គណៈអចិន្ត្រៃយ៍ CAMSOC បន្តពិនិត្យយន្តការការងារ​ និងការទទួលទង់ស៊ីហ្គេម ពីម្ចាស់ផ្ទះ វៀតណាមបន្តមកស៊ីហ្គេមកម្ពុជា

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈ​កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បាន​ដឹកនាំកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដើម្បីបន្តកិច្ចពិភាក្សាលើរបៀបវារៈ​សំខាន់ៗ​ចំនួនពីរ គឺការពិនិត្យ ពិគ្រោះយោបល់លើយន្តការការងារ និងពិនិត្យមើលកម្មវិធី សេនារីយ៉ូ ក្នុងការរៀបចំទស្សនីយភាពវប្បធម៌ទទួលស្វាគមន៍ប្រតិភូ ក្នុងស៊ីហ្គេម នៅ​ប្រទេសវៀតណាម ចុងឆ្នាំ២០២១នេះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC គូសបញ្ជាក់ថា របៀបវារៈចំនួនពីរ​នេះ គឺទី១-ផ្តោតសំខាន់លើប្រសិទ្ធភាពការងារ ឬបញ្ហាប្រឈមរបស់គណៈកម្មការ​ជំនាញ​បានជួបបញ្ហាប្រឈមអ្វីខ្លះ មានសំណូមពរអ្វីខ្លះត្រឡប់មកវិញ ដើម្បីឱ្យគណៈអចិន្ត្រៃយ៍​បានដោះស្រាយជាបណ្តើរៗ ដើម្បីឈានទៅរកប្រសិទ្ធការងារពិតប្រាកដ។ ចំពោះគណៈ​កម្មការជំនាញនីមួយៗត្រូវរៀបចំខ្លួន ទាំងផែនការសកម្មភាពការងារ ការអនុវត្តផែនការ​របស់ខ្លួននូវអ្វីដែលខ្លួនត្រូវធ្វើ និងអ្វីដែលខ្លួនមិនទាន់បានធ្វើ ហើយអ្វីដែលត្រូវសហការជា​មួយ​ដៃគូជំនាញផ្សេងៗទៀត ក្នុងគោលដៅឱ្យមានភាពគ្រប់ជ្រុងជ្រោយឆ្ពោះទៅទទួល​រៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើក​ទី១២ ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ។

ឯកឧត្ដមបានបញ្ជាក់ថា ចាប់ពីពេលនេះ​រហូត​ដល់ពាក់កណ្តាលឆ្នាំ២០២១ គណៈកម្មការជំនាញទាំងអស់នៃ CAMSOC ត្រូវមានលក្ខណៈ​សម្បត្តិក្នុងការយល់ដឹងពីការងាររបស់ខ្លួនឱ្យ​បានរួចរាល់។ ចំពោះរបៀបវារៈទី២ គឺយើង​ត្រៀមការ​ទទួលទង់ស៊ីហ្គេម ពីម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ដែលជា​កម្មវិធីបិទបញ្ចប់ស៊ីហ្គេម លើកទី៣១ ដោយវៀតណាម នឹងផ្ទេរទង់ស៊ីហ្គេមមកម្ចាស់ផ្ទះថ្មី គឺកម្ពុជា ដែលត្រូវធ្វើស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នៅក្នុងកម្មវិធីបិទស៊ីហ្គេម នៅប្រទេស វៀតណាម មានកម្មវិធីជាច្រើន ដែលក្នុងនោះកម្ពុជាត្រូវគោរពទង់ជាតិកម្ពុជា ការបង្ហាញទស្សនីភាពវប្បធម៌ សិល្បៈ កីឡាអត្តសញ្ញាណជាតិខ្មែរ ដូចជារបាំអប្សរា គុន​ល្បុក្កតោ ដើម្បីបើកការស្វាគមន៍ទទួលប្រតិភូ កីឡាករ កីឡាការិនីនៃបណ្តាប្រទេស​អាស៊ានមកស៊ីហ្គេម នៅកម្ពុជាយើង។ ឯកឧត្ដមបានបន្ដថា ពេលនេះយើងទទួលបាន ព័ត៌មាន​ពីម្ចាស់ផ្ទះ វៀតណាម ថា នៅក្នុងពិធីសម្តែងការបង្ហាញការទទួលស្វាគមន៍ ពី ស៊ីហ្គេម នៅវៀតណាមមកស៊ីហ្គេមកម្ពុជានេះ គឺមានរយៈពេលប្រមាណ១៥នាទី និង មានចន្លោះ៥០នាក់។

ជាមួយគ្នានេះ ក្រោយពីទទួលបានទង់ស៊ីហ្គេមនេះហើយ កម្ពុជានឹងមានកម្មវិធី​ជា​ច្រើនជាបន្តបន្ទាប់ដូចជាការរាប់ថយក្រោយបន្តឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣របស់កម្ពុជា មានន័យថា ក្នុងពេលទទួលទង់ស៊ីហ្គេម គឺព្រះរាជាណាចក្រកម្ពុជាទទួលបានសិទ្ធិពេញ​លេញក្នុងការទទួលធ្វើម្ចាស់ផ្ទះ។ ដូច្នេះហើយបានជាយើងបានកំណត់ទិសដៅថា ឆ្នាំ២០២១ គឺជាឆ្នាំចាប់ផ្តើម (Games Operation Time) ស៊ីហ្គេម ឆ្នាំ២០២៣ ហើយនៅក្រោយ​ពេលទទួលទង់នេះ គឺនឹងធ្វើពិធីមួយទៀតនៅកម្ពុជា ដើម្បីបង្ហាញពីការត្រៀមខ្លួនឆ្ពោះ​ទៅ​ស៊ីហ្គេម ឆ្នាំ២០២៣។ លើសពីនេះទៀត នៅដើមឆ្នាំ២០២២ យើងចាប់ផ្តើមប្រជុំក្រុមប្រឹក្សា​កីឡាអាស៊ីអាគ្នេយ៍ និងចាប់ផ្តើមកិច្ចប្រជុំកីឡាធំៗមួយចំនួនទៀត ដើម្បីត្រួតពិនិត្យ​ទៅលើជំនាញនីមួយៗ និងការអនុម័តទៅលើការកំណត់ចំនួនប្រភេទកីឡា វិញ្ញាសានៃ​ប្រភេទកីឡានីមួយៗ។ នៅក្នុងខែកុម្ភៈ ឬខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងនាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងក្លាយទៅជាប្រធានក្រុម​ប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលនឹងដឹកនាំកិច្ចប្រជុំនានា សម្រាប់ដំណើរការស៊ីហ្គេម ឆ្នាំ២០២៣។ ចំពោះកម្មវិធីសំខាន់មួយទៀត គឺកម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំ​អាស៊ាន (ASEAN Submit) ហើយ CAMSOC ក៏នឹងត្រូវធ្វើកិច្ចការឆ្ពោះទៅស៊ីហ្គេម និងអាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ នៅក្នុងពេល កិច្ចប្រជុំអាស៊ាន នេះដែរ ដើម្បីបញ្ជ្រាបការផ្សព្វ​ផ្សាយ និងការគាំទ្របន្ថែមពីថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានាក្នុងអាស៊ានផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT