ម៉ានី ប៉ាគីអៅ សុំ​វ៉ៃ​តែ​ជាមួយ​អ្នក​ឈ្នះ​ខ្សែ​ក្រវាត់ ហើយ​បាន​លុយ​ប៉ុណ្ណេះ​ទើប​ព្រម​ឡើង​សង្វៀន

អ្នក​ប្រដាល់​ល្បី​ឈ្មោះ​នៅ​តំបន់​អាស៊ី និង​ជា​ស្តេច​ប្រដាល់​ប្រចាំ​ប្រទេស​ហ្វីលីពីន​គឺ ម៉ានី ប៉ាគីអៅ បាន​បង្ហើប​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​ចង់​ឡើង​សង្វៀន​សារ​ជា​ថ្មី​ទល់​អ្នក​ប្រដាល់ Terence Crawford ប៉ុន្តែ​សុំ​ទាមទារ​ទំហំ​ទឹកប្រាក់​នៅ​កម្រិត​ដ៏​ច្រើន​មួយ។

អ្នក​ប្រដាល់​មាន​រហស្សនាម PacMan បាន​ខកខាន​ឡើង​សង្វៀន​ប្រកួត តាំង​ពី​ថ្ងៃ​ទី ២០ ​កក្កដា ឆ្នាំ ២០១៩ ដែល​ប្រកួត​កាល​នោះ​លោក​បាន​យក​ឈ្នះ​អ្នក​ប្រដាល់​អាមេរិក Keith Thurman តាម​រយៈ​លទ្ធផល​កាត់​សេចក្ដី​នៅ​ការ​ប្រកួត ១២ វគ្គ។

យ៉ាងណាមិញ​ជាមួយ​ការ​វិល​ត្រលប់​មក​សារ​នេះ បុរស​វ័យ ៤២ ឆ្នាំ​នឹង​មិន​ខ្ជះខ្ជាយ​ពេលវេលា​ជាមួយ​ការ​ប្រកួត​ខ្នាត​តូច​នោះ​ទេ ផ្ទុយ​ទៅ​វិញ​លោក​ចង់​ប្រជែង​ជាមួយ​ម្ចាស់​ខ្សែ​ក្រវាត់ WBO និង​ជា​អ្នក​ប្រដាល់​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​គឺ Crawford ហើយ​ទាមទារ​ចង់​បាន​ទឹក​ប្រាក់​យ៉ាង​ហោច​ណាស់ ៤០ លាន​ដុល្លារ។

ប៉ាគីអៅ​បាន​បញ្ជូន​សំណើ​ខាង​លើ រួចរាល់​ហើយ​ទៅ​កាន់​អតីត​ Promoter របស់​ខ្លួន​គឺ​លោក Bob Arum ហើយ​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន Daily Tribune បែប​នេះ​ថា៖ “ខ្ញុំ​ចង់​វ៉ៃ​ជាមួយ​នរណា​ម្នាក់​ដែល​មាន​ខ្សែ​ក្រវាត់ ហើយ​ពួក​យើង​បាន​ប្រាប់​ទៅ​កាន់ Bob ដោយ​ខ្ញុំ​ត្រូវ​ការ ៤០ លាន​ដុល្លារ ហើយ Crawford ត្រូវ​ការ ១០ លាន​ដុល្លារ ដោយ​ខ្ញុំ​នឹង​វ៉ៃ​ជាមួយ​នរណា​ទាំង​អស់ ដូច​អ្នក​ស្គាល់​ខ្ញុំ​ស្រាប់​ហើយ ខ្ញុំ​នឹង​មិន​រុញរា​ជាមួយ​ការ​ប្រកួតប្រជែង​ទេ មោះ​ចូល​មក”។

ការ​ប្រកួត​នេះ​អាច​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​កាតា ក្នុង​ឆ្នាំ ២០២១ ប៉ុន្តែ​ចំពោះ​កាលបរិច្ឆេទ​ច្បាស់ការ មិន​ទាន់​មាន​ប្រភព​ណា​បង្ហើប​ប្រាប់​នៅ​ឡើយ។

រំឭក​បន្តិច​សម្រាប់ Crawford គឺ​ជា​ម្ចាស់​ខ្សែ​ក្រវាត់ WBO ដែល​លោក​បាន​ឈ្នះ​នៅ​ការ​ប្រកួត​កាល​ពី​ឆ្នាំ ២០១៨ ហើយ​ឆ្លងកាត់​ការ​ឡើង​សង្វៀន ៤ លើក​កន្លង​មក នៅ​តែ​បន្ត​ការពារ​ខ្សែ​ក្រវាត់​បាន​ជា​បន្តបន្ទាប់ តាម​រយៈ​ការ​ផ្តួល​គូ​បដិបក្ខ​ឲ្យ​សន្លប់​មិន​ផុត​ពី​តឹក​ទី ១០ ឡើយ។ ក្នុង​អាជីព​របស់​បុរស​វ័យ ៣៣ ឆ្នាំ សរុប ៣៧ ប្រកួត ឈ្នះ ៣៧ ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់ ២៨ លើក។

បញ្ជាក់​ដែរ​ថា គ្រូ​បង្វឹក​របស់​ប៉ាគីអៅ​លោក Freddie Roach ធ្លាប់​បាន​បង្ហើប​ដែរ​ថា ប៉ាគីអៅ ទំនង​ជា​នឹង​ឡើង​សង្វៀន​តែ ១ ឬ ២ លើក​ទៀត​ប៉ុណ្ណោះ មុន​នឹង​ប្រកាស​ចូល​និវត្ត។ ក្រៅ​ពី​ប្រកួត​ទល់ Crawford សម្រាប់​អ្នក​ប្រដាល់​ហ្វីលីពីន​ក៏​មាន​បំណង​ចង់​សាក​ថ្វី​ដៃ​ជាមួយ​អ្នក​លេង​ក្បាច់​គុណ​ចម្រុះ Conor McGregor មួយ​រូប​ទៀត ​តែ​វា​មាន​ភាគរយ​តិច​ណាស់​ដែល​នឹង​អាច​កើត​ឡើង។

ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​របស់ ប៉ាគីអៅ លោក​ធ្លាប់​ហែលកាត់​ការ​ប្រកួត ៧១ លើក ឈ្នះ ៦២ លើក ស្មើ ២ លើក ចាញ់ ៧ និង​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់ ៣៩ លើក។ បច្ចុប្បន្ន​ក្រៅ​ពី​អាជីព​ប្រដាល់ លោក​ក៏​មាន​មុខ​តំណែង​នៅ​ជួរ​នយោបាយ ដោយ​ជា​ប្រធាន​កិច្ចការ​សាធារណៈ​នៅ​ក្នុង​ព្រឹទ្ធសភា និង​ជា​កង​យោធា​មាន​ឋានៈ​ខ្ពង់ខ្ពស់​មួយ​រូប​ប្រចាំ​ផ្ទៃ​ប្រទេស​ហ្វីលីពីន៕

ប្រភព៖ TheSun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT