កម្ពុជានៅសល់៨០០ថ្ងៃ ដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ព្រះរាជាណាចក្រកម្ពុជានៅសល់ពេល៨០០ថ្ងៃគត់ គិតមកដល់ត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ ក្រោយពីកម្ពុជាបានប្រារព្ធ​ពិធីរាប់ថយក្រោយជាផ្លូវការ ១ ០០០ ថ្ងៃ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។

ឯកឧត្តម  វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា​អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានគូសបញ្ជាក់នៅ​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់​សម្តេចពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC តែងតែជំរុញឱ្យគណៈកម្មការជំនាញទាំងអស់ត្រូវបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រួច​គោល​ដៅ ឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ​ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យ​ទទួល​បានជោគជ័យ។ ឯកឧត្ដមបានគូសបញ្ជាក់ថា «មកដល់ថ្ងៃនេះ គឺយើងនៅសល់៨០០ថ្ងៃ ដូច្នេះយើងត្រូវដាក់គោលដៅមុតស្រួច ស៊ីជម្រៅ ព្រមទាំងភាពប្រាកដប្រជាទៅគ្រប់​ជំនាញ​ទាំងអស់ ដោយត្រូវធ្វើការឱ្យបានហ្មត់ចត់ ត្រៀមខ្លូនធ្វើផែនការយុទ្ធសាស្ត្រ ធ្វើកម្ម​វិធី​លម្អិត​ទាំងអស់ សម្រាប់ពេលវេលាដែលនៅសល់៨០០ថ្ងៃនេះ ដើម្បីឱ្យកាន់តែប្រាកដ​ប្រជាថា​នឹងត្រូវតែធ្វើឱ្យបានជោគជ័យនៃការរៀបចំការប្រកួត កីឡាថ្នាក់តំបន់អាស៊ី​អាគ្នេយ៍​ជាលើកដំបូងជាប្រវត្តិសាស្ត្ររបស់កម្ពុជា។ នៅក្នុងដំណាក់កាលនេះ យើងបន្តការ​ប្រឹងប្រែងតាមពេលវេលាជាក់ស្តែងជាបន្តបន្ទាប់»។

ឯកឧត្តមអគ្គលេខាធិការ CAMSOC បានបន្ថែមថា នៅក្នុងពេលវេលានៅសល់ ៨០០​ថ្ងៃនេះ យើងកាន់តែខិតខំបង្កើនគុណផលកីឡា ដោយឯកឧត្តមបានអំពាវនាវដាស់​តឿន​ដល់កីឡាករ កីឡាការិនី គ្រូបង្វឹកគ្រប់ប្រភេទកីឡា ទាំងអស់សូមស្វែងរកលទ្ធភាព​ក្នុងការ​ហ្វឹកហាត់ឱ្យកាន់តែមុតស្រួចខ្លាំងក្លា ដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ដោយ​ធ្វើយ៉ាងណាបង្កើនឱ្យបាននូវសិទ្ធផលរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានោះឯកឧត្តមក៏បានក្រើនរម្លឹកដល់មន្ត្រីកីឡា និងភាគីពាក់ព័ន្ធទាំងអស់បន្តរាប់​ថយក្រោយ និងចូលរួមធ្វើកិច្ចការនានា ដើម្បីធ្វើឱ្យប្រាកដប្រជានៃដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឱ្យដំណើរការដោយរលូន និងជោគជ័យជាជំហានផងដែរ។

ក្រៅពីនេះ បច្ចុប្បន្ន ស្លាកសញ្ញា (LOGO) និមិត្តសញ្ញា (Mascot) និងបាវចនាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ «កីឡារស់ក្នុងសន្តិភាព-SPORTS LIVE IN PEACE» កំពុងត្រូវបានប្រើប្រាស់ និងបញ្ជ្រាបការផ្សព្វផ្សាយបន្ទាប់ពី CAMSOC បានប្រកាសឱ្យ​ប្រើ​ប្រាស់ជាផ្លូវការនៅក្នុងពិធីរាប់ថយក្រោយ ១ ០០០ ថ្ងៃកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។

ដំណើរឆ្ពោះទៅរៀបចំ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយ​ចាប់រាប់ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ តទៅរហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃពិធីបើកជាផ្លូវការ មានចំនួន ១ ០០០ ថ្ងៃគត់។ រីឯការទទួលរៀបចំធ្វើម្ចាស់ផ្ទះ​ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នឹងរៀបចំធ្វើបន្ទាប់ពីបញ្ចប់​ស៊ីហ្គេម លើកទី៣២ ប្រមាណ២សប្តាហ៍ ដែលមានកាលបរិច្ឆេទពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT