[ផ្លូវការ] Bayern Munich យក​បាន Dayot Upamecano ព្រមព្រៀង​លើ​កុងត្រា ៥ ឆ្នាំ

នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ ប្រធាន​គ្រប់គ្រង​ផ្នែក​កីឡា​របស់​ក្លឹប Bayern Munich បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​ថា Dayot Upamecano នឹង​មក​ចូលរួម​នៅ​ក្លឹប​របស់​ខ្លួន​នៅ​រដូវ​ក្តៅ​ខាង​មុខ ក្រោយ​ពី​សម្រេច​ការ​ចរចា​បាន​ដោយ​ជោគជ័យ។

ខ្សែ​ការពារ​កំពុង​ឈរ​ជើង​នៅ​ក្លឹប​បច្ចុប្បន្ន RB Leipzig មាន​ក្លឹប​ធំៗ​ជា​ច្រើន​តាម​ចង់​បាន តែ​ចុងក្រោយ​នៅ​តែ​មិន​អាច​ប្រជែង​ឈ្នះ Bayern Munich។ តាម​ដឹង​កីឡាករ​វ័យ ២២ ឆ្នាំ បាន​មាន​តម្លៃ​ផ្ទេរ​ចេញ ៤០ លាន​អឺរ៉ូ ដែល​វា​ជា​តម្លៃ​ផ្តាច់​កុងត្រា​ចេញ​ពី​ក្លឹប Leipzig ផ្ទាល់​តែ​ម្តង។

ជាមួយ​ក្លឹប​ថ្មី Upamecano ព្រមព្រៀង​លើ​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ ពោល​មាន​សុពលភាព​ដល់​ខែ​កក្កដា ឆ្នាំ ២០២៦ ហើយ​គេ​នឹង​មក​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី ១ ​កក្កដា ឆ្នាំ ២០២១ នេះ។

តាម​ការ​បញ្ជាក់​ពី​លោក Hasan Salihamidzic ជា​ប្រធាន​ផ្នែក​កីឡា​របស់ Bayern បាន​ប្រាប់​ថា៖ “យើង​ពិត​ជា​រីករាយ​ដែល​អាច​ចុះ​ហត្ថលេខា​យក Dayot Upamecano សម្រាប់ FC Bayern Munchen ដោយ​យើង​ជឿ​ថា Dayot គេ​នឹង​ក្លាយ​ជា​សមាជិក​ដ៏​សំខាន់​របស់​ក្រុម​យើង​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​បន្តបន្ទាប់”៕

ប្រភព៖ AF​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT