Jara ​ថា​បើ Messi ​មក​លេង​នៅ MLS ​គេ​នឹង​ទៅ​ថើប​ជើង​ភ្លាម​តែ​ម្ដង​

Franco Jara ​អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន ​និង​បច្ចុប្បន្ន​កំពុង​លេង​នៅ FC Dallas ​បាន​និយាយ​ថា​បើ​សិន​ជា Lionel Messi ​មក​លេង​នៅ​អាមេរិក​មែន ​នោះ​លោក​នឹង​ទៅ​ថើប​ជើង​របស់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មិន​ខាន។

​Messi ​នឹង​អស់​កុងត្រា​នៅ​ក្រុម FC Barcelona ​ត្រឹម​ដាច់​រដូវ​កាល​នេះ​ហើយ ដោយ​មិន​មាន​ការ​បន្ដ​កុងត្រា​ថ្មី​ណា​មួយ​កើត​ឡើង​ទៀត​នោះ​ទេ។ ​ខណៈ​ដែល​ពេល​នេះ​ក៏​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​កីឡាករ​អាហ្សង់ទីន​រូប​នេះ​ដែរ ​ព្រោះ​អស់​កុងត្រា​ត្រូវ គឺ​ភាគី​ដែល​ចង់​បាន​គ្រាន់​តែ​ចរចា​តម្លៃ​ខ្លួន​ត្រូវ អាច​យក Messi ​ទៅ​លេង​ឱ្យ​បាន​តែ​ម្ដង។

​ដោយ​ក្នុង​នោះ​ក៏​មាន​ដំណឹង​ក្លឹប​នៅ​លីគ​កំពូល​អាមេរិក MLS ​ចាប់​អារម្មណ៍​ផង​ដែរ។ ​ចំពោះ​រឿង​នេះ​ដែរ ​ខ្សែ​ប្រយុទ្ធ Jara ​របស់​ក្រុម Dallas ​បាន​និយាយ​ថា​៖ “បើ​សិន​ជា​គាត់​មក​លេង​នៅ MLS ​មែន ​ខ្ញុំ​នឹង​ថើប​ជើង​របស់​គាត់។ ក្នុង​អាជីព​បាល់ទាត់​របស់​ខ្ញុំ ​ខ្ញុំ​បាន​ធ្វើ​ការ​ហ្វឹកហាត់​និង​លេង​ជាមួយ​គាត់ ប៉ុន្តែ​មិន​ធ្លាប់​លេង​ត​ទល់​គ្នា​លើ​ទីលាន​ម្ខាង​ម្នាក់​នោះ​ទេ។ MLS ​ធ្លាប់​នាំ​យក Zlatan , Higuain ​មក​រួច​ហើយ ​ដូច្នេះ​សង្ឃឹម​ថា​នឹង​មាន​វត្តមាន Messi ​មក​ទៀត​ជាក់ជា​មិន​ខាន”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT