Inter គ្រោង​បន្ត​កុងត្រា​ថ្មី​ឲ្យ​កីឡាករ​ម្នាក់ ដែល​ធ្លាប់​មាន​ក្លឹប Man City/Man Utd ចង់​បាន

ក្លឹប​ Inter Milan កំពុង​កៀក​ជិត​ក្នុង​ផែនការណ៍​បន្ត​កុងត្រា​ថ្មី សម្រាប់​ខ្សែ​ប្រយុទ្ធ​ Lautaro Martinez ឲ្យ​ឈរ​ជើង​បន្ត​ដល់​ឆ្នាំ ២០២៥។ ​នេះ​បើ​តាម​របាយការណ៍​ពី Todo Fichajes បាន​ចុះ​ផ្សាយ។

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កាល​ពី​យប់​មិញ​ទើប​តែ​រក​បាន ២ គ្រាប់​ម្នាក់​ឯង​នៅ​ការ​ប្រកួត Milan Derby ហើយ​គិត​ពេញ​រដូវ​កាល ២០២០/២១ ​គ្រប់​ការ​ប្រកួត​ទាំង​អស់ គេ​នៅ​តែ​ជា​កីឡាករ​សកម្ម​ដែល​រក​បាន ១៥ គ្រាប់​និង Assist ៧ លើក​នៅ​ការ​បង្ហាញ​ខ្លួន ៣៣ ប្រកួត​ឲ្យ​ក្លឹប។

ខ្សែ​ប្រយុទ្ធ​វ័យ ២៣ ឆ្នាំ​កន្លង​មក​ក៏​ធ្លាប់​មាន​ដំណឹង​ថា​ក្លឹប​កំពូល​នៅ​អង់គ្លេស​ដូច​ជា Man City, Man Utd និង Liverpool ជា​ដើម​ចង់​បាន​ផង​ដែរ ហើយ​កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​ឆ្នាំ ២០២៣ ឯ​ណោះ ប៉ុន្តែ Inter ហាក់​ចង់​បន្ត​ឲ្យ​គេ​ដល់ ២ ឆ្នាំ​ទៅ​មុខ​ទៀត។

បញ្ជាក់​ដែរ​ថា Martinez ត្រូវ​បាន​គេ​ផ្តល់​រហស្សនាម​ថា​ជា “អនាគត Messi ក្នុង​យុគសម័យ​ថ្មី” ដែល​បច្ចុប្បន្ន​គេ​អាច​មាន​តម្លៃ​ផ្ទេរ​ចេញ​ប្រមាណ ៧០ លាន​អឺរ៉ូ។ គេ​ជំនាញ​ការ​លេង​នៅ​តំណែង​ប្រយុទ្ធ​កណ្ដាល ហើយ​បន្ទាប់បន្សំ​នៅ​ប្រយុទ្ធ​ស្លាប៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT