ផ្អាកទិវារត់ប្រណាំងកម្សាន្តស្រ្តី៨មីនា និងការប្រកួតកីឡានានា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ សហគមន៍២០កុម្ភៈ

ដើម្បីចូលរួមទប់ស្កាត់នៅក្នុងស្ថានភាពនៃការចម្លងជំងឺកូវីដ-១៩ក្នុងសហគន៍២០កុម្ភៈជាមួយរាជរដ្ឋាភិបាល ទិវារត់ប្រណាំងកម្សាន្តស្ត្រី និងកីឡា៨មីនា រួមទាំងការប្រកួតកីឡាបាល់ទាត់ ការប្រកួតកីឡាហុកគី និងកិច្ចប្រជុំមួយចំនួន រួមទាំងសកម្មភាពលេងកីឡាលក្ខណៈប្រមូលផ្តុំត្រូវបានផ្អាកជាបណ្តោះអាសន្នជាបន្តបន្ទាប់ តាមរយៈលិខិតប្រកាសស្តីពីការផ្អាកសកម្មភាពកីឡាដោយឡែកៗពីគ្នា។

គណៈកម្មាធិការរជាតិអូឡាំពិកកម្ពុជា (NOCC) បានចេញសេចក្តីប្រកាសព័ត៌មានមួយដែរ ដោយផ្អាក «ទិវារត់ប្រណាំងកម្សាន្តស្ត្រី និងកីឡា ដែល NOCC និងក្រសួងទេសចរណ៍គ្រោងនឹងរៀបចំទិវានេះ ក្នុងទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២១។ សេចក្តីប្រកាសនេះបានជម្រាបជូនដល់កីឡាករ កីឡាការិនី និងអ្នកឧបត្ថម្ភគាំទ្រ ទាំងអស់ថា ទិវាកីឡាទេសចរណ៍រត់ប្រណាំងកម្សាន្តស្ត្រី និងកីឡា លើកទី២ ឆ្នាំ២០២១ ត្រូវបានផ្អាក ដោយសារជំងឺកូវីដ-១៩ នៅមានវត្តមាននៅក្នុងប្រទេសកម្ពុជា និងមានការរីករាលដាលខ្លាំងក្នុងតំបន់ និងពិភពលោកនៅឡើយ ដូច្នេះ ដើម្បីការពារសុខភាព និងសុវត្ថិភាពរបស់កីឡាករ កីឡាការិនីទាំងអស់ និងអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ។
គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងក្រសួងទេសចរណ៍ស្នើដល់កីឡាករ កីឡាការិនី និងអ្នកឧបត្ថម្ភគាំទ្រទាំងអស់មានការយោគយល់ និងចូលរួមតាមសភាពការណ៍ជាក់ស្តែង។

នៅក្នុងការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានផ្អាកដំណើរការជាបណ្តោះអាសន្ននូវការប្រកួតជម្រើសជើងឯកលីគនារី ដែលគ្រោងប្រកួតវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃអាទិត្យ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងការប្រកួតជម្រើសជើងឯកយុវជន អាយុក្រោម១៥ឆ្នាំ និងជម្រើសជើងឯកយុវជនអាយុក្រោម១៨ឆ្នាំ រហូដល់មានការជូនដំណឹងជាថ្មី។ ចំពោះគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បានផ្អាកមិនឲ្យទស្សនិកជូនចូលរួមទស្សនាដោយផ្ទាល់នៅកីឡដ្ឋានដែរ សម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២១ ដែលកំពុងដំណើរប្រកួតជម្រុះវិលជុំក្នុងពូលថ្នាក់ជាតិ រៀងរាល់ថ្ងៃអង្គារ៍ និងថ្ងៃពុធ និងផ្អាកមិនឲ្យទស្សនិកជនចូលទស្សនានៅកីឡដ្ឋានដោយផ្ទាល់ សម្រាប់ការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២១ ដែលគ្រោងនឹងបើកការប្រកួតនាខែមីនា ខាងមុខនេះ។ ជាមួយគ្នានោះ លោក កែវ សារ៉េត អគ្គលេខាធិការ FFC ក៏បានប្រកាសពន្យាពេលនៃសិក្ខាសាលាស្តីពី «វគ្គបណ្តុះបណ្តាលមន្ត្រីគ្រប់គ្រងព្រឹត្តិការណ៍ប្រកួត» ដែលគ្រោងធ្វើឡើងនាថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះដែរ។

ចំពោះសហព័ន្ធកីឡាហុកគីកម្ពុជា ដែលគ្រោងរៀបចំការប្រកួតកីឡាហុកគីជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលគ្រោងនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ក៏បានប្រកាសជូនដំណឹងស្តីពីការផ្អាកការប្រកួតនេះជាបណ្តោះអាសន្នដូចគ្នាផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

ជាមួយគ្នានោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលគ្រោងនឹងរៀបចំមហាសន្និបាតរបស់ខ្លួន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានលើកពេលជាបណ្តោះអាសន្ន ខណៈកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ប្រចាំសប្តាហ៍ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ក៏ត្រូវបានផ្អាកសកម្មភាពប្រជុំជាបណ្តោះអាសន្នដូចគ្នាផងដែរ ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ក្នុងសហគន៍២០កុម្ភៈ។

សូមរំឭកថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានចេញលិខិតផ្លូវការមួយជម្រាបជូនឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តចំនួន៣ ស្នើឲ្យផ្អាកដំណើរការអាជីវកម្មក្លិបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទទាំងអស់ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាន្ន។ ការផ្អាកសកម្មភាពកីឡានេះ គឺនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងដើម្បីជៀសវាងការរីករាល់ដាល ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ ការស្នើឲ្យផ្អាកនៅខេត្តរាជធានី-ខេត្តទាំងនេះ ត្រូវបានបន្តរហូតដល់មានការជូនដំណឹងជាថ្មី លើកលែងតែការប្រកួតកីឡា ដែលមានការចាក់ផ្សាយតាមទូរទស្សន៍៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT