អ្នកប្រដាល់ផាន់ គ្រាន់ ឬ លូម លេង ដែលនឹងក្លាយជាម្ចាស់ខ្សែក្រវាត់បារលីប្លេក?

ភ្នំពេញ៖ សម្រាប់រសៀលថ្ងៃទី២៩ ខែមេសាខាងមុខនេះ នឹងមានព្រឹត្តិការណ៍ដ៏កក្រើកសង្វៀនបារលីប្លេករបស់អាស៊ីអាគ្នេយ៍ដោយជាជំនួបផ្ដាច់ព្រ័ត្ររវាងអ្នកប្រដាល់ជើងខ្លាំងកម្ពុជា ផាន់ គ្រាន់ ជាមួយជើងខ្លាំងថៃ លូម លេង (Loom Leng) ដើម្បីគ្រងខ្សែក្រវាត់បារលីប្លេកដែលមានរង្វាន់អម ៥.០០០ដុល្លារ ។ ព្រឹត្តិការណ៍នេះចាប់ផ្ដើមតាំងពីថ្ងៃទី១១ ខែកុម្ភៈមកម្ល៉េះដោយមានអ្នកប្រដាល់កម្ពុជា៤រូប និងថៃ៤រូបចូលរួម។

អ្នកប្រដាល់កម្ពុជាទាំង៤រូបនោះមាន វេង សុភ័ក្រ្ត មកពីក្លិបទ័ពឆ័ត្រយោង៩១១ដែល៤ប្រកួតរបស់គេឈ្នះបាន២ប្រកួត និង ចាញ់២ប្រកួត ។ មួយរូបទៀតគឺ ឌុម កែវដា មកពីក្លិបម្កុដរាជសីហ៍ដែល៤ប្រកួតរបស់គេចាញ់២ប្រកួត និង២ប្រកួតទៀតគេអវត្តមានតែម្ដង ។ ចំណែកអ្នកទី៣គឺ មាស ច័ន្ទមាន របស់សមាគមប្រដាល់ក្រសួងការពារជាតិដែល៤ប្រកួតរបស់គេឈ្នះ ១ប្រកួតចាញ់៣ប្រកួត ។

ជាលទ្ធផលអ្នកប្រដាល់ទាំង៣រូបនេះហាលអាវហើយ ។ រីឯមួយរូបទៀតគឺ ផាន់ គ្រាន់ មកពីក្លិបពុទ្ធសេរីវង្សដែល៤ប្រកួតរបស់គេឈ្នះ ៣ប្រកួតចាញ់ ១ប្រកួតគេគឺជាបេក្ខជនដែលត្រូវប្រកួតផ្ដាច់ព្រ័ត្រ ។

ចំពោះអ្នកប្រដាល់ថៃទាំង៤រូបវិញនោះមាន លុក ទន (Luok Ton) ៤ ប្រកួតចាញ់ទាំង៤ ប្រកួត, កូឡាប ដាំ (Kolap Dam) ៤ប្រកួតឈ្នះ ៣ប្រកួត ចាញ់ ១ប្រកួត, ដែន ភីឈីត ៤ប្រកួតឈ្នះ២ប្រកួតចាញ់២ប្រកួត ហើយអ្នកប្រដាល់ទាំង ៣ រូបនេះហាលអាវហើយ ។ ចំពោះមួយរូបទៀតនោះគឺ លូម លេង (Loom Leng) ដែល៤ប្រកួតរបស់គេឈ្នះទាំង ៤ប្រកួត ។

លូម លេង ត្រូវប្រកួតផ្ដាច់ព្រ័ត្រជាមួយ ផាន់ គ្រាន់ ទោះបីកាលពីជួបគ្នាក្នុងវគ្គសន្សំពិន្ទុ លូម លេង ឈ្នះពិន្ទុ ផាន់ គ្រាន់ ក៏ពិតមែនតែការប្រកួតផ្ដាច់ព្រ័ត្របែបនេះអ្វីៗដែលអាចនឹងផ្លាស់ប្ដូរព្រោះជំនួបគ្នាមុននេះ លូម លេង បានឈ្នះ ផាន់ គ្រាន់ ទាំងលំបាកដែរទេ ។ សូមបញ្ជាក់ថា ផាន់ គ្រាន់ មានប្រវត្តិប្រកួតចំនួន១០៨ ដង ឈ្នះ៩០ដង ចាញ់១៦ដងស្មើពិន្ទុ ២ដង ។ ចំពោះ លូម លេង វិញមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៦ដង ចាញ់១២ដង និងស្មើពិន្ទុ ១ដង ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT