មូលហេតុម្ចាស់ក្លិប Jiangsu FC ប្រកាស​លក់ក្លិប​តម្លៃ​ត្រឹមតែមួយសេន ឲ្យតែមានអ្នកទិញ

ក្រុមហ៊ុន Suning Appliance Group ដែលម្ចាស់​ក្លិប Jiangsu FC លេង​ក្នុងលីគ​កំពូល​ចិន​ Chinese Super League (CSL) ប្រកាស​លក់​ក្លិប​ត្រឹម​តែ​តម្លៃ​១​សេន​ប៉ុណ្ណោះ​ទៅ​ឲ្យ​នរណា​ក៏​បាន​ដែលចង់​ទិញ​ដើម្បី​ទប់​កុំឲ្យ​ក្លិប​មួយ​នេះ​រលាយបាត់​រូបពីពិភពបាល់ទាត់។​

យោងតាមរបាយការណ៍ពី​កាសែតអ៊ីតាលី football-italia ក្រុមហ៊ុន Suning Group កំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ហើយពួកគេត្រូវលក់ទ្រព្យសម្បត្តិរបស់ពួកគេ ជាពិសេសក្លឹបបាល់ទាត់ដែលនៅតែបន្តខាតបង់ ដើម្បីជៀសវាងបញ្ហាធំៗមួយចំនួន។ ក្រុមហ៊ុន Suning មានឆន្ទៈក្នុងការលក់ក្លិបក្នុងតម្លៃទាបត្រឹមមួយសេន ដោយផ្តល់ឱ្យម្ចាស់ថ្មីយល់ព្រមទទួលយក ដើម្បីដោះស្រាយបំណុលរបស់ក្លឹបដែលមានចំនួន ៦៣,៧៧ លានអឺរ៉ូ ដែលភាគច្រើនទាក់ទងនឹងការជំពាក់ប្រាក់ខែរបស់កីឡាករ។

ប្រសិនបើក្រុមហ៊ុនមួយនេះបរាជ័យក្នុងការស្វែងរកអ្នកទិញថ្មីនាពេលអនាគត Suning Group  នឹងត្រូវរំលាយក្លឹបដែលលេចធ្លោក្នុងនាមជាម្ចាស់​ជើងឯកលីគកំពូលចិន Chinese Super League (CSL)​ដែល​ទើប​ឈ្នះពាន​កាល​ពី​ឆ្នាំ២០២០។ ប្រសិនបើរឿងនេះកើតឡើងមែននោះ Jiangsu FC នឹងទទួលទណ្ឌកម្មធ្ងន់ធ្ងរដូចជាមិនអនុញ្ញាតឱ្យលេងពាន AFC Champions League ឬ​ក៏​ពាន AFC Cup នៅពេលក្លឹបនេះសកម្មម្តងទៀត។

ក្លិបមួយផ្សេងទៀត ដែលគ្រប់គ្រងដោយក្រុមហ៊ុន Suning ពោល​គឺ Inter Milan ក៏ជួបវាសនាដូចគ្នាដែលបច្ចុប្បន្នកំពុងពិភាក្សាជាមួយដៃគូ  BC ហើយ​កិច្ចចចារជាមួយ​អ្នក​ទិញ​ជាច្រើនកំពុងត្រូវបានធ្វើឡើង ដើម្បីធានាថាក្លឹបនៅ Serie A មួយ​នេះនឹងមិនជំពាក់បំណុលគេបន្ថែមទៀតនាពេលអនាគត។

កីឡាកររបស់​ Inter ត្រូវបានគេរាយការណ៍ថាមិនបានទទួលប្រាក់បៀវត្សរ៍រយៈពេល ៤ ខែមក​ហើយ ហើយក្លឹបកំពុងពិភាក្សាជាមួយកីឡាករអំពីការបើកប្រាក់ខែជាដំណាក់កាលៗក្នុងពេល​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT