ចាប់​ពី​ពេល​នេះ​ត​ទៅ​លែង​មាន​ក្លិប Jiangsu FC​ ក្នុង​លីគកំពូល​ចិន​ទៀត​ហើយ

ក្រុមហ៊ុន Suning Group ប្រកាស​ថា​គ្រប់​ក្លិបបាល់​ទាត់​ទាំងអស់ជាកម្មសិទ្ធរបស់ខ្លួន ដែល​មាន​វត្តមាន​ក្នុង​ប្រទេស​ចិន​ដូចជា ក្រុម​ម្ចាស់​ជើងឯក លីគ​កំពូល​ចិន Jiangsu FC​(អតីត Jiangsu Suning) ក្លិប​ម្ចាស់​ជើងឯក​លីគ​នារី​របស់​ចិន Jiangsu Suning Women ដែល​ឈ្នះ​ពាន​កាល​ពី​ឆ្នាំ២០១៩ (2019 WCSL champion) និង​សាលាយុវជនថ្នាលគ្រប់​កម្រិត នឹង​បិទសកម្មភាពត្រឹមនេះជាស្ថាពរ ដោយសារក្ស័យធន។

កាន់តែច្បាស់ជាងនេះទៅទៀត វាជាសេចក្តីប្រកាសមួយ (និងសេចក្តីប្រកាសចុងក្រោយ) ពីក្លឹបបាល់ទាត់ដែលគ្រប់គ្រងដោយម្ចាស់​ក្រុមហ៊ុន Suning ជា​ជាងការប្រកាស (ផ្ទាល់) ពី​ក្រុមហ៊ុន Suning Group។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន! ក្រុមហ៊ុន Suning Appliance Group ដែលម្ចាស់​ក្លិប Jiangsu FC លេង​ក្នុងលីគ​កំពូល​ចិន​ Chinese Super League (CSL) ប្រកាស​លក់​ក្លិប​ត្រឹម​តែ​តម្លៃ​១​សេន​ប៉ុណ្ណោះ ​ទៅ​ឲ្យ​នរណា​ក៏​បាន​ដែលចង់​ទិញ​ដើម្បី​ទប់​កុំឲ្យ​ក្លិប​មួយ​នេះ​រលាយបាត់​រូបពីពិភពបាល់ទាត់។​

តែយ៉ាងណា! បន្ទាប់​ពី​ប្រកាស​ហើយ​នោះ​គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​ចង់​ទិញ​នោះ​ទេ​ពី​ព្រោះ​បំណុល​ដែល​ក្លិប​ជំពាក់​ប្រាក់​ខែ​កីឡាករច្រើន​លើស​លប​ពេក។យោងតាមរបាយការណ៍ពី​កាសែតអ៊ីតាលី football-italia ក្រុមហ៊ុន Suning Group កំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ហើយពួកគេត្រូវលក់ទ្រព្យសម្បត្តិរបស់ពួកគេ ជាពិសេសក្លឹបបាល់ទាត់ដែលនៅតែបន្តខាតបង់ ដើម្បីជៀសវាងបញ្ហាធំៗមួយចំនួន។ ក្រុមហ៊ុន Suning មានឆន្ទៈក្នុងការលក់ក្លិបក្នុងតម្លៃទាបត្រឹមមួយសេន ដោយផ្តល់ឱ្យម្ចាស់ថ្មីយល់ព្រមទទួលយក ដើម្បីដោះស្រាយបំណុលរបស់ក្លឹបដែលមានចំនួន ៦៣,៧៧ លានអឺរ៉ូ ដែលភាគច្រើនទាក់ទងនឹងការជំពាក់ប្រាក់ខែរបស់កីឡាករ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT