ក្លឹប PSG បានចាប់អារម្មណ៍ទៅលើខ្សែបម្រើ Rakitic របស់ក្លឹប Barcelona ដោយបានបោះសម្ដី១២៥លានអឺរ៉ូ ដើម្បីទិញផ្ដាច់កុងត្រាកីឡាករក្រូអាតរូបនេះ។
ត្បិតតែយ៉ាងនេះមែន ក្រុមអ្នកមានបុណ្យប្រហែលជាមិនចង់បានលុយនេះឡើយ ត្បិតអី Rakitic ជាខ្សែបម្រើសំខាន់ម្នាក់ដែរ ក្នុងនោះ។ លោក Ernesto Valverde អ្នកចាត់ការក្រុមបានបញ្ជាក់ថាលោកមិនចង់ឮការចាកចេញរបស់កីឡាករវ័យ៣០ឆ្នាំរូបនេះឡើយ។ រូបគេជាតួអង្គសំខាន់ម្នាក់ក្នុងក្រុមទាំងមូល ដូចដែលអ្នកគាំទ្រទាំងអស់បានឃើញស្រាប់ហើយ។
រឿងមួយទៀតដែលធ្វើឱ្យ PSG ពិបាកក្នុងការនាំយក Rakitic ពីអេស្ប៉ាញនោះ គឺពួកគេកំពុងប្រឈមមុខខ្លាំងជាមួយ Financial Fair Play (ការចំណាយឱ្យមានកម្រិត) របស់ខាង FIFA បានចែង។ ការជួបនេះ គឺដោយសារតែក្រុមអ្នកមាននៅបារាំង បានចាយលុយលើសលប់ទៅលើការទិញយក Neymar និង Kylian Mbappe កាលពីរដូវកាលមុននេះ។ ប្រសិនបើចង់ចាយជាង១០០លានអឺរ៉ូទៀត នោះ PSG នឹងត្រូវលក់កីឡាករច្រើននាក់ ដើម្បីបានប្រាក់ប្រហាក់ប្រហែលនេះមកវិញ។
សូមបញ្ជាក់ថាទីផ្សារដោះដូរកីឡាករនៅអេស្ប៉ាញ នឹងបិទនៅថ្ងៃ៣០ខែនេះហើយ ដូច្នេះក្លឹបទាំងអស់ មានឱកាសទិញដូរកីឡាករតែប៉ុន្មានថ្ងៃទៀតទេ៕ប្រភព៖ MARCA