កីឡាករ​នីហ្សេរីយ៉ា​ម្នាក់ ​បដិសេធ​មិន​ទៅ​កើប​លុយ​នៅ​ចិន ​ព្រោះ​ហេតុផល​នេះ

Anthony Nwakaeme  ​បដិសេធ​ទៅ​លេង​នៅ​លីគ​កំពូល​ចិន ​ដោយសារ​តែ​ខ្លួន​គិត​ថា​លុយ​មិន​មែន​សំខាន់ សម្រាប់​ការ​លេង​បាល់ទាត់​ឡើយ។

Nwakaeme ​ត្រូវ​បាន​ក្លឹប​ចិន​មួយ​​ផ្ដល់​តម្លៃ​ខ្លួន​ខ្ពស់​មែនទែន ​ប៉ុន្តែ​រូបគេ​មិន​ព្រម​ទៅ​លេង​នោះ​ទេ ​ដោយ​បាន​សម្រេច​ចិត្ត​ចុះ​កុងត្រា​៣​ឆ្នាំ​លេង​ឱ្យ​ក្លឹប Trabzonspor ​របស់​ទួរគី​ទៅ​វិញ។ ចំពោះ​ហេតុផល​ដែល​បដិសេធ​កើប​លុយ​នៅ​ចិន​នេះ ​បុរស​វ័យ​២៩​ឆ្នាំ​បាន​និយាយ​ថា​៖ “គ្រប់​យ៉ាង​មិនមែន​សម្រាប់​តែ​លុយ​មួយ​មុខ​ទេ។ ខ្ញុំ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ប្រកួត​ប្រជែង ​ហើយ​ខ្ញុំ​ពេញ​ចិត្ត​ចំពោះ​ការ​ប្រជែង​ជាមួយ​ខ្លួន​ឯង។ Trabzonspor ​មាន​មហិច្ឆតា​ធំ ​ហើយ​ក្នុង​នាម​ជា​កីឡាករ​អាជីព ​ខ្ញុំ​ពេញ​ចិត្ត​នឹង​ចូល​រួម​ជាមួយ​ពួកគេ”។

Nwakaeme ​ចាប់​អាជីព​បាល់ទាត់​ដំបូង​ជាមួយ​ក្លឹប​នៅ​ប្រទេស​រូម៉ានី​នៅ​ឆ្នាំ​២០១០។ ​អ្វី​ដែល​ជោគជ័យ​បំផុត​សម្រាប់​រូបគេ​នោះ គឺ​ការ​លេង​នៅ​ក្លឹប​ Hapoel Be’er Sheva ​របស់​អ៊ីស្រាអែល ​នៅ​ឆ្នាំ​២០១៥​កន្លង​ទៅ ​ដោយ​ឈ្នះ​ទាំង​ពាន​លីគ និង​ខាប់​នៅ​ទី​នោះ។ ការ​លេង​បាន​ល្អ​នៅ​ក្លឹប​នេះ​ហើយ ទើប​បាន​ជា​រូបគេ​មាន​ឱកាស​បាន​ចូល​លេង​ឱ្យ​ជម្រើស​ជាតិ​នីហ្សេរីយ៉ា ​នៅ​ឆ្នាំ​២០១៧​កន្លង​ទៅ៕ប្រភព៖ BBC

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT