គ្រូបង្វឹកផ្នែកចាំទីគឺ​ជាការងារបន្ទាប់​របស់ អ៊ុំ សេរីរ័ត្ន ប្រសិន​បើ​លេង​បាល់​លែង​កើត​ដោយ​សាររបួស

“បើសិនឈប់ពីបាល់ទាត់ទៅ មានតែសម្រាកមួយរយៈឲ្យរបួសបានធូរស្បើយសិន ហើយចាំមកចូលរួមជាមួយគ្រូចាំទី ធ្វើជាគ្រូជំនួយ” នេះ​គឺ​ជា​សម្ដី​របស់​អ្នក​ចាំ​ទី​ក្លិប​ TIFFY ARMY FC កីឡាករ អ៊ុំ សេរីរ័ត្ន​និយាយ​ក្នុង​វេបសាយរបស់​គណៈកម្ម​ការរៀបចំ​ការ​ប្រកួត​បាល់​ទាត់​កម្ពុជា CNCC។

ក្នុងករណីបោះបង់អាជីពបាល់ទាត់ដោយសារបញ្ហារបួសជង្គង់អ្នកចាំទី អ៊ុំ សេរីរ័ត្ន បង្ហើបថា គេអាចនឹងចូលរួមជាក្រុមការងារគ្រូបង្វឹកផ្នែកចាំទី ក្នុងនាមជាគ្រូជំនួយ។ យ៉ាងណា គេថា គ្រាន់តែជាការគិតប៉ុណ្ណោះ អ្វីសំខាន់រង់ចាំមើលស្ថានភាពរបួសជាមុនសិន។ អតីតអ្នកចាំទី​ជម្រើស​ជាតិ​កម្ពុជារូបនេះបន្ត​ថា៖

“ខ្ញុំពិតជាស្ដាយខ្លាំង ព្រោះវ័យយើងអ្នកចាំទីនៅលេងបាន តែដោយសាររបួសញាំញី អាចឲ្យយើងត្រូវបញ្ចប់។ ប៉ុន្តែបើការវះកាត់លើកទី២ជោគជ័យ ខ្ញុំអាចត្រលប់មកវិញ មិនទាន់បញ្ចប់ទេ គ្រាន់តែជាការគិតរបស់ខ្ញុំទេ។ បើជោគជ័យ ខ្ញុំនឹងបន្តលេងទៀត។”

អ៊ុំ សេរីរ័ត្ន បានរងរបួសជង្គង់ដល់ទៅ២លើកទៅហើយគិតចាប់តាំងពីឆ្នាំ២០១៨ មក និងបានឆ្លងកាត់ការវះកាត់ថែមទៀត។ ដោយឡែក កាលខែមករា ឆ្នាំ២០២១ ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាព នៅសៀមរាប គេមានបញ្ហាទាក់ទងនឹងទ្រនាប់ជង្គង់ ក៏ត្រូវឃ្លាតពីការហ្វឹកហាត់សាជាថ្មីដល់បច្ចុប្បន្ន៕

 

ប្រភព៖CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT