Tuchel និយាយ​មិន​លាក់បាំង ឆ្នាំ​ទៅ PSG ពិត​ជា​តាម​ចង់​បាន​ខ្សែ​ប្រយុទ្ធ​កំពូល​រូប​នេះ​មែន

អ្នកចាត់ការ​ក្លឹប​តោ​ខៀវ Chelsea ​បាន​បង្ហើប​ថា កាល​ខ្លួន​នៅ​ដឹកនាំ PSG គឺ​ក្លឹប​មាន​បំណង​ចង់​បាន Luis Suarez របស់ Barcelona ពិត​មែន តែ​ចុងក្រោយ​ការ​ចរចា​មិន​សម្រេច ហើយ​កីឡាករ​គេ​ជ្រើសរើស​ការ​ផ្ទេរ​ទៅ​ក្លឹប Atletico Madrid។

ប្រាប់​មុន​ការ​ប្រកួត​របស់ Chelsea ទល់ Atletico Madrid នៅ​ UCL លោក Tuchel និយាយ​ថា៖ “គឺ​យើង​មាន​លទ្ធភាព​នៅ​ពេល​ដែល​គេ [Suarez] ចាកចេញ​ពី Barcelona ដោយ​យើង​ព្យាយាម​ហើយ តែ​គេ​ជ្រើសរើស​ការ​នៅ​ប្រទេស​អេស្ប៉ាញ ហើយ​ចុះ​ហត្ថលេខា​ឲ្យ Atletico”។

លោក​បន្ថែម​ទៀត​ថា៖ “យើង​ចាប់​អារម្មណ៍​ការ​ចុះ​ហត្ថលេខា​ខ្សែ​ប្រយុទ្ធ​ដ៏​ល្អ​បំផុត​មួយ​ក្នុង​លោក ហើយ​ខ្ញុំ​គិត​ថា​គេ​ជា​ខ្សែ​ប្រយុទ្ធ​បែប​ធម្មជាតិ ដែល​មាន​គុណភាព​ល្អ​នៅ​តំបន់​ប្រយុទ្ធ ហើយ​ជានិច្ចកាល​គេ​តែងតែ​ចង់​បង្ហាញ​អំពី​ចំណង់​នៃ​ការ​រក​គ្រាប់​បាល់​របស់​គេ​ជា​បន្តបន្ទាប់ ដោយ​យើង​ដឹង​ពី​គុណភាព​របស់​គេ​រួចរាល់​ហើយ យប់​នេះ​យើង​នឹង​ព្យាយាម​តាម​បញ្ឈប់​គេ”។

ដូច​បាន​លើក​ឡើង​ខាង​លើ ក្រុម​តោ​ខៀវ Chelsea នឹង​ត្រូវ​ជួប​ក្រុម​ខ្លាំង Atletico Madrid ដែល​កំពុង​ឈរ​លេខ ១ នៅ​អេស្ប៉ាញ​នា​រាត្រី​នេះ វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT