Mourinho ថា Kane ដឹង​ស្ថានភាព​ហើយ​សម្រេច​ចិត្ត​មិន​ចូល​លេង​ខ្លួន​ឯង​យប់​មិញ

មាន​ប្រិយមិត្ត​ជា​ច្រើន​បាន​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​ការ​លេង​របស់ Tottenham Hotspur យប់មិញ បែរ​ជា​អវត្តមាន Harry Kane ហើយ​ដាក់​ Son Heung-min នៅ​តំណែង​ប្រយុទ្ធ​កណ្តាល​ជំនួស?

ជាក់ស្តែង​ទៅ​តាម​ការ​បកស្រាយ​ក្រោយ​ចប់​ការ​ប្រកួត​ពី​សំណាក់​អ្នកចាត់ការ​លោក Jose Mourinho ​បាន​និយាយ​ថា Kane គេ​ដឹង​ស្ថានភាព​របួស​របស់​គេ ហើយ​គេ​សម្រេច​ចិត្ត​ខ្លួន​ឯង​ទេ​ក្នុង​ការ​មិន​ចូលរួម។

បញ្ជាក់​ថា Kane បាន​រង​របួស​នៅ​ការ​ប្រកួត​ទល់ Liverpool កាល​ពី​ខែ​មុន ហើយ​ដោយសារ​បារម្ភ​ខ្លាច​របួស​នោះ​រើ​មក​វិញ ទើប​ទុក​ជើង​ត្រៀម​ខ្លួន​ឲ្យ​បាន​រួចរាល់​សម្រាប់​ការ​ប្រកួត​ចុង​សប្តាហ៍​ទល់ West Ham។

លោក Mourinho និយាយ៖ “Harry បាន​សម្រេច​ចិត្ត​ទៅ​តាម​អារម្មណ៍​របស់​គេ ដែល​គិត​ថា​ការ​លេង​នេះ [នៅ Europa League] គឺ​ជា​ហានិភ័យ​ក្រោយ​ពី​គេ​ទើប​តែ​ជា​ពី​របួស ដោយ​ខ្ញុំ​និង​ក្រុម​គ្រូ​ពេទ្យ​ក៏​យល់​ព្រម​ជាមួយ​គេ ហើយ​ផ្តល់​ឱកាស​ឲ្យ​គេ​មើល​ថែ​ខ្លួន​សិន​ទៅ”។

លោក​បន្ថែម​ថា៖ “គេ​ដឹង​ថា​ខ្ញុំ​ចង់​បាន​គេ​ឲ្យ​លេង​គ្រប់​នាទី​នៃ​ការ​ប្រកួត​ទាំង​អស់ ដោយ​ខ្ញុំ​ចង់​មក​ទី​នេះ​ជាមួយ​ក្រុម​ដ៏​ល្អ​និង​កីឡាករ​ដែល​បោះបង់​ឱកាស​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ខ្ញុំ​ជឿ​ថា​ថ្ងៃ​អាទិត្យ​នេះ​គេ​ត្រៀម​ខ្លួន​រួចរាល់​ហើយ”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT