Leonardo ថា​កីឡាករ ៤ រូប​នេះ ក្លឹប PSG សុទ្ធ​តែ​ចង់​ផ្តល់​កុងត្រា​ថ្មី​ឲ្យ

នាយក​គ្រប់គ្រង​ផ្នែក​កីឡា​របស់​ក្លឹប​ Paris Saint-Germain លោក Leonardo បាន​និយាយ​កាល​ពី​ពេល​កន្លង​ទៅ​នេះ​ថា Kylian Mbappe និង​កីឡាករ ៣ រូប​ឯ​ទៀត​កំពុង​ស្ថិត​ក្នុង​ការ​ពន្លឿន​ល្បឿន​នៃ​ការ​ចរចា​ពី​សំណាក់​ភាគី​ក្លឹប ដើម្បី​ចង់​បន្ត​កុងត្រា​ថ្មី​ដល់​ពួក​គេ។

ក្លឹប​បារាំង​ហាក់​មិន​ចង់​បាត់បង់​តារា​ឆ្នើម​ទាំង​នោះ​ឡើយ ជា​ពិសេស​គឺ​រារាំង​មិន​ឲ្យ​ក្លឹប​ដទៃ​ចូល​មក​ចែចូវ​បាន​មុន។ លោក Leonardo និយាយ ប្រាប់ France Bleu៖ “ខ្ញុំ​ពិត​ជា​ភ្ញាក់ផ្អើល​ជាមួយ​ដំណឹង​មួយ​ចំនួន​ជុំវិញ​រឿងរ៉ាវ Mbappe ដោយ​គេ​នៅ​ស្ថិត​មួយ​រដូវ​កាល​ពេញ [លើ​កុងត្រា​សេសសល់] ហើយ​គេ​ជា​ចំណែក​ដ៏​សំខាន់​បំផុត​របស់​ក្លឹប ពេល​នេះ​យើង​បាន​ជជែក​ជាមួយ​គេ និង​ពេលវេលា​សម្រេច​ចិត្ត​បាន​ចូល​មក​ដល់​ហើយ”។

បន្ត​ដល់ ៣ រូប​ផ្សេង​ទៀត​លោក​បន្ថែម៖ “យើង​ក៏​បាន​ជជែក​ជាមួយ Neymar ដែល​យើង​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ ត្បិត​បើ​កុងត្រា​មិន​ទាន់​ចុះ​ហត្ថលេខា តែ​យើង​កំពុង​មាន​ទំនាក់ទំនង​ល្អ ហើយ​គោលដៅ​គឺ​ចង់​ធ្វើ​ឲ្យ​បាន​ឆាប់​រហ័ស ជាង​នេះ​ក៏​នឹង​មាន​ការ​ជជែក​ជាមួយ Angel di Maria និង Juan Bernat ដែល​យើង​ចង់​បាន​កុងត្រា​ថ្មី​សម្រាប់​ពួក​គេ​ទាំង​បួន”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT