ឆ្មា​តម្លៃ​ជាង ៣ ពាន់​ដុល្លារ​របស់ Ronaldo ត្រូវ​ឡាន​បុក កំពុង​បញ្ជូន​តាម​យន្តហោះ​ទៅ​ព្យាបាល​នៅ​អេស្ប៉ាញ

សត្វ​ឆ្មា​គ្មាន​រោម​ឈ្មោះ Pepe ដែល​ជា​សត្វ​ចិញ្ចឹម​របស់ Cristiano Ronaldo និង​គូស្នេហ៍ Georgina Rodriguez បាន​រត់​ចេញ​ពី​ផ្ទះ​ក្នុង​ទីក្រុង​ Turin កាល​ពី​ពេល​កន្លង​ទៅ​នេះ ហើយ​បាន​ជួប​ហេតុការណ៍​អាក្រក់​គឺ​ត្រូវ​ឡាន​បុក។

ក្រោយ​ពី​កើតហេតុ Georgina បាន​ប្រញាប់​យក​សត្វ​ឆ្មា​ដ៏​គួរ​ឲ្យ​ស្រលាញ់​របស់​ខ្លួន​ទៅ​មន្ទីរពេទ្យ​ប្រចាំ​តំបន់ ប៉ុន្តែ​ស្ថានភាព​របស់​វា​ហាក់​មិន​ធូរស្បើយ​ទាល់​តែ​សោះ​ និង​កាន់​តែ​ទ្រុឌទ្រោម​ទៅ ​ទើប​ថ្មីៗ​នេះ​នាង​សម្រេច​ដឹក​តាម​យន្តហោះ​ឯកជន​ដោយ​ផ្ញើ​បងស្រី​របស់​នាង​ឈ្មោះ Ivana ឲ្យ​យក​ទៅ​ព្យាបាល​នៅ​ប្រទេស​អេស្ប៉ាញ។

បញ្ជាក់​ដែរ​ថា សត្វ​ឆ្មា​មួយ​ក្បាល​នោះ​គឺ​មាន​តែ ៨ ក្បាល​ប៉ុណ្ណោះ​ក្នុង​លោក ហើយ​វា​មាន​តម្លៃ ៣ ៦០០ ដុល្លារ និង​ត្រូវ​បាន​ Ronaldo ដាក់​ឈ្មោះ​ឲ្យ​ថា “Pepe” ដែល​ជា​ឈ្មោះ​អតីត​មិត្ត​រួម​ក្រុម​នៅ​ក្លឹប Real Madrid។

ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ខាង​លើ តារា​ម៉ូដែល​កូន​កាត់​អេស្ប៉ាញ-អាហ្សង់ទីន​បាន​ផ្តល់​បទសម្ភាសន៍​កាល​ពី​ពេល​កន្លង​ទៅ​ថា៖ “Pepe គេ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ័យខ្លាច​ជា​ខ្លាំង ព្រោះ​គេ​បាន​រត់​ចេញ​ពី​ផ្ទះ ហើយ​ប៊ិះ​តែ​នឹង​បាត់បង់​ជីវិត ទើប​មក​ទល់​ពេល​នេះ​យើង​សម្រេច​ឲ្យ​បងស្រី​របស់​ខ្ញុំ​គឺ Ivana ជា​អ្នក​មើល​ថែ​វា​ជំនួស ខណៈ​ដែល​ពេល​នេះ Pepe គេ​កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​ប្រទេស​អេស្ប៉ាញ”។

Georgina ដែល​មាន​កូន​ស្រី​តូច​អាយុ ៣ ឆ្នាំ​កន្លះ​ឈ្មោះ Alana Martina និង​កូន​ ៣ រូប​ផ្សេង​ទៀត​បាន​និយាយ​ថា៖ “កូន​ពៅ​របស់​ខ្ញុំ​គេ​មិន​យល់​នោះ​ទេ​ថា Pepe កំពុង​ឈឺ ហើយ​គេ​តែងតែ​ទារ​ចង់​លេង​ជាមួយ​វា”។​

គួរ​រំឭក​ថា សត្វ​ឆ្មា​មួយ​ក្បាល​នោះ​បាន​ក្លាយ​ជា​សមាជិក​របស់​គ្រួសារ​ Ronaldo តាំង​ពី​រយៈ​ពេល ២ ឆ្នាំ​មុន ដោយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ Georgina បាន​ណែនាំ​ Pepe ទៅ​កាន់​ Follower ទាំង ២៣ លាន​នាក់​របស់​នាង​លើ Instagram ដោយ​សរសេរ​បែប​នេះ​ថា៖ “Pepe ជូនពរ​ឲ្យ​អ្នក​រាល់​គ្នា​សំណាង​ល្អ​នៅ​ថ្ងៃ​នេះ”។

ដោយឡែក​ជានិច្ចកាល​ក៏​រមែង​ឃើញ​វា​លេច​មុខ​ក្នុង​រូបភាព​ស្និទ្ធស្នាល​ជា​ច្រើន​សន្លឹក​ទាំង​ជាមួយ Ronaldo ផ្ទាល់ ក៏​ដូច​ជា​ជាមួយ​គូស្នេហ៍ Georgina និង​កូន​តូចៗ​ឯ​ទៀត។ អ្វី​ដែល​ពិសេស​នោះ វា​មាន​សំណាង​ជាង​យើង​ដែល​ជា​អ្នក​គាំទ្រ ដោយ​កន្លង​ទៅ​នៅ​ថ្ងៃ​ឈប់សម្រាក​វា​បាន​ស្គាល់​រសជាតិ​ជិះ​យន្តហោះ​ឯកជន Gulfstream G200 ដែល​មាន​តម្លៃ​ជាង ២០ លាន​ដុល្លារ​ នៅ​ដំណើរ​កម្សាន្ត​ជាមួយ​តារា​ឆ្នើម​ក្លឹប Juventus។

ផ្សា​ភ្ជាប់​គ្នា​នឹង​រឿង​សត្វ​ចិញ្ចឹម​នេះ សម្រាប់​គូ​ប្រជែង​របស់ Ronaldo គឺ Lionel Messi ក៏​មាន​ឆ្កែ​សំណព្វ​មួយ​ក្បាល​ផង​ដែរ ដែល​វា​មាន​ឈ្មោះ​ថា “Hulk” ហើយ​ជា​ប្រភេទ​ឆ្កែ Dogue de Bordeaux ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ពូជ​ឆ្កែ​ធំ​របស់​បារាំង។ វា​បាន​នៅ​ជាមួយ Messi តាំង​ពី​ខែ​មករា ឆ្នាំ ២០១៦ ពោល​គិត​មក​ទល់​ពេល​នេះ​មាន​ឈ្មោះ​ជា​សមាជិក​ក្នុង​គ្រួសារ​របស់ M10 រយៈ​ពេល​ជាង ៥ ឆ្នាំ​មក​ហើយ រីឯតម្លៃរបស់វាអាចថ្លៃចន្លោះពី ១ ៥០០ ទៅ ៧ ០០០ ដុល្លារ៕

ប្រភព៖ TheSun​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT