ក្រសួងអប់រំ យុវជន និង កីឡា ផ្អាកដំណើរការអាជីកម្មក្លិបហាត់ប្រាណ និងការលេងកីឡា នៅរាជធានី-ខេត្តចំនួន៣

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានចេញលិខិតផ្លូវការ កាលពីយប់ថ្ងៃ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ដោយជម្រាបជូនឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តចំនួន៣ ស្នើឱ្យផ្អាកដំណើរការអាជីវកម្មក្លិបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទទាំងអស់ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ន។

ការផ្អាកសកម្មភាពកីឡានេះ គឺនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ដោយសារស្ថានភាព នៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងដើម្បីចៀសវាងការរីករាល់ដាល ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។

នៅក្នុងលិខិតនេះបញ្ជាក់ទៀតថា ក្រសួងអប់រំ យុវជន និងកីឡា ស្នើផ្អាកដំណើរការអាជីវកម្ម ក្លិបហាត់ប្រាណ គ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្ដុំ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ រហូតដល់មានការជូនដំណឹងជាថ្មី លើកលែងតែការប្រកួតកីឡា ដែលមានការចាក់ផ្សាយតាមទូរទស្សន៍។

ដោយឡែកនៅក្នុងស្ថានភាពឆ្លងក្នុងសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈនេះដែរ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលត្រូវរៀបចំមហាសន្និបាតប្រចាំឆ្នាំ២០២១ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក៏ត្រូវបានលើកពេលដែរ។ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៃសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈ ។ រីឯគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក៏បានជូនដំណឹងពន្យារពេល នៃការប្រជុំគណៈអចិន្ត្រៃយ៍ប្រចាំសប្តាហ៍ដូចគ្នាផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT