Liverpool សម្លឹង​ឃើញ​គ្រូ​វ័យ​ក្មេង​ម្នាក់​ហើយ​ស្រេច ប្រសិន​ត្រូវ​ដក Klopp ចេញ

ស្ថានភាព​របស់ Liverpool នៅ​ពេល​បច្ចុប្បន្ន​នេះ​ហាក់​មិន​ប្រាកដប្រជា​នោះ​ទេ មិន​ថា​តែ​អនាគត​របស់​កីឡាករ​មួយ​ចំនួន​ក្នុង​ក្លឹប និង​សូម្បី​តែ​គ្រូ​បង្វឹក​ផ្ទាល់។ គិត​ត្រឹម​ជុំ​ទី ២៥ នៅ PL ក្រុម​ហង្ស​ក្រហម​មាន ៤០ ពិន្ទុ​ឈរ​លេខ ៦ ឯ​ណោះ​ក្នុង​តារាង។

ដោយ​មើល​ឃើញ​ពី​ភាព​មិន​ច្បាស់លាស់​នេះ​ហើយ ក៏​នាំ​ឲ្យ​ក្លឹប​បាន​គិតគូរ​ដល់​អនាគត​ជា​បណ្តើរៗ ហើយ​បាន​សម្លឹង​ឃើញ​អ្នកចាត់ការ​ថ្មី​មួយ​រូប ត្រៀម​នឹង​មក​ជំនួស Jurgen Klopp នៅ​ថ្ងៃ​ខាង​មុខ នោះ​គឺ​អតីត​កីឡាករ​លោក Steven Gerrard។ នេះ​បើ​តាម​ The Mirror បាន​ចុះ​ផ្សាយ។

ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង Merseyside យល់​ឃើញ​ថា Gerrard គេ​មាន​សមត្ថភាព​អាច​ដឹកនាំ Liverpool បាន ​បើ​ទោះ​បី​ជា​បទពិសោធន៍​រាង​ខ្ចី​បន្តិច​ក៏​ដោយ។ ដោយឡែក​ការ​ចាកចេញ​របស់ Klopp ប្រភព​ក៏​សង្កត់​ធ្ងន់​ថា​លោក​អាច​នឹង​ទៅ​ជំនួស​លោក Joachim Low ជា​អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ទៀត​ផង។

គួរ​រំឭក​ថា​សព្វថ្ងៃ Gerrard កំពុង​ដឹកនាំ​ក្លឹប Rangers នៅ​ឯ​លីគ​កំពូល​ស្កុតឡែន ហើយ​រំពឹង​នឹង​អាច​ឈ្នះ​ពាន​រង្វាន់​នៅ​រដូវ​កាល​នេះ​ទៀត។ បុរស​វ័យ ៤០ ឆ្នាំ ក៏​ធ្លាប់​ដឹកនាំ​ទ្រនំ​ថ្នាល​យុវជន U18 និង Liverpool FC YL ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ផង​ដែរ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT