ម្តង​នេះ​ខ្នាត​ធំ! ក្រុម​បាល់ទាត់ ៥ ណាត់​គ្នា​ប្រកួត​ពាន​រង្វាន់​សប្បុរសធម៌ អម​ដោយ​ការ​ប្រគុំ​តន្រ្តី​ពី​តារា​ល្បីៗ

ក្រុម​បាល់ទាត់ Cambodian Fan Club All Stars ឬ​ហៅ​កាត់ CFA បាន​បង្កើត​កម្មវិធី​សប្បុរសមួយ ដែល​នឹង​ធ្វើ​ឡើង​នៅ​ចុង​សប្ដាហ៍​នេះ ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​បាល់ទាត់​ចំនួន ៤ ផ្សេង​ទៀត មាន​ដូច​ជា Koh Kong All Stars, Pitou FC, Royal Mayura និង ស៊ុប​ពពែ​ពេញ​ចិត្ត ក៏​ដូច​ជា​វត្តមាន​សិល្បករ​ល្បីៗ​ជា​ច្រើន​រូប។​

កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​រួម​គ្នា​រៃអង្គាស​ថវិកា​ដើម្បី​ជួយ​ដល់​បង​ស្រី ជុន សូរ៉ា ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ ហើយ​គ្មាន​លទ្ធភាព​ព្យាបាល និង​កំពុង​ដង្ហោយ​ស្វែងរក​ជំនួយ​ពី​សប្បុរសជន​នានា។

ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សោរ៍ ទី ២០ ​កុម្ភៈ ឆ្នាំ ២០២១ នៅ​ឯ​តារាង AIA Stadium ចាប់​ពី​វេលា​ម៉ោង ០៧:០០ នាទី​ព្រឹក​ត​ទៅ។ អ្នក​គាំទ្រ​ក៏​ដូច​ជា​សប្បុរសជន​ទាំង​អស់​អាច​ចូលរួម​ទស្សនា​បាន​ដោយ​សេរី ឬ​ទស្សនា​តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ VEHA Media។ កម្មវិធី​សារ​នេះ​ខុស​ពី​សព្វមួយដង ដោយ​ក្រៅ​ពី​ការ​ប្រកួត​បាល់ទាត់ អ្នក​គាំទ្រ​ក៏​មាន​ឱកាស​បាន​ជួប​និង​ទទួល​បាន​ការ​កម្សាន្ត​អារម្មណ៍​ជាមួយ​ការ​ប្រគំតន្ត្រី​ពី​សំណាក់​សិល្បករ​ជា​ច្រើន មាន​ដូច​ជា​ក្រុម​តន្រ្តី Suffer Band, ម្ចាស់បទ “អារម្មណ៍សល់” ដា ភ្លេង និង ម្ចាស់បទ “ព្រងើយ” គឺ លោក នូ ឧសភា ជា​ដើម។

គួរ​បញ្ជាក់​ថា នេះ​ជា​លើក​ទី ៤ ហើយ​សម្រាប់​ក្រុម​បាល់ទាត់​ CFA ក្នុង​ការ​ផ្តួចផ្តើម​បង្កើត​កម្មវិធី​សប្បុរសធម៌​ជួយ​ដល់​ជន​ខ្វះខាត។ ជា​ចុង​ក្រោយ​សម្រាប់​ប្រិយមិត្ត​ដែល​ចង់​ចូលរួម​ជា​ថវិកា​គាំទ្រ​ដល់​កម្មវិធី​ខាង​លើ អ្នក​អាច​បរិច្ចាគ​បាន​តាម​រយៈ​គណនី ABA ដែល​មាន​លេខ 001 061 334 ឬ​គណនី ACLEDA ដែល​មាន​លេខ 096 225 0588 ហើយ​ឈ្មោះ​របស់​លោក Aiy Somoun ជា​សម្គាល់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT