តាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( FFC ) ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ ខាងមុខនេះ នឹងចាប់ផ្តើមលក់សំបុត្រចូលរួមទស្សនាពីថ្ងៃទី ១ ខែ កញ្ញា តទៅហើយ។
នេះគឺជាការប្រកួតដំបូងបង្អស់ ក្រោយសកម្មភាពរបស់ក្រុមជម្រើសជាតិអវត្តមានរយៈពេលដ៏យូរ ពោលគឺតាំងពីចុងខែមីនាកន្លងទៅ ។
វាក៏នឹងក្លាយជាប្រកួតក្នុងទឹកដីដំបូងបង្អស់ប្រចាំឆ្នាំ ២០១៨នេះផងដែរ ដែលចុងក្រោយបង្អស់ កម្ពុជា ប្រកួតទល់នឹង ហ្ស៊កដានី កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅពហុកីឡដ្ឋានជាតិ។
ក្រៅពីនេះ វាគឺជាប្រកួតដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា គឺលោក Keisuke Honda ដែលនឹងរៀបចំប្រព័ន្ធដឹកនាំដោយប្រើប្រាស់ក្រុមការងាររបស់លោក ។
ការប្រកួតមិត្តភាពទល់នឹងម៉ាឡេស៊ីនេះ គឺស្ថិតនៅក្នុងកាលវិភាគត្រៀមរបស់សហព័ន្ធ ដែលកម្ពុជា នឹងត្រូវចូលរួមពានរង្វាន់ AFF Suzuki Cup 2018 នៅខែវិច្ឆិកា ខាងមុខ ៕