Pique សុំ​ចូល​ហ្វឹកហាត់​វិញ ដើម្បី​ពន្លឿន​ល្បឿន​ត្រៀម​ខ្លួន​ជួយ​ក្រុម​តតាំង PSG

ការ​ប្រកួត​រវាង​ Barcelona និង PSG នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ឯ​កីឡដ្ឋាន Camp Nou នា​វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក ឈាន​ចូល​ថ្ងៃ​ពុធ​ទី ១៧ ​កុម្ភៈ ហើយ​ក៏​មាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ CTS Sports។

សម្រាប់​ការ​ប្រកួត​ដ៏​កក្រើក​នេះ ​រវាង​ក្រុម​ទាំង​ពីរ​ក៏​បាន​ដឹង​ពី​សមាសភាព​កីឡាករ​សំខាន់​មួយ​ចំនួន​ជា​បណ្តើរៗ​ហើយ​ដែរ​ថា​តើ​នរណា​អាច​អវត្តមាន និង​អាច​ចូល​លេង​ដោយ​ពេញ​ជើង ១០០ ភាគរយ?

ជាក់ស្តែង​សម្រាប់ Barcelona ដែល​ខកខាន​ការ​មក​ចូលរួម​របស់ Gerard Pique ដោយសារ​បញ្ហា​របួស​រយៈ​ពេល​ច្រើន​សប្តាហ៍​មក​នេះ ទី​បំផុត​គេ​បាន​ត្រលប់​មក​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​វិញ​ហើយ​នៅ​ថ្ងៃ​អាទិត្យ។ នេះ​បើ​តាម​សារព័ត៌មាន La Vanguardia បាន​ចុះ​ផ្សាយ។

ជាង​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រភព Marca មួយ​ទៀត​ឯ​ណោះ​វិញ ក៏​ចុះ​ផ្សាយ​ស្រដៀង​គ្នា​ថា​ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ​គេ​បាន​ដំណើរការ​ការ​ហ្វឹកហាត់​យ៉ាង​ល្អ ដោយ​សភាព​នៃ​របួស​ជង្គង់​ទំនង​ជា​ត្រលប់​មក​ដូច​ដើម​វិញ​ហើយ និង​អាច​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ទល់ PSG នៅ​ជើង​ទី ១ នេះ​បាន៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT