ថ្នាក់ដឹកនាំក្លិបបឹងកេត ស្កាត់ទៅជួបថ្នាក់ដឹកនាំក្លិប Chiangrai United ក្នុងគោលបំណងអ្វី ?

កាលពីថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៨ កន្លងទៅនេះ គេបានឃើញថ្នាក់ដឹកនាំរបស់ក្លិបបឹងកេត ដែលមានអនុប្រធានក្លិប លោក រ៉ាចនាគិត វ៉ាស៊ុណាន់ និងអគ្គលេខាធិការក្លិប លោក បែ មករា បានធ្វើទស្សនកិច្ចផ្លូវការនៅក្លិប Chiangrai United ក្នុងខេត្ត Chiangrai ប្រទេសថៃ។

បើតាមការឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់ក្លិប ដំណើរទស្សនកិច្ចនៅក្លិបក្នុងលីគកំពូលប្រទេសថៃនេះ មានរយៈពេល ២ថ្ងៃ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងក្លិបទាំងពីរ ក៏ដូចជាសិក្សាស្វែងយល់បន្ថែមលើចំណុចសំខាន់ៗដែលអាចញុំាងឱ្យវិស័យកីឡាមួយនេះកាន់តែមានភាពរីកចំរើន។

ក្រោយជួបសំណេះសំណាលជាមួយលោក Mitti Tiyapairat ប្រធានក្លិប Chiangrai United ក្នុងថ្ងៃទីពីរនេះ ក្លិបទាំងពីរបានឯកភាពគ្នាលើចំណុចជាច្រើន ខណៈដែលក្លិបនឹងធ្វើការជម្រាបជូនពិស្តារនាពេលខាងមុខ។

តើគោលដៅចម្បងគឺជាអ្វី ? មូលហេតុអ្វីបានជាក្លិបទាំងពីរជួបគ្នា ?

បើតាមពាក្យចចាមរាមមួយចំនួន កត់សម្គាល់ថា ការធ្វើដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំក្លិបបឹងកេត នៅក្លិប Chiangrai នេះ គឺដើម្បីសិក្សាអំពីវិធីសាស្រ្តគោលក្នុងការសាងសង់កីឡដ្ឋាន ខណៈដែលបច្ចុប្បន្នពួកគេពុំទាន់មានទឹកដីផ្ទាល់ខ្លួននៅឡើយ ហើយនេះគឺជាទិសដៅចម្បងរបស់ក្លិប ក្រោយការចូលមកដឹកនាំដោយប្រធានក្លិបថ្មី កាលពីថ្មីៗនេះ ។

 តើវាអាចជាការចរចារ រវាងកីឡាករ ចាន់ វឌ្ឍនាកា ជាមួយក្លិប Chiangrai United ដែរឬទេ ?
គ្រាដែល វឌ្ឍនាកា បានចូលរួមជាមួយបឹងកេត ក្នុងជើងទីពីរ នៃរដូវកាល ២០១៨ នេះ រូបគេពុំបានបង្ហាញពីគោលជំហរទៅថ្ងៃអនាគតថា នឹងត្រូវទៅជ្រកកោននៅទីណានោះទេ ស្របពេលដែលបច្ចុប្បន្ននេះ Chiangrai United កំពុងជួបបញ្ហាកីឡាករអាស៊ានរបស់ខ្លួន រងរបួសរយៈពេលវែង គឺខ្សែប្រយុទ្ធមីយ៉ានម៉ា Kyaw Ko Ko ដែលនឹងត្រូវសម្រាកព្យាបាលរបួសរហូតចប់រដូវកាលនេះតែម្តង។

អ្វីដែលកាន់តែសំខាន់នោះគឺថា លីគកំពូលថៃ​ នៅរដូវកាល ២០១៩ នឹងបន្ថែមកីឡាករអាស៊ាន ដល់ទៅ ៣រូប ដែលវានឹងបើកឱកាសក្លិបអាចបន្ថែមកីឡាករអាស៊ាន បាន ២រូបបន្ថែមទៀត។

យ៉ាងណាមិញ ព័ត៌មានផ្លូវការពីជំនួបរវាងថ្នាក់ដឹកនាំក្លិបទាំងពីរ នៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT