សមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) បានបញ្ជាក់ថាពួកគេមិនមានបំណងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2022/ AFC Asian Cup ដែលនៅសល់ក្នុងខែមិថុនាឡើយ។
យោងតាមរបាយការណ៍របស់ Astro Arena FAM មានហេតុផលផ្ទាល់ខ្លួន ដែលពួកគេមិនចង់ធ្វើជាម្ចាស់ផ្ទះដោយយោងទៅលើស្ថានភាពបច្ចុប្បន្ននៃជំងឺរាតត្បាតកូវីដ១៩ ដែលកំពុងរាតត្បាតក្នុងប្រទេស។
អគ្គលេខាធិការ FAM លោក Stuart Ramalingam បានមានប្រសាសន៍ថា៖«បច្ចុប្បន្នវាមិនមែនដោយសារការលំបាកនៅថ្នាក់ក្នុងស្រុកទេ។ យើងត្រូវដឹងថាប្រសិនបើយើងដេញថ្លៃ យើងចាំបាច់ត្រូវមានការបញ្ជាក់អំពីរឿងមួយចំនួន។ ជាមួយនឹងវិធានការបិទការចេញចូលក្នុងប្រទេសយ៉ាងតឹងរឹងដែលបច្ចុប្បន្នកំពុងអនុវត្តន៍ក្នុងស្រុក ខ្ញុំគិតថាប្រទេសម៉ាឡេស៊ីមិនគួរដេញថ្លៃធ្វើជា ម្ចាស់ផ្ទះទេ”។
FAM tiada hasrat jadi tuan rumah aksi Kelayakan Piala Dunia 2022/Piala Asia 2023 selepas baki perlawanan ditunda ke bulan Jun pic.twitter.com/eQvk6rLZgh
— ASTRO ARENA (@ASTROARENA) February 18, 2021
រយៈពេលនៃការដេញថ្លៃដែលត្រូវបានបើកដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នឹងបញ្ចប់នៅថ្ងៃទី ៥ ខែមីនា ហើយការសម្រេចថាតើប្រទេសណានឹងធ្វើជាម្ចាស់ផ្ទះនៃពូល G ដែលនៅសល់នឹងត្រូវគេដឹងនៅថ្ងៃទី ១៥ ខែមីនា។
លោក Stuart បានបន្ថែមទៀតថាការពន្យារពេលនៃការប្រកួតជម្រុះមកដល់ខែមិថុនា ពិតជាបានផ្តល់ភាពកក់ក្តៅដល់ក្រុមជម្រើសជាតិហើយពេលនេះអ្វីដែលសំខាន់នោះគឺក្រុមរបស់លោក Tan Cheng Hoe ត្រូវការរៀបចំខ្លួនយ៉ាងប្រុងប្រយ័ត្នដើម្បីប្រឈមមុខនឹងការប្រកួតដែលនៅសល់។ម៉ាឡេស៊ីនឹងប្រកួតជាមួយវៀតណាម អេមីរ៉ាតអារ៉ាប់រួម និងថៃក្នុងការប្រកួតខែមិថុនា៕