ឆ្នាំ​ទៅ​ឲ្យ ៦០០ លាន តែ​ពេល​នេះ Man Ctiy សុំ​កាត់ ១៧០ លាន​ផោន​លើ​ការ​ចរចា Messi

ក្លឹប Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បន្ថយ​នៅ​សំណើ​នៃ​ការ​ចរចា Lionel Messi ពី​កញ្ចប់​ប្រាក់ ៦០០ លាន​ផោន​កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​ទៅ មក​ចុះ​ត្រឹម ៤៣០ លាន​ផោន​វិញ​នៅ​ពេល​បច្ចុប្បន្ន​នេះ។

Barcelona ទើប​តែ​ទទួល​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ PSG ៤-១ នៅ​ជើង​ទី ១ UCL ដែល​នាំ​ឲ្យ​អនាគត​របស់ Messi កាន់​តែ​ជា​មន្ទិលសង្ស័យ​ថា​ឆ្នាំ​នេះ​ជា​ការ​លេង​ UCL លើក​ចុង​ក្រោយ​របស់​ខ្លួន​ជាមួយ​អ្នក​មាន​បុណ្យ។

បែប​ណា​មិញ​តាម​របាយការណ៍​ពី The Sun បាន​ចុះ​ផ្សាយ​ថា ក្រុម​មេឃ​ខៀវ Man City ឯ​ណោះ​ក៏​នៅ​តែ​បន្ត​ដុតដៃដុតជើង ចរចា​យក​កីឡាករ​វ័យ ៣៣ ឆ្នាំ​មក​ចូលរួម​នៅ​ពេល​ខាង​មុខ​ដែរ តែ​សារ​នេះ​ក្នុង​កញ្ចប់​ប្រាក់​ពលកម្ម​រយៈ​ពេល ៥ ឆ្នាំ គឺ​ក្លឹប​ផ្តល់​ឲ្យ​តែ ៤៣០ លាន​ផោន​ប៉ុណ្ណោះ ពោល​គឺ​តិច​ជាង​រយៈ​ពេល​មុន ១៧០ លាន​ផោន។

ប្រភព​បន្ត​ថា ក្លឹប​បាន​កាត់​បន្ថយ​ថ្លៃ​ពលកម្ម​នេះ​ក៏​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ដែល​ប្រឈម​នៅ​ពេល​បច្ចុប្បន្ន ហើយ​ដោយសារ​តែ Messi អាច​ចាកចេញ​ឥត​តម្លៃ​ខ្លួន​ផង​ទេ ទើប​ City ហ៊ាន​ចំណាយ​បែប​ហ្នឹង។

នៅ​កិច្ចកុងត្រា​នោះ​គឺ City ចង់​ឲ្យ Messi ចំណាយ​ពេល ២ ឆ្នាំ​នៅ Etihad ជាមួយ​ជម្រើស​បន្ត​​រយៈ​ពេល ១២ ខែ និង ២ ឆ្នាំ​ផ្សេង​ទៀត​នៅ MLS ដែល​មាន​ក្លឹប​កុលសម្ព័ន្ធ​របស់ City គឺ New York City៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT