Assist ១៣ លើក។

ខ្សែ​ការពារ​ស្លាប​ឆ្វេង: Milad Mohammadi ​មាន​តម្លៃ ៣,៣៨ លាន​ដុល្លារ

ក្រោយ​ចាយ​ពេល ៤ រដូវ​កាល​នៅ​ក្លឹប​រុស្ស៊ី Akhmat Grozny ​កីឡាករ Mohammadi ទើប​តែ​បាន​សម្រេច​ការ​ផ្ទេរ​មក​ក្លឹប Gent របស់​បែលហ្សិក​កាល​ពី​ឆ្នាំ​ទៅ។ បុរស​សញ្ជាតិ​អ៊ីរ៉ង់ បាន​បង្ហាញ​ខ្លួន ៣៦ ប្រកួត​ឲ្យ​ក្រុម​ជម្រើស​ជាតិ ហើយ​ក៏​ធ្លាប់​ចូលរួម ២ លើក​នៅ​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨ ផង​ដែរ។

ខ្សែ​បម្រើ​កណ្តាល: Aaron Mooy ​មាន​តម្លៃ ១០,២៥ លាន​ដុល្លារ

ជា​កីឡាករ​អូស្រា្តលី​មួយ​រូប​ផ្សេង​ទៀត ដែល​មាន​វត្តមាន​នៅ​ក្របខ័ណ្ឌ Premier League របស់​អង់គ្លេស។ គេ​ធ្លាប់​បាន​ចាយ​ពេល ៣ រដូវ​កាល​នៅ​ទី​នោះ ជាមួយ​នឹង​ក្លឹប Huddersfield Town ក៏​ដូច​ជា Brighton និង​រក​បាន ៩ គ្រាប់។

ខ្សែ​បម្រើ​ការពារ: Wataru Endo មាន​តម្លៃ ៩,៦៦ លាន​ដុល្លារ

កីឡាករ​ជប៉ុន Endo បាន​ចាប់​ផ្តើម​រដូវ​កាល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាមួយ​ក្លឹប​អាល្លឺម៉ង់ Stuttgart ដោយ​គេ​រក​បាន ២ គ្រាប់​និង Assist ៤ លើក ហើយ​ក្លឹប​របស់​គេ​កំពុង​ឈរ​លេខ ៩ នៅ​តារាង Bundesliga។

ខ្សែ​បម្រើ​ប្រយុទ្ធ: Daichi Kamada មាន​តម្លៃ ២១,៧៣ លាន​ដុល្លារ

Kamada ជា​កីឡាករ​ដ៏​សំខាន់​របស់ Frankfurt ដែល​ចាប់​តាំង​ពី​ការ​ផ្ទេរ​មក​ចូលរួម​នៅ​ឆ្នាំ ២០១៧ បុរស​សញ្ជាតិ​ជប៉ុន រក​បាន ១៣ គ្រាប់​និង Assist ១៩ លើក។ បុរស​វ័យ ២២ ឆ្នាំ​ជាប់​កុងត្រា​ជាមួយ​ក្លឹប​អាល្លឺម៉ង់​ដល់​ឆ្នាំ ២០២៣ ហើយ​បច្ចុប្បន្ន​មាន​ឈ្មោះ​ជា​កីឡាករ​ជប៉ុន​ដែល​មាន​ហាងឆេង​ថ្លៃ​ខ្លួន​ខ្ពស់​បំផុត​លំដាប់​ទី ២ ​ផង​ដែរ។

ខ្សែ​ប្រយុទ្ធ​ស្លាប​ឆ្វេង: Son Heung-min ​មាន​តម្លៃ ៩៦,៥៨ លាន​ដុល្លារ

Son ជា​កីឡាករ​កូរ៉េ​ខាង​ត្បូង និង​កីឡាករ​អាស៊ី​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ដាច់​គេ ហើយ​បច្ចុប្បន្ន​គេ​ជា​ចំណែក​ខ្វះ​ពុំ​បាន​របស់​ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur។ នៅ​រដូវ​កាល​នេះ Son គេ​រក​បាន ១៦ គ្រាប់​ហើយ និង​ជា​ដៃគូ​ល្អ​បំផុត​របស់ Harry Kane។ តម្លៃ​ខ្លួន​របស់ Son ​គិត​ត្រឹម​ដើម​ខែ​មិនា​នេះ គឺ​កំពុង​នាំ​មុខ Lionel Messi ដែល​ថ្លៃ​ជាង ៨៥ លាន​ដុល្លារ​ប៉ុណ្ណោះ។

ខ្សែ​ប្រយុទ្ធ​ស្លាប​ស្តាំ Takefusa Kubo ​មាន​តម្លៃ ២៤ លាន​ដុល្លារ

Kubo ជា​កីឡាករ​ជប៉ុន​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​ពេល​បច្ចុប្បន្ន​នេះ ហើយ​កាន់​តែ​អស្ចារ្យ​នោះ​គេ​ជា​កីឡាករ​របស់​ក្លឹប​យក្ស Real Madrid។ ដើម្បី​ទទួល​បាន​ការ​អភិវឌ្ឍ​ខ្លួន និង​ឱកាស​លេង​លើ​ទីលាន Kubo បាន​ផ្ទេរ​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ទៅ​ក្លឹប​ដទៃ​ជា​បន្តបន្ទាប់ ហើយ​ចុងក្រោយ​គឺ​ឈរ​ជើង​នៅ​ក្លឹប Getafe។

ខ្សែ​ប្រយុទ្ធ​កណ្តាល Sardar Azmoun មាន​តម្លៃ ២៧,៧ លាន​ដុល្លារ

Azmoun ​កំពុង​លេង​ឲ្យ​ក្លឹប​នៅ​រុស្ស៊ី Zenit St. Petersburg ហើយ​បុរស​វ័យ ២៦ ឆ្នាំ ទទួល​បាន​រហស្សនាម​ថា​ជា “Messi អ៊ីរ៉ង់”។ គេ​រក​បាន ៤៤ គ្រាប់​ឲ្យ​ក្លឹប Zenit និង​ ៣២ គ្រាប់​នៅ​ជម្រើស​ជាតិ៕

ប្រភព៖ Sportskeeda​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT